បែកធ្លាយរឿង​អាស្រូវ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អាងខ្នងបង្អែករឹងមាំកំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយ ?

(ភ្នំពេញ)៖ ប្រភពពីមន្ត្រីបុគ្គលិកក្នុងអង្គភាពប្រៃសណីយ៍កម្ពុជា បានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ដែលមានខ្នងបង្អែករឹងមាំកំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចថវិការដ្ឋស្រេចតែអំពើចិត្តដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះហើយទើបមន្ត្រីបុគ្គលិកក្នុងស្ថាប័នប្រៃសណីយ៍កម្ពុជា អំពាវនាវឲ្យលោក ត្រាំ អ៊ីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ជាបន្ទាន់។ ទន្ទឹមនឹងនេះក៏មានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ឲ្យបានស៊ីជម្រៅនិងចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។

តាមការបង្ហើបពីមន្ត្រីបុគ្គលិកនៃក្នុងស្ថាប័នប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅប្រៃសណីយ៍កម្ពុជា បានចំណាយថវិការបស់ខ្លួនក្នុងការទិញសម្ភារៈនិងការងារជួសជុលអស់មិនក្រោម៩០០០លានរៀលស្មើនឹងជាង២លានដុល្លារនោះទេ។ ប្រភពបានឲ្យដឹងទៀតថា ការចំណាយថវិកា៩០០០លានរៀលគឺការចំណាយលើផ្នែកខ្លះមានតែលើក្រដាស ហើយការពិតចំណាយជាក់ស្ដែងមិនដល់៥០ភាគរយនោះទេដោយលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា និងបក្ខពួកបំប៉ោងតួលេខដើម្បីកេងប្រវ័ញ្ចថវិការដ្ឋយកធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា ការចំណាយនៅក្នុងអង្គភាពប្រៃសណីយ៍កម្ពុជា ទៅលើប្រេងឥន្ធនៈកាលពីឆ្នាំ២០១៨ អស់ថវិកា១៧០០លានរៀល ការចំណាយទៅលើសំបកបាវអស់ថវិកា១០០០លានរៀល និងការចំណាយលើមុខទំនិញព្រមទាំងគ្រឿងសំណង់ជាច្រើនមុខទៀតសរុបខ្ទង់ប្រមាណ៩០០០លានរៀល។

ជុំវិញបញ្ហាខាងលើនេះមន្ត្រីបុគ្គលិកក្នុងស្ថាប័នប្រៃសណីយ៍កម្ពុជា បានលើកឡើងថាលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា និងបក្ខពួកឃុបឃិតគ្នាបំប៉ោងតួលេខចំណាយដើម្បីកេងប្រវ័ញ្ចថវិការដ្ឋយកធ្វើមានធ្វើបានយ៉ាងសុខស្រួលគ្មានញញើតអ្វីទាំងអស់។ ការដែលលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារលោក អោក បូរ៉ា មានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយលោក អោក បូរ៉ា ចេះបែងចែកផលប្រយោជន៍តាមលំដាប់លំដោយ។ ជាងនេះទៅទៀតសម្រាប់ក្រុមអធិការកិច្ចឬក្រុមសវនកម្មមិនដែលរកឃើញកំហុសរបស់លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ព្រោះលោក អោក បូរ៉ា ចេះយល់ចិត្តមន្ត្រីទាំងនោះជាប្រចាំ។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរបណ្ដែតបណ្ដោយឲ្យលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយព្រោះគ្រប់គម្រោងចំណាយនៅក្នុងអង្គភាពប្រៃសណីយ៍កម្ពុជា ត្រូវបានគេបង្ហើបឲ្យដឹងថា ពោរពេញទៅដោយភាពមិនប្រក្រតីជាយូរណាស់មកហើយ៕

ពាក់ពន្ធ័និងការចោទប្រកាន់ខាងនេះខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡេីយលោក អោកបូរ៉ា អគ្គនាយកប្រៃសណីយ៏កម្ពុជានៅព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០១៩ដោយទូរសព្ឌ័ខលចូលឆ្លេីយច្រឡំលេខរួចក៏បិទទូរសព្ឌ័ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close