លោក ម៉ឹង​ យូឡេង​ប្រធានមន្ទីរ​សាធារណកា​រខេត្តកណ្ដាលនិង​បក្ខពួកប្រព្រឹ​ត្តអំពើ​ពុករលួ​យលោក​ ស៊ុន ចាន់​ថុលរដ្ឋ​ន្ត្រីក្រសួងសាធារណកា​រនិងដឹកជ​ញ្ជូនរក្សាភាព​ស្ងៀមស្ងា​ត់ ?

មន្ត្រីរាជការក្នុងមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថាលោក ម៉ឹង យូឡេង ប្រធានមន្ទីរសា ធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល គឺជាអ្នកឃុបឃិតឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ២១ ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ?

ដូច្នេះលោក សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងជាប្រធានត្រួតពិនិត្យជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរមើលរំលងភាពអសកម្មនិងអំពើពុករលួយដល់ឆ្អឹងរបស់ក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ២១ នោះទេ។

ជាងនេះទៅទៀតលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរបណ្ដែតបណ្ដោយឲ្យលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល ព្រមទាំងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនតទៅទៀតឡើយ។ ដោយហេតុថា មិនមែនតែក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២១ នោះទេដែលប្រែក្លាយជញ្ជីងរថយន្តទៅជាជញ្ជីងថ្លឹងលុយ គឺនៅលើផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ក៏ក្រុមជញ្ជីងថ្លឹងរថយន្តរបស់មន្ទីរសាធារណការខេត្តកណ្ដាល ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។

ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅ ឆ្លងកាត់ស្រុកស្អាង ស្រុកកោះធំ ដល់ច្រកជ្រៃធំ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញបានប្រើប្រាស់រថយន្តធំៗចំណុះរាប់សិបតោនដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ២១ តាមអំពើចិត្តធ្វើឲ្យខូចផ្លូវនិងបាក់ស្រុតស្ពានជាបន្តបន្ទាប់។ ក៏ប៉ុន្តែក្រុមជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ២១ មិនចាត់វិធានការតាមច្បាប់ទៅលើក្រុមឈ្មួញដែលប្រើប្រាស់រថយន្តធំៗផ្ទុកទំនិញលើសទម្ងន់បើកបរក្នុងល្បឿនលឿនៗងាយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនោះទេ។ ចំណែកលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២១ ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ តាមរបៀបពុករលួយយ៉ាងសុខស្រួល។

មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងស្រុកស្អាង ក៏ដូចជាស្រុកកោះធំ ខេត្តកណ្ដាល បានឲ្យដឹងថា ក្រុមហ៊ុនជាច្រើនរបស់មេឈ្មួញមានអំណាចខ្លាំងបានប្រើប្រាស់រថយន្តធំៗសណ្ដោងកន្ទុយវែងៗដឹកជញ្ជូនទំនិញលើសចំណុះឆ្លងកាត់ផ្លូវជាតិលេខ២១ ពីច្រកជ្រៃធំ ចូលដល់ក្រុងតាខ្មៅ យ៉ាងពេញបន្ទុក។ បញ្ហានេះគឺជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរមើលរំលងតទៅទៀតទេ ព្រោះផ្លូវជាតិលេខ២១ និងស្ពានលើផ្លូវនេះត្រូវខូចខាតជាបន្តបន្ទាប់ដោយសាររថយន្តផ្ទុកទំនិញលើសទម្ងន់បើកបរឆ្លងកាត់រាប់រយគ្រឿងក្នុងមួយថ្ងៃៗ។ ក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ២១ ត្រូវបានប្រជាពលរដ្ឋរិះគន់ថាគិតតែពីរឿងប្រមូលលុយតាមរបៀបពុករលួយ ហើយបណ្ដោយឲ្យឈ្មួញប្រើប្រាស់រថយន្តធុនធំផ្ទុកទម្ងន់លើសទម្ងន់បណ្ដាលឲ្យខូចផ្លូវជាតិលេខ២១ ជាបន្តបន្ទាប់ហើយស្ពានច្រើនកន្លែងត្រូវបានស្រុតជាបន្តបន្ទាប់ក៏ព្រោះតែអស់លោកមន្ត្រីស្តានីយ៏ថ្លឹងជញ្ជីងត្រូវថ្នាំសណ្តំមេីលអ្វីលែងឃេីញអស់ហេីយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close