រូបភាព​! កូន​ផ្សោត​កើត​ថ្មី​មួយ​ក្បាល ជា​កូន​ទី​៧ ក្នុង​អន្លង់​ត្បូង​ខ្លា នៅ​ខេត្តស្ទឹងត្រែង

​កូន​ផ្សោត​កើត​ថ្មី​មួយ​ក្បាល ត្រូវបាន​ប្រទះឃើញ​ហែល​ក្នុង​ក្រុម​ហ្វូង​សត្វ​ផ្សោត​ពេញវ័យ​ដែលមាន​ចំនួន​ប្រមាណ​ជា​ប្រាំបី​ក្បាល កាលពីដើម​ខែកញ្ញា ឆ្នាំ​២០២៣​នេះ ក្នុង​អន្លង់​ត្បូង​ខ្លា ស្ថិតនៅ​ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ដោយ​ក្រុមការងារ​ស្រាវជ្រាវ​និង​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល និង​អង្គការ​WWF ខណៈ​កំពុង​បំពេញការងារ​ចុះ​អង្កេត​ស្ថានភាព​សត្វ​ផ្សោត​ទន្លេមេគង្គ​។

​បន្ទាប់ពី​បាន​ប្រទះឃើញ​នូវ​វត្តមាន​នៃ​កូន​សត្វ​ផ្សោត​ថ្មី​នោះ​ក្រុមការងារ​ក៏បាន​ធ្វើការ​អង្កេត​ពី​សកម្មភាព​ក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ​ដែលមាន​កូនតូច​នៅ​ជាមួយ និង​បាន​ថតរូប​កូន​ផ្សោត​ថ្មី​នោះ​ជាមួយ​មេ​រប​ស់វា​។ តាម​ការពិនិត្យ​អង្កេត​ជាក់ស្តែង​ពី​ក្រុមការងារ ឃើញថា​ពុំមាន​ការយាយី​ពី​សត្វ​ផ្សោត​ធំ​លើ​កូន​ផ្សោត​ឡើយ​។

​កូន​ផ្សោត​ដែល​បាន​ប្រទះឃើញ​ថ្មី​នេះ​គឺជា​កូន​ផ្សោ​តទី​ប្រាំពីរ​ហើយ ដែល​ត្រូវបាន​កត់ត្រា​ថា​បានកើត​នៅក្នុង​ឆ្នាំ​២០២៣ ចាប់ពី​ខែមករា ដល់​ថ្ងៃទី​០២ ខែកញ្ញា​។

​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបាន​ចាត់ទុកថា​ជា​រតនសម្បត្តិ​ជាតិ​មានជីវិត​របស់​កម្ពុជា ហើយ​ជា​ប្រភេទ​ផ្សោត​មួយ​ប្រភេទ​ស្ថិតក្នុង​ចំណោម​៦​ប្រភេទ​នៃ​សត្វ​ផ្សោត​ទឹកសាប​កម្រ​បំផុត​ដែល​នៅ​សេសសល់​ក្នុង​ពិភពលោក​។ វត្តមាន​របស់​សត្វ​ផ្សោត​នេះ​ជា​កត្តា​ចង្អុលបង្ហាញ​មួយ​អំពី​គុណភាព​ធនធាន​ជលផល និង​គុណភាព​ទន្លេ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ជីវៈចម្រុះ ប្រព័ន្ធ​បរិស្ថាន​ធម្មជាតិ​ដែល​ផ្តល់នូវ​សេវាកម្ម​អេកូឡូស៊ី​ក្នុងការ​ទ្រទ្រង់​ជីវិត​របស់​មនុស្ស និង​ជីវភាព​របស់​សហគម​ន៍​មូលដ្ឋាន​តាមរយៈ​វិស័យ​ទេសចរណ៍​ផងដែរ​។ សូម​រួមគ្នា​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​កំពុង​រស់រាន ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន និង​បរិស្ថាន​ធម្មជាតិ​!​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close