មេ​ឈ្មួញ សឹង សំអុល​ សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែកយ៉ា​ងពេញបន្ទុក ម៉ាសេរី ខ​ណះស​មត្ថកិច្ចពាក់ព័ន្ធក្នុងខេ​ត្តមណ្ឌលគិរីត្រូវយ័ន្តអាមេរិចបិទភ្នែក

ខេត្តមណ្ឌលគិរី ៖ តាមប្រភពរាយការណ៍ ពីខេត្តមណ្ឌលគិរីបានឲ្យដឹងថាក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ របស់ឧកញ៉ា សឹង សំអុល បានធ្វើសកម្ម ភាពដឹកឈើប្រណីតចេញពីស្រុកកោះញែក ចំនួន១៣ រថយន្ត(យីឌុប)ធុនធំកាលពីយប់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ។

ប្រភពដដែលបន្តថា នៅវេលាម៉ោង ០៦៖៣០នាទីល្ងាច ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨ រថយន្តយីឌុបចំនួន ០៥គ្រឿងដែលត្រូវគេស្គាល់ថាជារបស់មេឈ្មួញ សឹង សំអុល បានដឹកឈើចេញពីស្រុកកោះញែក ទៅស្រុកយួន ហើយរថយន្តមួយចំនួនទៀតគេឃើញចេញទៅស្រុកយួនតាមច្រកព្រំដែន ស្រុក កែវសីមា ខេត្តមណ្ឌលគិរី និងច្រកត្រពាំងស្រែ-វ៉ាលឺ ស្រុកស្នួល ខេត្តក្រចេះ ។ ល។

សកម្មភាពទាំងនេះអាចដំណើរការបានគឺមានការឃុបឃិតបើកដៃពីសមត្ថកិច្ចជាច្រើនស្ថាប័ននៅតាមដងផ្លូវ ក៏ដូចជាសមត្ថកិច្ចជំនាញតាមច្រកព្រំដែនគឺគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានតែប៉ុណ្ណោះ ។ បើតាមប្រភពឲ្យដឹងទៀតថា រថយន្តយីឌុប ០៥ គ្រឿងដឹកឈើចេញពីស្រុកកោះញែក គឺជារបស់មេឈ្មួញ សឹង សំអុល ដែលល្បីល្បាញខាងបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក យូរមកហើយ។

ប្រភពស្និទ្ធនឹងមេឈ្មួញ សឹង សំអុល បានឲ្យដឹងថា បច្ចុប្បន្នមេឈ្មួញម្នាក់នេះជាមន្ត្រីអាវុធហត្ថ ហើយនៅតែបន្ត សកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី យ៉ាងពេញបន្ទុកធ្វើឲ្យព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច តំបន់អន្ទ្រង និងតំបន់ដែនជម្រកសត្វព្រៃស្រែពក កំពុងប្រឈមនឹងសេចក្ដីវិនាសដោយឡែក លោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មណ្ឌលគិរី និង លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី រងការរចោទថាជាអ្នកបើកដៃនិងល្បីខាងប្រព្រឹត្តអំពើពុករលួយ ។

មន្ត្រីរអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានអះអាងថា ក្នុងខេត្តមណ្ឌលគិរីមានក្រុមហ៊ុន ២ កាប់បំផ្លាញព្រៃឈើ។ បើទោះបីក្នុងទីតាំងក្រុមហ៊ុនម៉ាស្ទ័រខេសាន់ និងក្រុមហ៊ុនលឹម រ៉ូយ៉ាល់ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មបន្តទៀតយ៉ាងណាក៏ដោយ ក៏មេឈ្មួញ សឹង សំអុល(ក្រុមហ៊ុនម៉ាស្ទ័រខេសាន់) និងតាសក់ស( ក្រុមហ៊ុន លឹម រ៉ូយ៉ាល់)នៅតែមានឈើដឹកចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដដែល ។ពាក់ព័ន្ធករណីខាងលើនេះសារព័ត៌មានយើងព្យាយាមទំនាក់ទំនងទៅអ្នកពាក់ព័ន្ធដែរតែមិនអាចទាក់ទងបានទេ។

គួររំលឹកផងដែរថាសម្តេចក្រឡាហោម បានព្រមានដក តំណែង ស្តីបន្ទោស លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ម្តងរួចហើយកាលពីថ្មីៗកន្លងទៅនេះដែលមិនបង្ក្រាបបទល្មើសព្រៃឈើ ។ ក្នុងនោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា បើអភិបាលខេត្តមណ្ឌលគិរី មិនបង្ក្រាបបទល្មើសព្រៃឈើ ដោយបណ្តែតបណ្តោយឲ្យក្រុមឈ្មួញបន្ត នាំអនុផលព្រៃឈើទៅលក់នៅប្រទេសជិតខាងដោយរលូននោះអាចប្រឈមមានបញ្ហានិងការដកតំណែង។ មានប្រសាសន៍លើកឡើងខាងលើនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ និងទិសដៅភារកិច្ចអនុវត្តន៍បន្ត កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង ។ សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា បទល្មើសព្រៃឈើ នៅតែបន្តកើតមាន នៅក្នុងទឹកដីខេត្តមណ្ឌលគិរី ។

ដែលសកម្មភាពកាប់ឈើនេះ ត្រូវបានក្រសួងបរិស្ថាន ថតរូបភាពពីលើអាកាស បន្ថែមលើសេចក្តីរាយការណ៍ផងដែរ ។

សូមបញ្ជក់ផងដែរថាកន្លងមក តំបន់ អូរហ៊ុច ជាទីតាំងជួញដូរបទល្មើសឈើប្រណិតជាច្រើន រហូតដល់ជាប់ពាក់ព័ន្ធជាមួយមន្ត្រីតូចធំ នៅក្នុងខេត្តមណ្ឌលគិរី ដូចសម្លកំពឹសនិងមានការបង្រ្កាបម្តងរួចហើយ។ ប៉ុន្តែពេលនេះ ទីតាំងនេះនៅតែមានបទល្មើសព្រៃឈើ កើតមានជាដដែល ។

ជាពិសេសទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពេលកន្លងទៅថ្មីៗនេះ បានដាក់បទបញ្ជាឱ្យតាមដានមើលឧកញ៉ាណាខ្លះដែលមានឈ្មោះមិនល្អ ក្នុងសកម្មភាពកាប់បំផ្លាញព្រៃនោះ។

សម្តេចតេជោ ហ៊ុន សែន បានលើជាឧទាហរណ៍ថា «ឧកញ៉ានេះ ឧកញ៉ានោះ កាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តឧត្តមានជ័យ ព្រះវិហារ ឬក្រចេះ មណ្ឌលគិរី រតនគិរី…..ប៉ុន្តែនាំទិញអំណោយតិចតួចទៅចែកជួនពលរដ្ឋនៅតំបន់ដើម្បីយកមុខមាត់ អានឹងត្រូវតែស្រង់ប្រវត្តិរូបឱ្យបាន ព្រោះវាបំផ្លាញព្រៃឈើច្រើន ណាស់»។

ទោះជាមានបទបញ្ជាដ៏ក្តៅគគុកបែបណាក៏គ្មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើបានដែរ ព្រោះជាឆ្នាំងបាយ មន្ត្រីថ្នាក់ក្រោមកំពុងនាំគ្នាប្រមូលផលប្រយោជន៍ពីបទល្មើសនេះ ។

មជ្ឍដ្ឋានសង្គមមួយចំនួនបាននិយាយចំៗថា បើចង់បញ្ឈប់ការកាប់បំផ្លាញព្រៃឈើបានមានតែវិធីម្យ៉ាងទេដែលស្រួលមិនពិបាក គឺបណ្តោយឱ្យកាប់ នៅពេលអស់ឈើកាប់គឺឈប់ឯងហើយ ។

មហាជនបានដាក់ជាសំណួរថា តើលោកផ្កាយ១ គង់ ក្រឹង ទទួលងារជាឧកញ៉ា និងមានទ្រព្យសម្បត្តិស្តុក្ភស្តម្ភដូចរាល់ថ្ងៃនេះដោយសារមុខរបរអ្វីខ្លះក្រៅពីធ្វើជំនួញឈើ(ឧក្រិដ្ឋកម្មព្រៃឈើឆ្លងដែនដោយខុសច្បាប់)? ។

តើលោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរតែស៊ើបអង្កេត លោក គង់ ក្រឹង ដែលមានទ្រព្យសម្បត្តិដ៏មហាស្រាលនេះទេ? ។ ពាក់ព័ន្ធករណីខាងលើនេះដែរយើងធ្លាប់បានទំនាក់ទំនងទៅអ្នកពាក់ព័ន្ធដែរតែបានត្រឹមតែប្រើពាក្យមិនសមរម្យ ពេលខ្លះឆ្លើយរវល់ ខ្លះមិនលើកទូរស័ព្ទ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close