ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក JEONG Yun Gilm នាយកអង្គការ KOICA (Korea International Cooperation Agency) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក JEONG Yun Gilm នាយកអង្គការ KOICA (Korea International Cooperation Agency) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងការសិក្សានិងវាយតម្លៃបឋមលើគម្រោងស្តីពីការអភិវឌ្ឍវិស័យកសិកម្មឱ្យមាននិរន្តរភាព តាមរយ:ការបង្កើតផ្សារបោះដំផលិតផលកសិកម្ម និងការបង្កើតប្រព័ន្ធព័ត៌មានទីផ្សារ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េដែលបានគាំទ្រ និងជួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការកសាង និងអភិវឌ្ឍកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម។ សមិទ្ធផលសំខាន់ៗជាច្រើនដែលកម្ពុជាសម្រេចបាននាពេលនេះគឺបានមកពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ ហើយឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថាគម្រោងថ្មីនេះនឹងពង្រឹង និងពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ជាប្រយោជន៍ដល់ប្រជាជននិងប្រជាកសិករកម្ពុជា។

ទាក់ទងនឹងប្រធានបទខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរសាទរ ស្វាគមន៍ និងគាំទ្រចំពោះគម្រោងនេះ ព្រោះវានឹងជួយរកទីផ្សារបន្លែ ផ្លែឈើឱ្យកសិករ ជាកន្លែងផ្តល់ព័ត៌មានទាក់ទងអំពីរទីផ្សារ តម្លៃ បរិមាណផ្គត់ផ្គង់ ដែលអ្នកបញ្ជាទិញត្រូវការ និងជាកន្លែងណាត់ជួបរវាងអ្នកបរិភោគ ឈ្នួញកណ្តាល ជាមួយអ្នកផ្គត់ផ្គង់ និងជាពិសេសវានឹងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យគុណភាព សុវត្ថិភាព អនាម័យ និងប្រភពទំនិញច្បាស់លាស់ ដើម្បីីបង្កើយនូវជំនឿទុកចិត្ត និងការធានាត្រឹមត្រូវ។

កិច្ចប្រជុំនាព្រឹកនេះបានផ្តោតជាសំខាន់លើប្រធានបទ÷ ទី១. ពិនិត្យ ពិចារណាឱ្យបានល្អិតល្អន់អំពីទីតាំងដែលត្រូវជ្រើសរើសសម្រាប់បង្កើតផ្សារ និងត្រូវបន្តជួបពិភសិក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធដូចជាមន្ត្រីជំនាញ វិស័យឯកជន សហគ្រាសខ្នាតតូច និងមធ្យម ដៃគូអភិវឌ្ឍ តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ-និងសហគមន៍”។

ទី២. បន្តជម្រុញកិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្មលើការងារច្បាប់ និងបច្ចេកទេស។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close