អបអរសាទរមែនទែន!! ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្តើមសាងសង់នៅ ខែកុម្ភៈនេះហើយ ដែលគ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណជាង ១៩០០លាន​ដុល្លារ ជ័យោភាពរីកចម្រើនរបស់កម្ពុជា 🇰🇭

ភ្នំពេញ៖ គម្រោងនៃការស្ថាបនាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុនឹងចាប់ផ្តើមបើកការដ្ឋានស្ថាបនា នាអំឡុងខែកុម្ភៈ ឬ នៅដើមមីនា ឆ្នាំ ២០១៩នេះហើយ ហើយគ្រឿងចក្រ ដែលមានតម្លៃប្រមាណជាង ១០០លានដុល្លារ នឹងត្រូវបញ្ជូនមកដល់ប្រទេសកម្ពុជា នៅបំណាច់ខែមករានេះហើយ ។

នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារសាធារណការ និង ដឹកជញ្ជូនឆ្នាំ ២០១៨ និង ទិសដៅការងារឆ្នាំ២០១៩ កាលពីពេលថ្មីៗនេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងបើកការដ្ឋានសាងសង់នៅក្នុងអំឡុងខែកុម្ភៈ ឬដើមខែមីនា ខាងមុខនេះ។ ហើយគ្រឿងចក្រដែលមានតម្លៃប្រមាណជា ១០០លានដុល្លារ នឹងត្រូវបញ្ជូនមកដល់កម្ពុជា នៅដំណាច់ខែមករានេះ ។ឯអ្នកបច្ចេកទេស-វិស្វកម្មចិនប្រហែល២០០នាក់ បានមកដល់កម្ពុជាហើយ ដើម្បីត្រៀមបើកការដ្ឋានផ្លូវល្បឿនលឿននេះ។

គួរបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿននេះ គ្រោងនឹងចំណាយថវិកាប្រមាណជា ១៩០០លានដុល្លារ ដែលសាងសង់ដោយក្រុមហ៊ុនចិន ក្រោមរូបភាពវិនិយោគសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។ គម្រោងផ្លូវល្បឿនលឿននេះនឹងត្រូវ ឆ្លងកាត់ រាជធានី ខេត្តចំនួន៤ គឺមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពី និង ខេត្តព្រះសីហនុ ក្នុងនោះគឺឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង ១១០ភូមិ។ ផ្លូវល្បៀនលឿននេះ ក្រាលបេតុងកៅស៊ូ AC មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ (គិតរួមទាំងស្ពាន និងលូទាំងអស់) ហើយមានទទឹងសរុប ២៤,៥ម៉ែត្រ ក្នុងនោះមានគន្លងផ្លូវរថយន្ត (២x៣,៧៥ម៉ែត្រ) សងខាង ជាយផ្លូវកៅស៊ូ២ (២x២,៥ម៉ែត្រ) សម្រាប់ម៉ូតូ ជាយផ្លូវដីក្រហម ២(២x០,៧៥) សម្រាប់ថ្មើរជើង និងសួននៅអ័ក្សកណ្តាលទ្រូងផ្លូវ ៣ម៉ែត្រ ព្រមទាំងមានស្ពាន ៨៩កន្លែង។ នៅលើផ្លូវល្បឿនលឿននេះ មានកន្លែងឈប់សម្រាកចំនួន៤កន្លែង និង ស្ថានីយប្រេងឥន្ធនៈ ៣កន្លែង ហើយក៏មានរបងអមសងខាងផ្លូវនោះដើម្បីការពារសត្វពាហនៈឆ្លងកាត់ផងដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close