ដូចជាលើកមុន ក្នុងពេលត្រៀមជួបជាមួយលោកត្រាំ គីមជុងអ៊ុន តែងតែទៅកាន់ប្រទេសចិន ដើម្បីប្រឹក្សា

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលនេះរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន ត្រូវបានគេចាត់ទុកថា ដើម្បីប្រឹក្សាពីគោលនយោបាយសំខាន់ៗបន្តទៀត មុនជំនួបជាមួយប្រធានាធិបតីអាមេរិកដូណាលត្រាំ ។ សកម្មភាពខាងលើ បានបង្ហាញយ៉ាងច្បាស់ ថា នឹងធ្វើអ្វីទៅតាម ការណែនាំរបស់ រៀមច្បង ក្នុងបញ្ហាបរមាណូកូរ៉េខាងជើង ។

អ្នកឯកទេសវិភាគមកពីក្រសួងការពារជាតិ អាមេរិក បានលើកឡើងថា មូលហេតុដែលមេដឹកនាំកូរ៉េខាងជើង ជុងអ៊ុន បំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិនដោយមិនគ្រោងទុក គឺជាប់ពាក់ព័ន្ធទៅនឹង កិច្ចពិភក្សារវាងអាមេរិក និងកូរ៉េខាងជើង ដែលបានឡើងគម្រោងជាយូណាសមកហើយ។ ជំនួប រវាងលោកគីមជុងអ៊ុន និង ដូណាលត្រាំនឹងធ្វើឡើង ក្នុងពេលដ៏ខ្លីខាងមុខ ។

សារព័ត៌មានស៊ីនហួរបានផ្សាយនៅព្រឹកថ្ងៃទី ៨ខែមករាថា មេដឹកនាំកូរ៉េខាងជើង ទៅកាន់ប្រទេសចិន តាមការអញ្ជើញរបស់ប្រធានាធិបតីស៊ីជីងពីង ។នេះជាតំណើរទស្សនកិច្ចលើកទី៤ហើយ ក្នុងរយៈពេល មិនដល់មួយឆ្នាំផង ចាប់តាំងពីខែមីនាឆ្នាំ២០១៨មក។

មិនមែនជារឿងចម្លែក ឡើយដែលមេដឹកនាំកូរ៉េខាងជើង ទៅកាន់ ប្រទេសចិន ដែលជាប្រទេសអាណាព្យាបាលរបស់ខ្លួន មុនពេលជួបពិភាក្សា លើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងអន្តរជាតិ ។

ដំណើរទៅកាន់ប្រទេសចិន របស់មេដឹកនាំ គីមជុងអ៊ុន មិនខុសពី ឪពុករបស់លោកឡើយ គឺធ្វើដំណើរតាមរថភ្លើង ។ រថភ្លើងដឹកថ្នាក់ដឹកនាំកូរ៉េខាងជើងបានឆ្លងព្រំដែននៅវេលាម៉ោង១០និង១៥នាទីយប់ (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី៧ មករា ហើយនៅព្រឹកថ្ងៃទី៨ មករានេះ វត្តមានរបស់លោកគឹម ជុងអ៊ុន គឺស្ថិតនៅក្នុងប្រទេសចិន ដើម្បីជួបជាមួយមេដឹកនាំចិន លោក ស៊ី ជីងពីន ។

ចិនគឺជាប្រទេសសម្ព័ន្ធមិត្តតែមួយគត់របស់កូរ៉េខាងជើង ដែលមានភាពជិតស្និទ្ធទាំងផ្នែកពាណិជ្ជកម្ម ការទូត និងនយោបាយ ។ មេដឹកនាំកូរ៉េខាងជើង រាប់ទាំងពេលនេះទៀត ផង គឺបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន៤លើកហើយៗដំណើរទស្សនកិច្ចនេះ មិនត្រូវបានប្រកាសឲ្យដឹងជាមុននោះឡើយ ។

សន្តិសុខនៅតាមបន្ទាត់ព្រំដែន ចិន Dandong មានការរិតបន្តឹងខ្លាំង បិទផ្លូវចរាចរ នៅជុំវិញស្ថានីយរថភ្លើងតែម្តង មុនពេលដែលរថភ្លើងដឹកថ្នាំដឹកនាំកូរ៉េខាងជើងឆ្លងកាត់ ។

ដំណើរទស្សនកិច្ចនេះ ស្របពេលដែលលោក ដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន មានគម្រោងជួបពិភាក្សាជាលើកទីពីរផងដែរ ស្តីអំពីការរំសាយអាវុធនុយក្លេរអ៊ែរ ។

កាលពីឆ្នាំ២០១៧ ទីក្រុងព្យុងយ៉ាងបានសាកល្បងអាវុធនុយក្លេអ៊ែរ៦លើក និងកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លែងរ ដែលអាចបាញ់ដល់ទឹកដីអាមេរិក ។ ប៉ុន្តែតាំងពីពេលនោះមកដល់ពេលបច្ចុប្បន្ន ការបាញ់សាកល្បងបែបនេះ របស់កូរ៉េខាងជើង គ្មានទៀតនោះទេ ។

ពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់លោកគីម ជុងអ៊ុនទៅកាន់ប្រទេសចិននាពេលនេះ វិមានពណ៌ខៀវកូរ៉េខាងត្បូង មិនទាន់បញ្ចេញប្រតិកម្មបែបណានៅឡើយទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close