ចាប់ខ្លួនជនសង្ស័យប្លន់លុយថៅកែជនជាតិចិន ជិត១០ម៉ឺនដុល្លារបានហើយ

ភ្នំពេញ នៅក្រុងដូនកែវខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៨ មករា ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ធ្វើការឃាត់ខ្លួនតៃកុងរថយន្ត ដែលធ្វើសកម្មភាពប្លន់លុយប្រធានគណនេយ្យ ជនជាតិចិនជិត១០ម៉ឺនដុល្លារ បានហើយ។

របាយការណ៍របស់នាយកដ្ឋានគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បានបង្ហាញថា ជនដៃដល់ដែលធ្វើសកម្មភាពប្លន់ចៅហ្វាយជាជនជាតិចិន យកលុយជិត១០ម៉ឺនដុល្លារនោះ ឈ្មោះ អ៊ុង សុគន្ធ អាយុ៤២ឆ្នាំ ស្នាក់នៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកក្រុមហ៊ុនលាយបេតុង ផ្នែកបម្រើការងារ បើកបររថយន្ត

តាមប្រភពបានអោយដឹងថា ជនជាតិចិនម្នាក់ឈ្មោះ លីវ លីន ត្រូវបានអ្នកបើករថយន្តរបស់ខ្លួនវាយប្លន់យកលុយអស់ ប្រមាណ១០ម៉ឺនដុល្លារ ខណៈបើករថយន្តមកដល់កន្លែងស្ងាត់ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលំភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ ជិះរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ស្លាទុំ ពាក់ផ្លាកលេខភ្នំពេញ2AW-1763 លុះដល់ចំណុចផ្លូវស្ងាត់ ដោយមានផ្លូវជង្ហុកផងនោះ អ្នកបើករថយន្តដឹកចៅហ្វាយ ទាញចង្កូតធ្វើឲ្យរថយន្តហៀបនឹងធ្លាក់ខ្លួន បណ្តាលឲ្យចៅហ្វាយរបស់ខ្លួន បាត់ស្មារតីមួយភ្លែត។ ភ្លាមនោះអ្នកបើកបរថយន្ត ក៏ឆ្លៀតឱកាសទាញយកកាបូបលុយ របស់ចៅហ្វាយជាជនជាតិចិន និងដាល់មួយដៃទៀត បណ្តាលឲ្យសន្លប់បាត់ស្មារតី រួចស្ពាយយកកាបូប លុយគេចខ្លួនបាត់ស្រមោល។

លុះជនរងគ្រោះភ្ញាក់ដឹងខ្លួនវិញ បានព្យាយាមរកសមត្ថកិច្ចឲ្យជួយក្រោយមកក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញ ដើម្បីសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវរហូតចាប់កូនចៅរបស់ខ្លួន យកលុយប្រគល់ឲ្យរូបគាត់វិញ 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close