សម្ដេចតេជោថា ប្រជាជនកម្ពុជាមិនរត់ចេញពីអ៊ីស្រាអ៊ែលក្នុងពេលប្រទេសនេះជួបការលំបាកនោះទេ

អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រជាជនកម្ពុជាដែលរស់នៅប្រទេសអ៊ីស្រាអ៊ែលមិនគួររត់ចេញពីអ៊ីស្រាអ៊ែលក្នុងពេលដែលប្រទេសនេះកំពុងមានបញ្ហានោះទេ ដោយត្រូវរង់ចាំស្ដាប់បញ្ជាពីរដ្ឋាភិបាលអ៊ីស្រាអ៊ែល។

ថ្លែងក្នុងពិធីបិទបញ្ចប់កាមេរ៉ាថតខ្សែភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នារសៀលថ្ងៃច័ន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាគ្មានទម្លាប់រត់ចោលប្រទេសជាមិត្តណាមួយនោះទេ។

«ប្រសិនបើរដ្ឋាភិបាលអ៊ីស្រាអ៊ែលមិនតម្រូវឱ្យយើងចាកចេញទេ! យើងកុំចាកចេញរត់ចោលប្រជាជនអ៊ីស្រាអ៊ែល។ ករណីដូចគ្នានៅប្រទេសនៅប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៣-២០១៤ ឥឡូវនេះករណីកើតឡើងនៅអ៊ីស្រាអ៊ែល ប្រសិនបើរត់ចោលប្រជាជនអ៊ីស្រាអ៊ែលក្នុងពេលដែលប្រជាជនអ៊ីស្រាអ៊ែលជួបការលំបាកថ្ងៃក្រោយកុំចាំបាច់សុំទៅរៀន ឬសុំទៅធ្វើការនៅប្រទេសអ៊ីស្រាអ៊ែលតទៅទៀត»។

សម្ដេចបានឱ្យដឹងថា ទាំងអស់នេះគឺមានករណីដូចគ្នាកាលពីមានករណីផ្ទុះជំងឺកូវីដ-១៩ នៅប្រទេសចិន ដែលពេលនោះសម្ដេចធ្វើដំណើរទៅប្រទេសចិនដើមឆ្នាំ២០២០ ដែលប្រទេសមួយចំនួនយកយន្តហោះទៅដឹកពលរដ្ឋរបស់គេចេញពីប្រទេសចិន តែសម្ដេចតេជោបែរជាធ្វើដំណើរទៅប្រទេសចិនវិញដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនចិន និងជូនសារទៅនិស្សិតកម្ពុជាសូមបន្តនៅជាមួយប្រជាជនចិន។

ជាមួយគ្នានេះអតីតនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវដល់ក្រុមឧទ្ទាមហាម៉ាសនៃប៉ាឡេស្ទីន ដោះលែងចំណាប់ខ្មាំងដែលជាពលរដ្ឋអ៊ីស្រាអែល ហើយក្នុងនោះក៏មានពលរដ្ឋថៃប្រមាណ ១០នាក់ផងដែរ ដោយថាវាគ្មានប្រយោជន៍នោះទេបើគ្រាន់តែចាប់ចំណាប់ខ្មាំងហើយយកទៅសម្លាប់ចោលនោះ។

គួរឱ្យដឹងផងដែរថា ក្រុមហាម៉ាស់បានបើកការវាយប្រហារដោយគ្មានការជូនដំណឹងមុននៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបាញ់រ៉ុកែតរាប់ពាន់គ្រាប់ ជាមួយនឹងការបញ្ជូនទាហានចូលក្នុងទឹកដីអ៊ីស្រាអ៊ែលបាញ់សម្លាប់មិនរើសមុខលើជនស៊ីវិលនិងទាហាន ខណៈមានពលរដ្ឋខ្មែរកំពុងរស់នៅទីនោះប្រមាណ ៤៥០នាក់ភាគច្រើនជានិស្សិតកសិកម្ម និងបានទទួលមរណភាពម្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close