ក្រោយ​បើកសវនាការ​អស់​មួយ​ព្រឹក​ ​តុលាការ​សម្រេច​បន្ត​សវនាការ​សំណុំរឿង​ឃាតកម្ម​សម្លាប់​ស្រី​ស្នេហ៍​របស់​អតីត​អភិបាលខេត្ត​តាកែវ​ ​ទៅ​ពេលក្រោយ​

បន្ទាប់ពីបើកសវនាការអស់ពេញមួយព្រឹកថ្ងៃទី២៣ មករា នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកសវនាការសំណុំរឿងឃាតកម្មសម្លាប់ស្រីស្នេហ៍របស់អតីតអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ទៅពេលក្រោយ ដោយពុំទាន់អាចកំណត់បាន។

នៅក្នុងសវានាការកាលពីព្រឹកមិញ លោក ឡាយ វណ្ណៈ បានសារភាពថា ចំណងស្នេហារវាងលោក និងជនរងគ្រោះ បានកើតឡើង នៅអំឡុងខែមិថុនា ឆ្នាំ២០១៦ តាមរយៈលោកមេគយ ខេត្តតាកែវ ឈ្មោះ កែវ វណ្ណី។ លោក ឡាយ វណ្ណៈ បានសារភាពថា ខ្លួនបានស្គាល់គ្នាបានជិត១ខែ ខ្លួនបានរួមស្នេហាជាមួយនាង ចេវ សុវឌ្ឍនា ដែលជាស្រីមេម៉ាយកូន៣ សម្រេចដូចបំណង និងបានរួមរស់ជាមួយគ្នា ក្នុងនាមគូស្នេហ៍ស៊ីជម្រៅ ប្រកបដោយភាពផ្អែមល្ហែម និងលួចលាក់ រយៈពេលជាង១ឆ្នាំ រហូតដល់ថ្ងៃនាងស្លាប់។ នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ មុននាងស្លាប់១ថ្ងៃ ខ្លួនបានប៉ះសម្តីគ្នា ជាមួយជនរងគ្រោះ ព្រោះរឿងប្រច័ណ្ឌ ថាខ្លួនមានស្រីក្រៅ។

តាមការឆ្លើយបកស្រាយនៅក្នុងសវនាការ បានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ដែលជាថ្ងៃកើតហេតុ ឡាយ វណ្ណៈ បានទៅជួបជនរងគ្រោះ នៅផ្ទះដែលខ្លួនជួលឲ្យស្នាក់នៅ ហើយពេលនោះ ឡាយ វណ្ណៈ និងជនរងគ្រោះ បានឈ្លោះគ្នា ព្រោះតែនាងប្រច័ណ្ឌរឿងមានស្រីផ្សេងទៀត និងសុំឲ្យ ឡាយ វណ្ណៈ យកនាងធ្វើប្រពន្ធទី២ ដោយបើកចំហថែមទៀតផង។

ដោយសារតែនិយាគ្នាមិនត្រូវ ទើបជនជាប់ចោទជិះឡានចេញពីផ្ទះនោះ ទៅពិនិត្យការងារសួននៅក្បែរវិមានឯករាជ្យ ក្នុងខេត្តតាកែវ ដែលពេលនោះនាង ចាន់រី អ្នកបម្រើជនរងគ្រោះ បានទូរស័ព្ទប្រាប់ខ្លួនថា ជនរងគ្រោះយកកាំបិត អារដៃ សុំឲ្យខ្លួនទៅមើលវិញ។ ដោយសារខឹងជនរងគ្រោះពេក លោកបាននិយាយតបតាមទូរស័ព្ទទៅនាង ចាន់រី ថា «បើវាចង់ងាប់ ឲ្យវាងាប់ទៅ ជារឿងរបស់វា។ អញមានការងារអញត្រូវធ្វើ» ។ លុះព្រលប់បន្តិចនាង ចាន់រី បានហៅទូរស័ព្ទមកម្តងទៀតថា ជនរងគ្រោះ បានចងកសម្លាប់ខ្លួនហើយ ទើបខ្លួនប្រើតៃកុងឡានឈ្មោះ ម៉េន សាម៉ៃ ឲ្យទៅមើល និងហៅទូរស័ព្ទប្រាប់មកវិញថា នាងពិតជាចងកស្លាប់មែន។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close