៦​កន្លែង​ទៅ​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ខាងមុខនេះ​

​អ្នក​ធ្លាប់​ទៅលេង​ខេត្តមណ្ឌលគិរី​ច្បាស់​ជា​ដឹង​ហើយ​ថា ចុងឆ្នាំ​ជា​ពេលវេលា​ដ៏​សក្តិសម​បំផុត​ក្នុងការ​ទៅលេង​នៅ​ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា​យើង ព្រោះ​មាន​អាកាសធាតុ​ត្រជាក់​ល្អ និង​មិនមាន​ភ្លៀង ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅមក​។ ថ្ងៃនេះ​យើង​នឹង​នាំ​អ្នក​ទាំងអស់គ្នា​ឲ្យ​បាន​ស្គាល់​កន្លែង​ដើរលេង​មួយចំនួន ដែល​ខ្លះ​លាក់ខ្លួន​ក្នុងព្រៃ តែមាន​សម្រស់​ស្រស់ស្អាត​មែនទែន​។​

១. ភ្នំ​ដោះ​ក្រមុំ​
​ស្ថិតនៅ​ក្បែរ​នឹង​កណ្តាល​ក្រុង​ផ្ទាល់ ភ្នំ​ដោះ​ក្រមុំ​ជា​កន្លែង​ដែល​មិនគួរ​រំលង​ពេល​ទៅលេង​មណ្ឌលគិរី ដោយហេតុ​ទីនេះ​ជា​កន្លែង​សក្តិសម​បំផុត​សម្រាប់​មើល​ថ្ងៃ​លិច និង​ទេសភាព​ក្រុង​សែន​មនោ​រម្យ​ពី​ចម្ងាយ​ផងដែរ​។ ភ្នំ​ដោះ​ក្រមុំ​គឺជា​បូជនីយដ្ឋាន​ទេសចរណ៍​មួយ​នៅក្នុង​ខេត្តមណ្ឌលគិរី​ដែល​ជនជាតិភាគតិច និង​ខ្មែរ​ធ្វើការ​គោរពបូជា​តាម​ជំនឿ​ទំនៀមទម្លាប់​របស់​ពួកគេ​។​

២. ទឹកធ្លាក់​លែង​អង លែង​ឃិន​
​លាក់ខ្លួន​ក្នុង​តំបន់​អូ​រាំង​នៃ​ខេត្តមណ្ឌលគិរី ទឹកធ្លាក់​នេះ​មាន​សម្រស់​ស្រស់ស្អាត និង​ប្លែក​ពី​ទឹកធ្លាក់​ផ្សេងៗ ដោយមាន​ដំណាក់​ទី​១​ហៅថា លែង​អង និង​ដំណាក់​ទី​២ ហៅថា​លែង​ឃិន​។ នៅពេល​យើង​ធ្វើដំណើរ​ចូលទៅ​ទីនោះ​ផងដែរ យើង​នឹង​ឆ្លងកាត់​ទេសភាព​វាលស្មៅ​ដែល​អម​សងខាង​ផ្លូវ​យ៉ាង​វែង​ផងដែរ​។​

៣. ភូមិ​ពូ​តាំង​
​ភូមិ​ពូ​តាំង មាន​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ ពី​រង្វង់​មូល​គោព្រៃ នៃ​ក្រុង​សែន​មនោ​រម្យ​។ នៅទីនេះ ភ្ញៀវ​ទេសចរណ៍​អាច​ស្វែងយល់​ជីវភាព​រស់នៅ​ជនជាតិ​ភូមិ​ពូ​តាំង ភ្លក់​រសជាតិ​ស្រា​ឪ​ទិន បោះតង់ និង​សាក​អាហារ​របស់​បងប្អូន​ជនជាតិ​ផងដែរ​។​

៤. ទឹកជ្រោះ​ប៊ូ​ស្រា​
​នៅពេល​និយាយ​ពី​ខេត្តមណ្ឌលគិរី គេ​តែង​នឹកឃើញ​ទឹកធ្លាក់​ប៊ូ​ស្រា​ជាមិនខាន ក៏​ព្រោះតែ​ទីនេះ​ជា​គោលដៅ​ទេសចរណ៍​សំខាន់ និង​មាន​ទេសភាព​ស្រស់ស្អាត​ក្នុងការ​ទៅ​កម្សាន្ត​។ អ្វីដែល​ពិសេស​នោះ​គឺ ការធ្វើដំណើរ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​សែន​មនោ​រម្យ​ត្រឹម ៣៨​គីឡូម៉ែត្រ​។ នៅ​ទីនោះ ភ្ញៀវ​ទេសចរណ៍​អាច​សម្រាក​ទទួលទាន​អាហារ​ថ្ងៃត្រង់ និង​លេង​ទឹកធ្លាក់​ផងដែរ​។​

៥. អណ្តូង​ស្នេហ៍​
​អណ្តូង​ស្នេហ៍ មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ដាក់​ដាំ ដែលមាន​ចំងាយ​ប្រមាណ​២២ គីឡូម៉ែត្រ​ពី​រង្វង់​មូល​គោព្រៃ ដោយ​ផ្លូវ​ទៅកាន់​កន្លែង​កម្សាន្ត​នេះ​មាន​ភាពងាយស្រួល​ដោយ​វា​ជាប់​ហ្នឹង​ផ្លុ​វ​ធំ​ស្រាប់​។ ទីនេះ​ជា​ទួល​ខ្ពស់​ដែល​យើង​អាច​ឡើងទៅ​គយគន់​ទេសភាព​ព្រៃភ្នំ និង​ផ្លូវ​កាច់​កោង​ចេញ​ជា​រាង​អក្សរ S ផងដែរ​។

៦. ភ្នំ​ណាំ​លៀ​
​ជា​រមណីយដ្ឋាន​ប្លែក​មួយ​ក្នុង​ខេត្តមណ្ឌលគិរី និង​ប្រទេស​កម្ពុជា ភ្នំ​ណាំ​លៀ​ជា​ភ្នំ​ថ្ម​លាក់ខ្លួន​នៅ​កណ្តាល​ព្រៃ ដែល​ពេល​យើង​ដើរ​ឡើង​ទៅលើ យើង​អាច​ទស្សនា​ទេសភាព​ព្រៃ​ព័ទ្ធជុំវិញ​ទីនោះ​ផងដែរ​។
​ហើយ​ប្រសិន​បងប្អូន​ទៅលេង​ខេត្តមណ្ឌលគិរី ចង់បាន​កន្លែង​គេង​ដែល​ស្អាត និង​សេវាកម្ម​ល្អ កុំ​ភ្លេច ភី​ដូ​ម៉ា​រី​ស៊​ត មាន​ស្ថិត​ក្បែរ​ក្រុង ព្រមទាំង​អាច​ទស្សនា​ថ្ងៃ​លិច និង​ថ្ងៃ​រះ​បាន​ទៀតផង​៕

​ប្រភព​៖ ក្រសួងទេសចរណ៍​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close