ការ​តាំង​ពិព័រណ៍​បង្ហាញ​ផលិតផល​ខ្មែរ​ ក្នុង​ឱកាស​ប្រារព្ធទិវា​ជ័យជំនះ​ខួប​លើក​ទី​៤០​ ថ្ងៃ​៧មករា​

កំពង់ចាម: ដើម្បីចូលរួមអបអរសាទរទិវាជ័យជំនះខួបលើកទី៤០ ថ្ងៃ៧មករាឆ្នាំ១៩៧៩ ថ្ងៃ៧មករាឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តកំពង់ចាម បានធ្វើការជម្រុញជួយរកទីផ្សារលក់ផលិតផល ដែលកសិករ សិប្បករយើងផលិតបាន គឺដើម្បីលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា និងកាត់បន្ថយការធ្វើចំណាកស្រុកផងនោះ មន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំពិធីតាំងពិព័រណ៍ផលិតផលខ្មែរ រយៈពេល៥ថ្ងៃ ដោយពិធីកាត់ខ្សែបូរបើកសម្ពោធឲ្យដំណើរការ ត្រូវបានប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចកោះពេជ្រ ក្រោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ក្រោមអធិបតីភាពឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមព្រឹក្សាខេត្ត ហើយក៏មានការដាក់តាំងបង្ហាញសមិទ្ធផលតាមបណ្ដាក្រុង-ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយ ផងដែរ។

លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មស្តីទី បានឲ្យដឹងថា ការដាក់តាំពិព័រណ៍បង្ហាញសមិទ្ធផល និងផលិតផលខ្មែរ ដើម្បីចូលរួមអបអរសាទរទិវាជ័យជំនះខួបលើកទី៤០ ថ្ងៃ៧មករាឆ្នាំ២០១៩នេះ មន្ទីរពាណិជ្ជកម្មខេត្ត ក៏ដូចជាអាជ្ញាធរខេត្តកំពង់ចាម បានរៀបចំជាទ្រង់ទ្រាយធំជាងបណ្តាឆ្នាំមុនៗ ហេីយនេះក៏ជាលើកទី៤ហើយ ដោយមានអ្នកចូលរួមដាក់តាំងពិព័រណ៍គ្រប់ប្រភេទជិត២០០ស្តង់ ក្នុងនោះមានការដាក់តាំងបង្ហាញពីស្នាដៃ សមិទ្ធផល និងផលិតផលរបស់មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុង ស្រុកទាំង១០របស់ខេត្ត មានចំនួន៣៨ស្តង់ និងសម្រាប់បង្ហាញពីផលិតផលខ្មែរមានចំនួន៥៨ស្តង់ ព្រមទាំងផលិតផលគ្រប់ប្រភេទមានចំនួន៧០ស្តង់ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញទស្សនាតាមស្តង់ដាក់តាំងពិព័រណ៍គ្រប់ៗស្តង់ និងបានសាកសួរសុខទុក្ខដល់បងប្អូនអាជីវករ ដែលទាំងអស់អោយមានសេចក្តីសុខនិងខិតខំបង្កបង្កើនផលិតផលបន្តែមទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close