សន្តិសុខសង្គម

ចាប់ខ្លួនប្រជាពលរដ្ឋ ៤នាក់ដាក់ខ្នោះ រឿងទំនាស់ដីធ្លី

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់ខ្លួនប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៤នាក់ ដាក់ខ្នោះភ្លាមៗ ដើម្បីផ្គាប់ចិត្តឈ្មួញមានទ្រព្យ នៅពេលដែរប្រជាពលរដ្ឋទាំងនោះ ចេញមុខតវ៉ាលើកបដារារាំង មិនឲ្យក្រុមហ៊ុនចិន យកគ្រឿងចក្រ ចូលទៅឈូសឆាយលើដី ដែលពលរដ្ឋសហគមន៍អៈអាងថាជាដីកំពុងមានទំនាស់មិនទាន់ដោះស្រាយបញ្ចប់ជម្លោះនៅឡើយនោះ។

តំណាងប្រជាពលរដ្ឋរងគ្រោះទាំង ២៤គ្រួសារ រស់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តបានដាក់ពង្រាយកំលាំងជាច្រើននាក់ និងបានប្រើអំពើហឹង្សា ហើយចាប់ខ្លួនពលរដ្ឋ ៤នាក់វៃខ្នោះដៃបញ្ជូនទៅកាន់អង្គភាព។

ប្រជាពលរដ្ឋរងគ្រោះ ឈ្មោះ សៀង វុទ្ធី ស្ថិតក្នុងចំណោមពលរដ្ឋរងគ្រោះដីធ្លីទាំង ២៤គ្រួសារ ក៏បានដង្ហោយរក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ឲ្យជួយរកយុត្តិធម៌ ព្រោះទំនាស់នេះបានអូសពេលតាំងពីឆ្នាំ១៩៩៦ ហើយពេលនេះ ត្រូវបានភាគីមានទ្រព្យ និងអំណាច បានឃុបឃិតលក់បន្តទៅឲ្យឈ្មួញជនជាតិចិន និងបាននាំយកគ្រឿងចក្របម្រុងឈូសឆាយដីកំពុងមានទំនាស់ កាលពីរសៀលថ្ងៃទី៨ ខែមករានេះ។ ជាពិសេសភាគីទំនាស់ម្ខាងទៀត បានប្រើកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឲ្យមកគំរាមកំហែង និងចាប់ពលរដ្ឋដាក់ខ្នោះដៃចំនួន៤នាក់ផង។

ទន្ទឹមគ្នានេះដែរ តំណាងប្រជាពលរដ្ឋរស់នៅសហគមន៍កំពេញចាស់ចំនួន ២៤គ្រួសារ ក៏ស្នើដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យពិនិត្យទៅលើសកម្មភាព របស់ លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលតែងបញ្ជូនកម្លាំងករាជអាវុធហត្ថ ទៅសម្លុតគំរាមកំហែង និងប្រើអំពើហឹង្សាចាប់ដាក់ខ្នោះ ប្រជាពលរដ្ឋមានទំនាស់ដីធ្លី នៅតាមសហគមន៍។

យោងតាមប្រភពខាងលើបានអោយដឹងថា នៅមិនទាន់អាចទាក់ទង លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីស្នើការបំភ្លឺជុំវិញការចាប់ខ្លួនពលរដ្ឋចំនួន ៤នាក់ រស់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ បាននៅឡើយទេកាលពីល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ។ កន្លងមកភាគីទំនាស់ម្ខាងទៀត ដែលមានងារជាឧកញ៉ា ហើយជាឈ្មួញមានទ្រព្យ និងមានអំណាចផងនោះ បានអះអាងថា ទីតាំងដីដែលប្រជាពលរដ្ឋទាំង ២៤គ្រួសារតវ៉ាទាមទារខាងលើនេះ គឺ ពួកគេមានប្លង់កម្មសិទ្ធិតាំងពីឆ្នាំ២០០៨មកម្ល៉េះ និងបានបង់ពន្ធដីជូនរដ្ឋរាល់ឆ្នាំផង។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close