សន្តិសុខសង្គម

រថយន្ត​កាម​រី​បើក​បំពាន​ភ្លើងស្តុប​ ​ជ្រុល​ទៅ​បុក​រថយន្ត​ព្រូស​ ​ខូចខាត​យ៉ាងដំណំ​

ដោយសារតែមិនគោរពភ្លើងសញ្ញាចរាចរណ៍ យុវជនម្នាក់បានបើករថយន្តរបស់ខ្លួនជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យបុរសម្នាក់រងរបួសផងដែរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រ ឈាចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបសំណង់(12)តាមបណ្តោយផ្លូវ១៨២ កែងនិងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរីពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AH-5488 ធ្វើដំណើតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដោយមិនគោរពភ្លើងចរាចរណ៍ស្តុប រួចក៏បានជ្រុលចង្កូតទៅបុករថយន្តតូយ៉ូតាព្រូសពណ៌សពាក់ស្លាកលេខភ្នំពេញ 2AA-8597 បើកបរដោយបុរសម្នាក់រួមដំណើរ និងប្រុសស្រីពីរនាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ២៦៥ទិសដៅពីត្បូងទៅជើងដោយស្តុបចរាចរណ៍ភ្លើងពណ៌ខៀវបុកចំពាក់កណ្តាលរថយន្តព្រូសពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ជិះក្នុងរថយន្តព្រូសរងរបួសពកក្បាលចំណែករថយន្តទាំងពីរគ្រឿងខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីទាំងសងខាងជាមនុស្សស្គាល់គ្នា និងមិនចង់ឲ្យមានវែងឆ្ងាយបានហៅរថយន្តស្ទូចយកទៅជួសជុលរៀងៗខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close