សន្តិសុខទេព បូព្រឹក្ស ប្តឹងបុរសជះស្រាបៀរដាក់ និងបុគ្គលពាក់ព័ន្ធ៣នាក់ទៀត ក្នុងសំណង១០ម៉ឺនដុល្លារ

(ភ្នំពេញ) កញ្ញា ទេព បូព្រឹក្ស បានសម្រេចដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ករណីបុរសម្នាក់ជះស្រាបៀរលើនាង ខណៈនាងកំពុងច្រៀង នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

គួររំលឹកដែរថា នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ជះស្រាបៀរដាក់នាង នៅចំណុចភោជនីយដ្ឋាន «សមុទ្រ» នៅតាមបណ្ដោយផ្លូវ១១៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានដាក់ពាក្យបណ្តឹងហើយកញ្ញា ទេព បូព្រឹក្ស បានឲ្យដឹងថា នាងបានដាក់ពាក្យបណ្តឹងទៅលើបុគ្គល៤រូបរួមមាន៖ បុរសដែលបានជះស្រាបៀរមកលើនាង, ម្ចាស់ហាង «សមុទ្រ», អ្នករៀបចំកម្មវិធី និងស្ត្រីដែលអះអាងថា ជាម្តាយរបស់ជនបង្ក ដែលបានទះកំផ្លៀង មកលើអ្នករាំរបស់ខ្លួនចំនួន៣កំផ្លៀងពេញទំហឹង ដោយទាមទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារអាមេរិក។

សំណងជំងឺចិត្ត១០ម៉ឺនដុល្លារអាមេរិកនេះ នឹងត្រូវយកទៅបរិច្ចាគឲ្យទៅមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រាជាដើម។ នេះបើតាមការបញ្ជាក់បន្ថែមពីកញ្ញា ទេព បូព្រឹក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close