ជើងហោះហើរ​ពី​ទីក្រុង​ស៊ា​ង​ហៃ ត្រូវ​ពន្យារពេល​ ដោយមានការព្រមាន​ពី​អ័ព្ទ​ផ្សែង​ក្រាស់​លើ​ខេត្ត​មួយចំនួន

អ័ព្ទ​ផ្សែង​យ៉ាង​ក្រាស់​កំពុង​គ្របដណ្តប់​លើ​ខេត្ត​មួយចំនួន​របស់​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់ និង​នាំ​ឲ្យ​មានការ​បិទផ្លូវ​ហាយវ៉េ ពន្យារពេល​ជើងហោះហើរ​ពី​ទីក្រុង​ស៊ា​ង​ហៃ ហើយ​មន្ត្រី​ឧតុនិយម​ក៏​បានចេញ​ការព្រមាន និង​សេចក្តីណែនាំ​ជាច្រើន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែមករា ឆ្នាំ​២០២៤​។​

​មជ្ឈមណ្ឌល​ឧតុនិយម​ជាតិ បាន​ឲ្យ​ដឹងថា អ័ព្ទ​ក្រា​ស់បាន​ជះឥទ្ធិពល​លើ​ខេត្ត Shandong, Hubei, Hunan, Jiangxi និង Fujian ជាមួយនិង​កម្រិត​អាច​មើលឃើញ​ក្រោម ២០០​ម៉ែត្រ ខណៈ​ផ្នែក​ខ្លះ​នៃ​ភាគខាងត្បូង​ខេត្ត Jiangsu និង​ភាគខាងត្បូង​នៃ​ខេត្ត Anhui មាន​កម្រិត​អាច​មើលឃើញ​ក្រោម ៥០​ម៉ែត្រ​។ មន្ត្រី​តាមដាន​អាកាសធាតុ​បានចេញ​ការព្រមាន​ពណ៌​លឿង និង​ទឹកក្រូច​សម្រាប់​ផ្សែង​អ័ព្ទ ចាប់ពី​ម៉ោង ៧ និង​៤៥​នាទី​ព្រឹក (​ម៉ោង​ក្នុង​តំបន់​)​។ អ័ព្ទ​នេះ​នឹង​បន្ត​កើតឡើង​ពាសពេញ​តំបន់​រហូតដល់​ថ្ងៃ​សុក្រ​នេះ​។​

​ទូរទស្សន៍ CCTV បាន​រាយការណ៍​ថា ផ្នែក​ខ្លះ​នៃ​ខេត្ត Anhui ត្រូវ​ចេញ​ការព្រមាន​ពណ៌​ក្រហម​ដែលជា​កម្រិត​ធ្ងន់ធ្ងរ​បំផុត ហើយ​ផ្លូវ​ហាយវ៉េ​នានា​ត្រូវ​បិទ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​។ នៅក្នុង​ទីក្រុង Nanjing រដ្ឋធានី​របស់​ខេត្ត Jiangsu ទីតាំង​ជាច្រើន​ក៏បាន​រង​នូវ​ឥ​ទ្ធ​ពិល​នៃ​អ័ព្ទ​ក្រាស់ៗ រំខាន​ដល់​សេវា​ដឹកជញ្ជូន​សាធារណៈ​ក្នុង​កម្រិត​ផ្សេងៗ​គ្នា​។ បើតាម App តាមដាន​ការហោះហើរ FlightView មានការ​ពន្យារពេល ឬ​បង្វែរ​ទិសដៅ​នៃ​ជើងហោះហើរ​ជាច្រើន​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ Shanghai Pudong ក្នុង​រយៈពេល​បី​ម៉ោង​ចុង​ក្រោយនេះ​ដោយសារ​តែមាន​អ័ព្ទ​ក្រាស់​។​

​គួរ​បញ្ជាក់ថា ប្រព័ន្ធ​ព្រមាន​អំពី​អ័ព្ទ​ក្រាស់​របស់​ចិន ចែកចេញជា ៣​កម្រិត ដោយ​ពណ៌​ក្រហម​គឺ​ធ្ងន់ធ្ងរ​ច​បំផុត បន្ទាប់មក​គឺ​ពណ៌​ទឹកក្រូច និង​ពណ៌​លឿង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close