រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ ​និង​នេសាទ​អញ្ជើញ​បើក​ផ្សារណាត់​បន្លែ​និង​ផលិតផល​ខេត្តកណ្តាល​

​នា​ព្រឹក​ថ្ងៃទី០១​ ​ខែ​កុម្ភ​:​ ​ឆ្នាំ២០១៩​ ​ឯក​ឧត្តម​វេង​ ​សា​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​រួម​ជាមួយ​ឯកឧត្តម​ ​នៃ​ ​ចារី​ ​អភិបាលរង​នៃ​គណ​អភិបាលខេត្ត​កណ្តាល​ ​បាន​អញ្ជេីញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ផ្សារណាត់​បន្លែ​ ​និង​ផលិតផល​សុវត្ថិភាព​ដែល​រៀបចំ​ដោយ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ខេត្ត​ ​និង​មានការ​អញ្ជើញ​ចូលរួម​ដោយ​ឯកឧត្តម​ថ្នាក់ដឹកនាំ​ក្រសួង​ ​មន្រ្តី​រាជការ​ ​អាជីវករ​ ​ក្រុន​ហ៊ុន​ ​កសិករ​ ​និង​សហគមន៍​ផលិត​បន្លែ​សុវត្ថិភាព​មាន​ចំនួន​ ​២៥០នាក់​ ​បាន​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​បន្ទាប់ពី​លោក​ ​ប៊ុ​ន​ទួន​ ​ស៊ី​ម៉ូ​ណា​ ​ប្រធានមន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ធ្វើ​មតិ​ស្វាគមន៍​ ​និង​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយសង្ខេប​អំពី​ផលិតកម្ម​បន្លែ​សុវត្ថិភាព​ ​រួចមក​ ​ឯកឧត្តម​ ​ងិន​ ​ឆាយ​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ ​បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​អំពី​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​ស្តី​ពី​ការជំរុញ​ផលិតកម្ម​ស្បៀង​នៅ​ទូទាំង​ខេត្ត​គោលដៅ​ ​និង​ជាពិសេស​ខេត្តកណ្តាល​។​ ​ឯកឧត្តម​បាន​បន្ត​ទៀត​ថា​គម្រោង​នេះ​ ​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ចំនួន​ទឹកប្រាក់២០,២៥​ ​លាន​ដុល្លារ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​យក​មក​អនុវត្ត​ក្នុង​ខេត្ត​គោលដៅ​ចំនួន១១​ ​មាន​ខេត្តតាកែវ​ ​កណ្តាល​ ​ព្រៃវែង​ ​កំពង់ស្ពឺ​ ​កំពង់ធំ​ ​កំពង់ចាម​ ​ពោធិ​សាត់​ ​កំពង់ឆ្នាំង​ ​បាត់ដំបង​ ​សៀមរាប​ ​និង​ខេត្ត​ត្បូងឃ្មុំ​ ​ក្នុង​បំណង​សំខាន់​គឺ​ផលិត​ពូជស្រូវ​ក្រអូប​ ​និង​ផលិត​បន្លែ​សុវត្ថិភាព​ប្រកបដោយ​និរន្តរភាព​ ​ក្នុង​ទិសដៅ​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ឱ្យ​ទីផ្សារ​ក្នុង​ខេត្ត​ ​និង​ទីផ្សារ​រាជធានី​ភ្នំពេញ​ ​និង​ឈាន​ទៅកាត់​បន្ថយ​ការនាំចូល​។​

​ដោយឡែក​គោលបំណង​នៃ​ពិ​ពណ៌​ផ្សារណាត់​បន្លែ​និង​ផលិតផល​សុវត្ថិភាព​នា​ថ្ងៃនេះ​គឺទី១​.​ ​ផ្តល់​ឱកាស​ឲ្យ​អ្នក​ផលិត​ដាក់​តាំង​បង្ហាញ​ផលិតផល​របស់​ពួកគាត់​ដល់​សាធារណៈ​ជន​ ​ទី២​.​ ​ស្វែងរក​ទីផ្សារ​ដើម្បី​លក់​ផលិតផល​តាមរបៀប​បញ្ជាទិញ​ ​ធានា​បាន​បរិមាណ​ ​គុណភាព​ ​និង​តម្លៃ​តាមរយៈ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ទី៣​.​ ​ជំរុញ​ការផលិត​បន្លែ​និង​ផលិតផល​តាម​បច្ចេកទេស​ ​ស្តង់ដារ​ត្រឹមត្រូវ​ ​ធានា​គុណភាព​ ​សុវត្ថិភាព​ ​ឆ្លើយតប​តាម​ត​ម្រូ​វវ​ចិត្ត​អ្នក​បរិភោគ​ ​និង​ទីផ្សារ​ក្នុង​ស្រុក​ ​ទី៤​.​ ​ជំរុញ​និង​លើកទឹកចិត្ត​អ្នក​ដាំ​ ​ឱ្យ​ផលិត​បន្លែ​សុវត្ថិភាព​ ​ធានា​និរន្តរភាព​បរិមាណ​ផ្គត់ផ្គង់​ ​និង​ធានា​ជូន​អ្នក​បរិភោគ​អំពី​សុវត្ថិភាព​ ​គុណភាព​ ​និង​អនាម័យ​ ​ដើម្បី​លើកកម្ពស់​សុខភាព​សាធារណៈ​ ​និង​ទី៥​.​ ​ផ្តល់​ឱកាស​ឲ្យ​មន្រ្តី​ជំនាញ​ ​អ្នក​ផលិត​ ​សហគមន៍​ ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម​បាន​ជួប​និង​ពិភាក្សា​គ្នា​ ​ផ្លាស់​ប្តូរ​បទពិសោធន៍​ ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ ​ស្វែងរក​ ​និង​សិក្សា​បន្ថែម​ពី​បច្ចេកទេស​ធ្វើ​យ៉ាងណា​ផលិត​ផលិតផល​ធានា​បាន​ទាំង​បរិមាណ​ ​គុណភាព​ ​អនាម័យ​ ​និង​សុវត្ថិភាព​បន្លែ​ ​និង​ផលិត​ផល​ផ្សេង​ៗ​ទៀត​។​

​មាន​មតិ​សំណេះសំណាល​នា​ឱកាស​នេះ​ ​ឯកឧត្តម​រដ្ឋមន្រ្តី​បាន​កោត​សរ​សេីរ​ ​និង​វាយតម្លៃ​ខ្ពស់​ដល់​ថ្នាក់ដឹកនាំ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ ​មន្ទីរ​កសិកម្ម​ខេត្ត​ ​មន្រ្តី​អនុវត្ត​គម្រោង​គ្រប់​លំដាប់ថ្នាក់​ ​កសិករ​ ​និង​សហគមន៍​ផលិត​បន្លែ​ ​ដែល​បាន​ខិតខំ​យក​អស់​កំលាំង​កាយ​ចិត្ត​អនុវត្ត​គម្រោង​សម្រេច​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​ ​ជាពិសេស​ឯកឧត្តម​រដ្ឋមន្រ្តី​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ ​តាមរយៈ​ក្រសួង​សេដ្ឋ​ ​កិច្ច​និង​ហិរញ្ញវត្ថុ​ ​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ផ្តោត​សំខាន់​ទៅលើ​ការផលិត​ពូជស្រូវ​ក្រអូប​ ​និង​ផលិត​បន្លែ​សុវត្ថិភាព​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុង​ស្រុក​ ​រួច​ឈាន​ទៅកាត់​បន្ថយ​បរិមាណ​បន្លែ​នាំចូល​ពី​ប្រទេសជិតខាង​។​

​យោង​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​កសិកម្ម​ ​បានឱ្យ​ដឹង​ថា​ក្នុង​ឆ្នាំ២០១៨​ ​ទីផ្សារ​ទាំង១៨​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ចំនួន៨​ ​ទៀត​ ​ត្រូវការ​បន្លែ​ចំនួន​ ​៥៤៣តោន​ក្នុង១ថ្ងៃ​ ​ក្នុង​នោះ​ ​៤០០តោន​គឺជា​ផលិតផល​ក្នុង​ស្រុក​ ​និង១៧០តោន​ ​ទៀត​ត្រូវ​បាន​នាំចូល​ពី​បរទេស​មាន​វៀតណាម​ ​ថៃ​ ​និង​ចិន​។​ ​ដោយសារ​កំណើន​សេដ្ឋកិច្ច​ ​ប្រជាជន​ ​ភ្ញៀវ​ទេសចរណ៍​ ​និង​កម្រិតជីវភាព​កាន់​ល្អ​ប្រសើរ​ ​ធ្វើ​ឱ្យ​និន្នាការ​នៃ​ការ​បរិភោគ​បន្លែ​ចាំបាច់​ត្រូវ​មានការ​ប្រែប្រួល​ដោ​យស្វៃ​ប្រវត្តិ​ពីអ​សុវត្ថិភាព​ ​ទៅជា​សុវត្ថិភាព​ ​គុណភាព​ ​និង​អនាម័យ​ ​ដើម្បី​សុខភាព​។​ ​ហេតុផល​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មាន​មតិ​ផ្តាំផ្ញើ​បន្ថែម​ដល់​ថ្នាក់ដឹកនាំ​អគ្គនាយក​ដ្ឋាន​ ​មន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​មន្រ្តី​បង្គោល​អនុវត្ត​គម្រោង​ ​អ្នក​ផលិត​ ​អាជីវករ​ ​និង​អ្នក​បរិភោគ​ ​ឱ្យ​យកចិត្ត​ទុកដាក់​ ​និង​ខិតខំ​អនុវត្ត​បន្ថែម​ទៀត​លើ​ចំណុច​គន្លឹះ​សំ​ខាន់​ៗ​ដូចតទៅ​÷​ ​-​ ​បន្ត​ជំរុញ​ការផលិត​បន្លែ​ ​និង​ផលិត​ផល​ផ្សេង​ៗ​ទៀត​ឱ្យ​ត្រឹមត្រូវ​តាម​ស្តង់ដារ​ទីផ្សារ​ដើម្បី​បង្កើន​ឧត្តមភាព​ ​ប្រកួតប្រជែង​ ​និង​លើកកម្ពស់​តម្លៃបន្ថែម​។​ ​-​ជំរុញ​ការ​ធ្វើ​ពាណិជ្ជូ​បនី​យក​ម្ម​កសិកម្ម​ ​តាម​រយ:បន្ត​ពង្រឹង​ប្រព័ន្ធ​អនាម័យ​ ​និង​ភូតគាម​អ​នប​និ​សោ​ធ​ន៍​។​ ​-​លើកកម្ពស់​ការកែច្នៃ​ ​វេច​ខ្ចប់​ ​និង​រក្សាទុក​ផលិតផល​ក្នុង​ម៉ាស៊ីន​ត្រជាក់​តាម​ស្តង់ដារ​ឱ្យ​បាន​សមស្រប​តាម​តម្រូវចិត្ត​អ្នក​បរិភោគ​និង​ទីផ្សារ​។​ ​-​ជំរុញ​ ​និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សហគមន៍​កសិកម្ម​ ​កសិដ្ឋាន​ ​និង​កសិករ​គំរូ​ ​តាម​រយ:ការរៀបចំ​ផែនការ​ផលិតកម្ម​ ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ផ្គត់ផ្គង់​មាន​និរន្តរភាព​ ​ជាពិសេស​ជំរុញ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។​-​ ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ ​មន្ទីរ​កសិកម្ម​ត្រូវ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដោយ​ប្រើប្រាស់​យន្តការ​ថ្មី​ ​ទំនើប​ ​និង​ជាពិសេស​បន្ត​ចុះ​ពិនិត្យ​ ​និង​វាយតម្លៃ​ពី​ការអនុវត្ត​បច្ចេកទេស​សមស្រប​ ​ដើម្បី​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការអនុវត្ត​កសិកម្ម​ល្អ​ហៅ​កាត់​ថា​ ​GAP​។​ ​-​បន្ត​រៀបចំ​ផ្សារណាត់​បន្លែ​ ​និង​ផលិតផល​សុ​វត្ត​ភាព​ឱ្យ​បាន​ទៀងទាត់​ ​និង​គ្រប់​ទីកន្លែង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close