សំណុំរឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា​ ​អ៊ឹ​ង​ ​ម៉េ​ង​ជឺ​ ​តុលាការ​គ្រោង​កាត់ទោស​ ​ថោង​ ​សា​រ៉ាត់​ ​នៅ​សប្តាហ៍​ក្រោយ​

ក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ នឹងធ្វើការបើកសវនាការកាត់ទោសលោកថោង សារ៉ាត់ និងអង្គរក្សចំនួន៥នាក់ (ស្លាប់ម្នាក់) នៅព្រឹកថ្ងៃទី១៥ , ១៦ ,និង១៧មករា ឆ្នាំ២០១៩ខាងមុខនេះ ពាក់ព័ន្ធសំណុំរឿងឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាជំនុំជំរះសំណុំរឿងព្រហ្មទ័ណ្ឌដែលដឹកនាំដោយលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជំរះ ។

ជនជាប់ចោទដែលនឹងត្រូវឈរនៅក្នុងរង្វង់ក្រចកសេះ ដើម្បីឱ្យតុលាការវិនិច្ឆ័យសេចក្តីនោះរួមមាន៖ -ទី១ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន ៩៩៩ ជាប់ចោទពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន -ទី២ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ ៤៤ឆ្នាំ, ទី៣ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ ៤២ឆ្នាំ (ស្លាប់) ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន និងទី៤ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ ២៩ឆ្នាំ ទី៥ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ និងទី៦ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។

ចំណែកជនរងគ្រោះមានឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ងតិ៍ពេជ្រ ត្រូវឃាតករបាញ់សម្លាប់ កាលពីម៉ោងប្រាមាណជាជាង៧ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនៅមុខតូបលក់ផ្លែឈើស្រស់ក្បែរផ្សារអូឡាំពិក ។

សវនាការនេះធ្វើឡើងបន្ទាប់ពីចៅក្រមសើបសួរលោក លី សុខឡេង បានបិទការសើបសួរហើយបញ្ជូនសំណុំរឿងអោយចៅក្រមបន្តនីតិវិធីជំនុំជំរះ ។

នាពេលកន្លងមកក្រុមប្រឹក្សាជំនុំជំរះបានប្រកាសសាលក្រមចាត់របៀបបង្វិលសំណុណរឿងអោយចៅក្រមសើបសួរបើកការសើបសួរនូវចំណុចសង្ស័យមួយចំនួនដែលនៅសេសសល់ ហើយការសើបសួរនោះបានពន្យាពេលអស់ជិតមួយឆ្នាំទើបចៅក្រមសម្រេចបិទការសើបសួរនិងបញ្ជូនសំណុំរឿងអោយចៅក្រមកាត់ទោសជនជាប់ចោទផនៅថ្ងៃទី ១៥ ,១៦,និងថ្ងៃទី១៧មករាឆ្នាំ២០១៩ខាងមុខនេះ ។

គួររំលឹកដែរថា ជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ និងឈ្មោះ ថោង ចំរើន (ជាឪពុក) និងឈ្មោះ កែវ សារី (ជាម្តាយ) ក៏ធ្លាប់ត្រូវបាន លោក ឃី ឆៃ ចៅក្រមសាលា រាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ពី២ឆ្នាំ ទៅ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៦លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close