កសិកម្ម

នៅថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យ លោក Ho Ren Hua នាយកក្រុមហ៊ុន ធីដាប់ប៊លយូភីស៊ី អ៊ីនវេសមិន

(ខេមបូឌា) ឯ.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោកនាយកក្រុមហ៊ុន បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី ថាក្រុមហ៊ុនមានប្រភពមកពីប្រទេសថៃនិងបានបោះទុនវិនិយោគលើវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយក្រុមហ៊ុនបានទទួលគោលការណ៍បង្កើតរោងចក្រកែច្នៃដំឡូងមី ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាំងពីចុងឆ្នាំ២០១៧ មកម៉្លេះ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងបញ្ចប់ការសាងសង់រោងចក្រ និងត្រៀមលក្ខណៈក្នុងការដំណើរការកែច្នៃក្នុងពេលឆាប់ៗខាងមុខ។

នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុនមានគម្រោងពង្រីកការកែច្នៃដំឡូងមីពី ៤០០០០ ទៅ ៥០០០០តោន និងបង្កើនការកែច្នៃរហូតដល់ ២០០ ០០០តោន នៅពេលអនាគត។ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏មានគម្រោងបង្កើតចម្ការ និងដាំដំឡូងមីនៅលើផ្ទៃដីចំនួន ៤ ០០០ហិកតា នៅស្រុកសំរោង ខេត្តឧត្តរមានជ័យ ដោយខ្លួនឯងដើម្បីធានានូវនិរន្តភាពនៃការផ្គត់ផ្គង់។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសាទរចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅកម្ពុជា ហើយ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមគាំទ្រដល់ការបង្កើតចម្ការ និងដាំដំឡូងមីនៅកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំក្រុមហ៊ុនឱ្យអនុវត្តនូវផលិតផកម្មតាមកិច្ចសន្យា ដោយធ្វើការកំណត់ទីតាំងដាំដុះដែលមានសក្តានុពលសម្រាប់ដំណាំដំឡូងមី ទន្ទឹមនឹងនេះបណ្តាខេត្តដែលមានព្រំប្រទល់ជាប់ខេត្តឧត្តរមានជ័យក៏មានសក្តានុពលសម្រាប់ដំណាំនេះផងដែរ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ក្រុមហ៊ុន បន្តសហការជាមួយមន្រ្តីពាក់ព័ន្ធ ដើម្បីពិភាក្សាពីនីតិវិធីនានាក្នុងការគាំទ្រដល់ការវិនិយោគនេះទទួលបានជោគជ័យ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close