សេដ្ឋកិច្ច

មន្ត្រី​ជំនាញ​សេដ្ឋកិច្ច​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​អាច​រស់​ដោយខ្លួនឯង​បាន​ ​តាមរយៈ​ការកែទម្រង់​ផ្ទៃក្នុង​ ​និង​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​

មន្ត្រីជំនាញសេដ្ឋកិច្ចជាតិបានអះអាងថា សេដ្ឋកិច្ចកម្ពុជាកាន់តែអាចរស់ដោយខ្លួនឯងបាន តាមរយៈការកែទម្រង់ផ្ទៃក្នុង ពោលគឺកម្ពុជាអាចធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយឈរលើគោល ការណ៍ស្មើភាព និងទីផ្សារ ហើយលែងពឹងផ្អែកទៅលើការផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មតទៅទៀត។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមាន ប្រសាសន៍ក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៩ កាលពី ថ្ងៃទី១៥ ខែមករា កន្លងទៅថា កម្ពុជាត្រូវរក្សាឲ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧ភាគរយ ក្នុងបរិការណ៍ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការកើនឡើងនៃភាពប្រកួត ប្រជែង និងពិពិធម្មមូលដ្ឋានសេដ្ឋកិច្ច ដើម្បីបម្រើឱ្យការអភិវឌ្ឍប្រទេសរយៈពេលវែង ជាពិសេសការ ឈានទៅសម្រេចបានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកគូសបញ្ជាក់ថា ការលើកកម្ពស់ភាពប្រកួតប្រជែង របស់សេដ្ឋកិច្ចកម្ពុជានៅដំណាក់កាលនេះ គឺជាចំណុចស្លាប់រស់ ព្រោះថា ប្រសិនបើសេដ្ឋកិច្ចកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់ នោះការផ្តល់ ឬមិនផ្តល់ប្រព័ន្ធអនុគ្រោះពន្ធលើពាណិជ្ជកម្ម អន្តរជាតិពីសំណាក់ដៃគូខ្លះរបស់យើង ដូចជា EBA របស់សហគមន៍អឺរ៉ុបជាដើម គឺនឹងមិនបង្កឲ្យមានផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជានោះទេ ទោះបីអាចមានផលប៉ះពាល់ខ្លះក្នុងរយៈពេលខ្លីក្តី។ តែផ្ទុយទៅវិញនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែអាចរស់ដោយខ្លួនឯងបាន តាមរយៈការកែទម្រង់ផ្ទៃក្នុង ពោលគឺកម្ពុជាអាចធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយឈរលើគោលការណ៍ស្មើភាពនិងទីផ្សារ ហើយលែងពឹងផ្អែកទៅលើការផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មតទៅទៀត។

យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលមានភាពចាំបាច់ និងបន្ទាន់ ក្នុងការដោះស្រាយនូវបញ្ហារចនាសម្ព័ន្ធមួយចំនួននៅក្នុងសេដ្ឋកិច្ចជាតិ ដូចជាថ្លៃអគ្គិសនីនៅខ្ពស់នៅឡើយធៀបនឹងប្រទេសជិតខាងមួយចំនួន និងភាពមានកម្រិតនៃគុណភាព និងភាព ទុកចិត្តបានក្នុងការផ្គត់ផ្គង់អគ្គិសនី ភាពទន់ខ្សោយនៃប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក កំណើន ទាបនៃផលិតភាពការងារកង្វះកម្លាំងពលកម្មជំនាញ និងថ្លៃនៃការធ្វើធុរកិច្ចនៅខ្ពស់ នៅឡើយ ធៀបនឹងប្រទេសជិតខាងក្នុងតំបន់ រួមទាំងការបន្តមាននៅឡើយនូវកម្រៃក្រៅផ្លូវការ គួបផ្សំ នឹងនីតិវិធីស្មុគស្មាញប្រៀបធៀបនឹងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់។

ទន្ទឹមនេះ រាជរដ្ឋាភិបាលចាំបាច់ត្រូវបន្តពង្រឹងអភិបាលកិច្ច និងការកសាងសមត្ថភាពស្ថាប័ននៅក្នុងវិស័យសាធារណៈ ដើម្បីកសាងប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលស្អាតស្អំ ខ្លាំងពូកែ និងឆ្លាតវៃ។ លើសពីនេះ រាជរដ្ឋាភិបាលត្រូវខិតខំទ្វេដងថែមទៀត ដើម្បីកសាងមូលធនមនុស្សឲ្យបានច្រើនថែមទៀតនៅក្នុងសង្គមជាតិយើង ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន នៅក្នុង បរិការណ៍នៃការចូលមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close