កសិកម្ម

ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានអនុញ្ញាតលោកជំទាវ Heidi Hautala អនុប្រធានសភាសហភាពអឺរ៉ុប និងឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានអនុញ្ញាតលោកជំទាវ Heidi Hautala អនុប្រធានសភាសហភាពអឺរ៉ុប និងឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងដំណើរការវិវឌ្ឍន៍វិស័យកសិកម្ម ការគ្រប់គ្រងធនធានព្រៃឈើ និងជាពិសេសការគ្រប់គ្រង និងការប្រើប្រាស់ដីសម្បទានសេដ្ឋកិច្ច។

មានមតិស្វាគមន៍ ក្នុងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ ឯកឧត្តមបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសហភាពអឺរ៉ុបដែលបាន កំពុង និងបន្តជួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាជារួម និងដោយឡែកសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម។ ពិតណាស់ លទ្ធផលនៃការអភិវឌ្ឍន៍នេះបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសក្រីក្រ និងអសន្តិសុខស្បៀង មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយសង្ឃឹមនិងជឿជាក់ថាតាមរយ:ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នឹងអាចប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។

នាឱកាសនេះ ភាគីទាំងពីរក៏បានលើកយកប្រធានបទទាក់ទងនឹងវឌ្ឍនភាពនៃដំណើរការអភិវឌ្ឍន៍ និងគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការគ្រប់គ្រងធនធានព្រៃឈើ ការដាំដុះព្រៃឈើឡើងវិញ និងការអភិវឌ្ឍន៍សហគមន៍ព្រៃឈើ និងសហគមន៍នេសាទផងដែរ ដោយឈរលើស្មារតីសហប្រតិបត្តិការក្នុងគោលបំណងអភិវឌ្ឍន៍វិស័យកសិកម្មឲ្យមានការរីកចម្រើនទ្វេឡើងថែម ទៀត។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close