គយកម្ពុជា បង្ក្រាបបំណែកសាច់នាំចូលខុសច្បាប់ជាង ៤តោន

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ក្រាបបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ករណី ស្មើនឹង៤,៥៥០គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។

*ករណីទី១៖ បំណែកសាច់ក្របីបង្កកចំនួន ៣,៥០០គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពេីរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីរាជអាវុធហត្ថ បង្ក្រាបបាន និងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ៣ គ្រឿង បង្កប់ជាមួយទំនិញផ្សេង នាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ សាច់បង្កកខុសច្បាប់នេះ នឹងត្រូវដុតកម្ទេចនៅថ្ងៃស្អែក។

*ករណីទី២៖ ជើងទា ពោះគោ ជើងជ្រូក និងគ្រឿងក្នុងជ្រូក ចំនួន ១,០៥០គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រា វនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល និងមន្ត្រីរាជអាវុធហត្ថ ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាបនិងដកហូតពីឈ្មួញដែលដឹកជញ្ជូនដោយរ៉ឺម៉កម៉ូតូនាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close