រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​ចូលរួម​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​និង​ផែនការ​អ​ភិ​វ​ឌ្ឈ៏​វិស័យ​កសិកម្ម​ជូន​អង្គការ​មិន​មែ​នរដ្ឋាភិបាល​

​នៅ​ទី​ស្តី​ការក្រ​សួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​កាលពី​ព្រឹក​ថ្ងៃពុធ​ ​ទី៦​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ឯកឧត្តម​រដ្ឋមន្រ្តី​ ​វេង​ ​សា​ខុន​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​ ​និង​ផែនការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ជូន​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​(​NGO​)​ ​ក្នុង​ក្របខ័ណ្ឌ​វិស័យ​កសិកម្ម​ចំនួន​ជាង​ ​៤០​ ​ក្នុង​នោះ​ ​២៣​ ​ជា​អង្គការ​ ​NGO​ ​ក្នុង​ស្រុក​ ​និង​ ​១៧​ ​ទៀត​ជា​អង្គការ​ ​NGO​ ​ក្រៅប្រទេស​។​

​វិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ផង​ដែរ​ពីសំណាក់​ឯកឧត្តម​ថ្នាក់ដឹកនាំ​ក្រសួង​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​នាងកញ្ញា​ ​និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ដែល​កំពុង​បំពេញភារកិច្ច​នៅ​ទូទាំង​ផ្ទៃ​ប្រទេស​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ​។​

​សិក្ខាសាលា​នេះ​មាន​គោល​បំណង​ធំៗ​ចំនួន០៣​ ​គឺទី១​.​ ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ជាមួយ​អង្គការ​ ​NGO​ ​ដែល​កំពុង​បំពេញភារកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ ​ទី២​.​ ​បង្កើត​ឱកាស​ឲ្យ​ភាគី​ទាំងពីរ​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ ​សន្ទនា​គ្នា​ ​បង្កើន​ភាតរភាព​ស្និទ្ធស្នាល​ ​សាមគ្គី​ ​គោរព​ ​និង​យោគយល់​គ្នា​ល្អ​ប្រសើរ​ ​រួច​រួមគ្នា​បន្ត​បម្រើ​និង​ការពារ​នូវ​ឧត្តម​ប្រយោជន៍ជាតិ​ ​សង្គម​ ​និង​ប្រជាជន​កម្ពុជា​យ៉ាង​ពិតប្រាកដ​ ​ទី៣​.​ ​រួមគ្នា​កំណត់​នូវ​បញ្ហា​ប្រឈម​នានា​ ​ពិនិត្យមើល​ឡើងវិញ​អំពី​ចំណុចខ្លាំង​ ​ចំណុចខ្សោយ​ ​ឧបសគ្គ​ ​រួច​លើក​ទិសដៅ​សម្រាប់​ជា​ចក្ខុវិស័យ​អនុវត្ត​បន្ត​ឲ្យ​កាន់តែ​មាន​សកម្មភាព​ទ្វេឡើង​ ​ទូលំទូលាយ​ ​និង​មានប្រសិទ្ធភាព​ខ្ពស់​ ​ឆ្លើយតបទៅនឹង​តម្រូវការ​ពិតប្រាកដ​របស់​ប្រជាជន​ ​ផែនការ​ ​និង​កម្មវិធី​អភិវឌ្ឍន៍​ជាតិ​ ​ពិសេស​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ ​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ ​និង​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​ ​របស់​រាជរដ្ឋាភិបាល​។​

ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​ក្រសួង​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ ​និង​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​គ្រប់​បណ្តា​អង្គការ​ ​NGO​ ​ទាំងអស់​ដែល​មាន​សមានចិត្ត​ ​និង​សុឆន្ទៈ​ក្នុង​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរការ​កសាង​ ​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក្នុង​គ្រប់​កាលៈទេសៈ​ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​ ​៧មករា​ ​កម្ពុជា​គឺជា​ប្រទេស​អសន្តិសុខ​ស្បៀង​ ​និង​អសន្តិសុខ​សង្គម​ ​រហូត​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ​ ​និង​ក្លាយជា​ប្រទេស​ផលិត​ស្បៀង​សម្រាប់​នាំចេញ​ ​និង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ ​៧​%​ ​ហើយ​ប្រាកដ​ណាស់​ថាស​មិទ្ធ​ផល​ទាំងអស់​នេះ​ពិតជា​បាន​មក​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ ​និង​សហការ​គ្នា​ល្អ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។​ ​ដើម្បី​រក្សា​សមិទ្ធផល​ទាំងអស់​នេះ​ឲ្យ​មាន​ចីរភាព​ ​និង​និរន្តរភាព​ ​ក្រសួង​ប្ដេជ្ញា​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ ​និង​ស្វាគមន៍​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​អង្គការ​ ​NGO​ ​ទាំងអស់​ដែល​ប្រតិបត្តិ​ដោយ​សុឆន្ទៈ​ ​និង​ឈរ​លើ​ឧត្តមគតិ​បម្រើ​ប្រយោជន៍ជាតិ​ ​និង​ប្រជាជន​ជាធំ​។​ ​សិក្ខាសាលា​នេះ​ ​ក៏​ពិត​ថា​ជា​ការ​ជួបជុំ​លើក​ទី១​ ​ប៉ុន្តែ​ឯកឧត្តម​រដ្ឋមន្រ្តី​សង្ឃឹមថា​វា​ប្រាកដជា​នឹង​រួមចំណែក​លើកកម្ពស់​ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រួមគ្នា​ ​បង្កើន​ភាព​ស្និទ្ធស្នាល​ ​កំណត់​នូវ​បញ្ហា​ប្រឈម​នានា​ ​ពិនិត្យមើល​ឡើងវិញ​អំពី​ចំណុចខ្លាំង​ ​ចំណុចខ្សោយ​ ​លើក​ទិសដៅ​អនុវត្ត​ច្បាស់លាស់​ ​សម្រាប់​ជា​ចក្ខុវិស័យ​អនុវត្ត​បន្ត​ឲ្យ​កាន់តែ​មាន​សកម្មភាព​ទ្វេរ​ឡើង​ ​ទូលំទូលាយ​ ​និង​មានប្រសិទ្ធភាព​ខ្ពស់​ ​។​ ​នេះ​ជា​ឱកាស​មួយ​ដែល​យើង​អាច​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា​អំពី​ការចូលរួម​ចំណែក​របស់​អង្គការ​ ​NGO​ ​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​សង្គម​ ​សេដ្ឋកិច្ច​ជាតិ​ ​ក៏ដូចជា​ការប្រើ​ប្រាស់​មូលនិធិ​ឱ្យ​បាន​ចំ​ទិសដៅ​ ​មានប្រសិទ្ធភាព​ខ្ពស់​ ​ឆ្លើយតបទៅនឹង​តម្រូវការ​ពិតប្រាកដ​របស់​ប្រជាជន​។​

ក្នុង​គោលដៅ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួង​ជាមួយ​អង្គការ​ ​NGO​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​រក្សា​កំណើន​សេដ្ឋកិច្ច​ ​កំណើន​ចំណូល​គ្រួសារ​ ​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង​ ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ទីផ្សារ​ ​ទទួលយក​បច្ចេកវិទ្យា​ទំនើប​មក​អនុវត្ត​ ​ការប្រែប្រួល​អាកាសធាតុ​ ​ដើរ​ឲ្យ​ទាន់​បរិបទ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ ​និង​សាកល​ភាវូបនីយកម្ម​ ​ឯកឧត្តម​រដ្ឋមន្រ្តី​បាន​ផ្តល់​នូវ​គំ​និ​ត​ថ្មី​ៗ​បន្ថែម​ទៀត​ជូន​ថ្នាក់ដឹកនាំ​និង​មន្រ្តី​គ្រប់​លំដាប់ថ្នាក់​ ​ព្រមទាំង​អង្គការ​ ​NGO​ ​ពាក់ព័ន្ធ​ទាំងអស់​សម្រាប់​ជា​មូលដ្ឋាន​យក​ទៅ​អនុវត្ត​បន្ត​ ​ដែល​មានខ្លឹមសារ​ដូចតទៅ​៖​ ​ទី១​.​ ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ត​ខិតខំ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ​ដើម្បី​សម្រេច​នូវ​គោលដៅ​នៃ​ការកែទម្រង់​វិស័យ​កសិកម្ម​ ​ពិសេស​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​។​ ​ទី២​.​ ​អង្គការ​ ​NGO​ ​គួរ​យកចិត្ត​ទុកដាក់​ជួយ​ពង្រឹង​សមត្ថភាព​សហគមន៍​កសិកម្ម​ឲ្យ​មាន​លក្ខណៈ​ជា​កសិ​ធុរកិច្ច​ ​និង​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ឲ្យ​មានប្រសិទ្ធភាព​ខ្ពស់​។​ ​ទី៣​.​ ​ត្រូវ​ខិតខំ​រួមគ្នា​ដើម្បី​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​កសិកម្ម​ ​បង្កើន​តម្លៃបន្ថែម​ខ្ពស់​ ​និង​មាន​សក្តា​នុ​ពល​លើ​ផលិតកម្ម​ដំណាំ​ ​ការ​ចឹញ្ចឹម​សត្វ​ ​និង​វារីវប្បកម្ម​។​ ​ជាមួយគ្នា​នេះ​ ​អង្គការ​ ​NGO​ ​ត្រូវ​ខិតខំ​បន្ត​ការ​បណ្តុះបណ្តាល​និង​ផ្សព្វ​ផ្សាយ​ប​ចេ្ច​ក​វិទ្យា​ដំណាំ​កសិកម្ម​។​ ​ទី៤​.​ ​ពង្រឹង​ការអនុវត្ត​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ក្រោម​ច្បាប់​ប្រកបដោយ​តម្លាភាព​ ​គណនេយ្យ​ភាព​ ​សុ​ច្ច​រិត​ភាព​ ​និង​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះមុខ​ច្បាប់​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ​បង្កើន​ប្រសិទ្ធភាព​ការងារ​ ​យោគយល់​ ​សាមគ្គីភាព​ឲ្យបាន​ល្អ​ប្រសើរ​ ​ប្រកបដោយ​ភាព​សុខដុម​។​ ​ទី៥​.​ ​សូមឲ្យ​អង្គការ​ ​NGO​ ​បន្ត​សហការ​អនុវត្ត​ខ្លឹមសារ​អនុស្សរណៈ​យោគយល់​គ្នា​ឲ្យបាន​ខ្ជាប់ខ្ជួន​ ​ពេល​លេញ​ ​និង​មានប្រសិទ្ធភាព​ ​និង​សូម​ជៀសវាង​ជាដាច់ខាត​នូវ​សកម្មភាព​ទាំងឡាយ​ណា​ដែល​អាច​ជាប់ពាក់ព័ន្ធ​ការ​ធ្វើនយោបាយ​ ​ការ​គាំទ្រ​ដល់​ការ​លាង​សម្អាត​ប្រាក់​ ​ហិរញ្ញប្បទាន​ភេរវកម្ម​ជាដើម​។​ ​

សូម​បញ្ជាក់​ជូន​ថាតាម​របៀបវារៈ​ ​សិក្ខាសាលា​នេះ​ ​ក៏​មានការ​ធ្វើ​បទ​បង្ហាញ​ដែល​មាន​ប្រធានបទ​ជាច្រើន​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដោយ​មន្រ្តី​ជំនាញ​ ​និង​តំណាង​អង្គការ​ ​NGO​ ​និង​កិច្ចពិភាក្សា​ ​សំណួរ​ ​ចំលើយ​យ៉ាង​ផុលផុស​ប្រកបដោយ​សាមគ្គីភាព​ ​ភាព​ទទួលខុសត្រូវ​ ​និង​សហប្រតិបត្តិ​ការ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close