សេដ្ឋកិច្ច

មន្រ្តីកាំកុងត្រូល ចុះបិទសិប្បកម្មអំបិលមួយកន្លែង នៅខណ្ឌព្រែកព្នៅ ក្រោយពិនិត្យឃើញថា គ្មានច្បាប់អនុញ្ញាត និងគ្មានអនាម័យ

(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសាខារាជធានីភ្នំពេញ និងមន្រ្តីមន្ទីរពិសោធន៍ សហការជាមួយមន្ទីរពាណិជ្ជកម្ម, មន្ទីរឧសហ្សាកម្ម នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ បានចុះបិទសិប្បកម្មអំបិលមួយកន្លែង នៅខណ្ឌព្រែកព្នៅ ក្រោយពិនិត្យឃើញថា គ្មានច្បាប់អនុញ្ញាត និងគ្មានអនាម័យ។

ប្រតិបត្តិការនេះបានធ្វើឡើង ដោយយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋថា មានសិប្បកម្មអំបិលអ៊ីយ៉ូដ ចំនួន០២ទីតាំងនៅទីនោះ បានបើដំណើរការសង្ស័យគ្មានច្បាប់ និងគ្មានអនាម័យ។

លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូវផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំមន្ត្រីចុះផ្ទាល់បានឲ្យដឹងថា សិប្បកម្មពីរទីតាំងខាងលើនេះរួមមាន៖

*ទី១៖ សិប្បកម្មអំបិលស្ថិតនៅផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រុមការងារបានត្រួតពិនិត្យ និងពិសោធន៍ឃើញមានអំបិលអ៊ីយ៉ូដម៉ត់ជាតិអីយ៉ូដ៩០PPM (លើសអ៊ីយ៉ូដ), អំបិលគ្រោះគ្មានជាតិអ៊ីយ៉ូដ។ ក្រោយពីការត្រួតពិនិត្យឃើញថា សិប្បកម្មនេះពុំមានច្បាប់ គ្មានអនាម័យ ទើបគណៈកម្មការសំរេចឲ្យផ្អាកបណ្តោះអាសន្នឲ្យម្ចាស់ធ្វើច្បាប់ និងរៀបចំ អនាម័យឲ្យបានល្អ។

*ទី២៖ ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បានពិសោធន៍អំបិលមាន អំបិលអ៊ីយ៉ូដម៉ត់ មានជាតិអ៊ីយ៉ូដ២០PPM (ខ្វះជាតិអ៊ីយ៉ូដ), អំបិលគ្រោះមានជាតិអ៊ីយ៉ូដ៧០PPM ក្រោយពីការត្រួតពិនិត្យ ឃើញថា សិប្បកម្មនេះមានច្បាប់និងធ្វើការណែនាំផ្នែកអនាម័យឲ្យបានល្អហើយ ឲ្យដំណើរការធម្មតា និងយកគំរូមួយចំនួនបញ្ជូន ទៅមន្ទីរពិសោធនែអគ្គនាយកដ្ឋានកាំកុងត្រូល។

លោក គង់ វុទ្ធី បានបន្តថា ចំពោះសកម្មភាពទាំងនេះ គឺអនុវត្តន៍ទៅតាមការណែនាំរបស់ប្រធានប្រតិភូរាជរដ្ឋ ភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានកាំកុងត្រូលរាជធានីភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close