សម្តេច​ ​ហ៊ុន​ ​សែន​ ​ចេញដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន​រយៈពេល៤ថ្ងៃ​

នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាកចេញពីប្រទេសហើយកម្ពុជាហើយ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់លោក លី ឃឺជាំង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់រយៈពេល៤ថ្ងៃ។

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ក្នុងកំឡុងពេលទស្សនកិច្ចនេះ សម្តេចនាយករដ្ឋមន្រ្តី នឹងជួបសម្តែងការគួរសមជាមួយលោក ស៊ី ជីន ភីង (Xi Jinping) ប្រធានាធិបតីចិន លោក លីចាន់ស៊ូ (LiZhanshu)ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន លោក វ៉ាង យ៉ាង (Wang Yang) ប្រធានសភាប្រឹក្សានយោបាយចិន និងជួបពិភាក្សាទ្វេភាគីជាមួយ និងលោក លី ខឺឈាង (Li Keqiang)នាយករដ្ឋមន្ត្រីចិនផងដែរ។

ការជួបពិភាក្សានឹងផ្តោតទៅលើការពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។

ក្រៅពីជំនួបខាងលើសម្តេច ហ៊ុន សែន ក៏នឹងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាដោយលោករដ្ឋមន្ត្រី សុង តាវ ប្រធានមន្ទីរទំនាក់ទំនងអន្តរ ជាតិរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន និងលោកស្រី គូ សៀវលៀន ប្រធានសមាគមមិត្តភាពចិន-កម្ពុជា និងថ្នាក់ដឹកនាំធុរៈកិច្ចចំនួន៤រូបទៀតពី ធនាគារចិន សាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន និងក្រុមហ៊ុនហួណេងគ្រុប។

សម្តេចនាយករដ្ឋមន្រ្តីក៏នឹងអញ្ជើញទៅទស្សនាការតាំងពិព័រណ៍ខួបអនុស្សាវរីយ៍លើកទី៤០ នៃ «កំណែទម្រង់ និងការបើកទូលាយ» ប្រទេសចិន, អញ្ជើញចូលរួមជាអធិ បតីក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កម្ពុជា-ចិន ឆ្នាំ២០១៩ និងជួបសំណេះ សំណាល ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិនផងដែរ៕q

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close