រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​ជួប​នា​យក​ប្រ​ត្ត​បត្តិ​គម្រោង​ផ្នែក​កសិកម្ម​ ​និង​ធនធាន​ធម្មជាតិ​

​នៅ​ទី​ស្តី​ការក្រ​សួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​កាលពី​ព្រឹក​ថ្ងៃទី៦​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​វេង​ ​សា​ខុន​ ​បាន​ទទួល​ជួប​លោក​ ​Jaing​ ​Feng​ ​Zhang​ ​នាយក​ប្រតិបត្តិ​គម្រោង​ផ្នែក​កសិកម្ម​ ​និង​ធនធាន​ធម្មជាតិ​នៃ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ADB​ ​និង​សហការី​ដើម្បី​ស្នើសុំ​ការណែនាំ​ ​ចង្អុលបង្ហាញ​ ​និង​ការណែនាំ​បន្ថែម​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ទាំង​ចំណុចខ្លាំង​ ​ចំណុចខ្សោយ​ ​និង​បញ្ហា​ប្រឈម​ ​ដើម្បី​យក​ទៅ​កែ​លម្អ​ ​បំពេញបន្ថែម​នូវ​រាល់​ចំណុច​ខ្វះខាត​របស់​គម្រោង​ដែល​ ​ADB​ ​បាន​ជួយ​កន្លងមក​ ​និង​ជាពិសេស​សេចក្តី​ត្រូវការ​ជាអាទិភាព​របស់ក្រ​សួង​ដើម្បី​អភិវឌ្ឍ​លើ​អនុ​វិស័យ​នី​មួយ​ៗ​ ​និង​ផែនការ​យុទ្ធ​សាស្រ្ត​សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម​។​ ​

​មាន​មតិ​ស្វាគមន៍​ ​តាម​រយ:លោក​ ​Jaing​ ​Feng​ ​Zhang​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ ​ADB​ ​ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ​ជាពិសេស​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ជូន​ភ្ញៀវ​ថា​ ​គោលដៅ​របស់ក្រ​សួង​រយៈពេល​កន្លងមក​គឺ​ផ្តោត​ជា​សំខាន់​លើ​ការផលិត​ស្រូវ​ ​និង​ការនាំចេញ​ ​ដោយឡែក​ក្នុង​បរិបទ​ថ្មី​នៃ​កំណើន​សេដ្ឋកិច្ច​ ​ការ​កើនឡើង​នៃ​ចំនួន​ប្រជាជន​ ​ទេសចរណ៍​ ​និង​តម្រូវការ​នៃ​ទីផ្សារ​បាន​តម្រូវឲ្យ​ក្រសួង​ពង្រឹង​ ​ពង្រីក​ ​និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​គោលដៅ​របស់​ខ្លួន​មក​ផ្តោត​លើ​ការ​ធ្វើ​កសិកម្ម​ចម្រុះ​ ​និង​ផលិតផល​ដែល​មាន​សក្កា​នុ​ពល​ខ្ពស់​ដូចជា​ ​ដំឡូងមី​ ​ពោត​ចំណី​ ​ស្វាយ​ ​ស្វាយចន្ទី​ ​និង​ជាពិសេស​សាកវប្បកម្ម​ ​ធ្វើ​យ៉ាងណា​ជួយ​ប្រជាកសិករ​បង្កើន​ប្រាក់ចំណូល​ ​និង​លើកកម្ពស់​ជីវភាពរស់នៅ​ស្របតាម​បរិបទ​ថ្មីនេះ​។​ ​ដូច្នេះ​ ​ដើម្បី​អភិវឌ្ឍ​វិស័យ​នេះ​ប្រកបដោយ​ចីរភាព​ ​និង​និរន្តរភាព​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ ​ADB​ ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​លើ​ការ​បំពេញ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​ដោយ​ចាប់ផ្តើម​ពី​ ​A​ ​ដល់​ ​Z​ ​ធ្វើ​យ៉ាងនេះ​ដើម្បី​បង្កើន​តម្លៃបន្ថែម​ដល់​កសិផល​ ​ពង្រីក​និង​ពង្រឹង​ការកែច្នៃ​ ​វេច​ខ្ចប់​ ​ឃ្លាំង​ស្តុក​ ​ឡ​សម្ងួត​ ​ការ​រក្សាទុក​ដាក់​ក្នុង​បន្ទប់​ត្រជាក់​ ​និង​ការ​ដឹកជញ្ជូន​ប្រកបដោយ​ជំនាញ​ ​បច្ចេកទេស​ ​និង​ការធានា​ដល់​គុណភាព​ ​សុ​វត្តិភាព​ទាំង​អនាម័យ​និង​ភូតគាម​អនាម័យ​ ​និង​ជាពិសេស​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​។​ ​

​ក្រៅពី​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​ ​ADB​ ​ពិនិត្យ​ពិចារណា​រៀបចំ​គម្រោង​អភិវឌ្ឍ​អនុ​វិស័យ​ជលផល​ ​ផ្នែក​វារីវប្បកម្ម​និង​ការកែច្នៃ​ ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ ​ឈាន​ទៅដល់​បង្កើន​ការនាំចេញ​ ​និង​ជាពិសេស​កាត់បន្ថយ​ការ​ពឹង​អាស្រ័យ​លើ​ធនធាន​ធម្មជាតិ​។​ ​ពាក់ព័ន្ធ​នឹង​អនុ​វិស័យ​ផលិតកម្ម​សត្វ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​លើក​ពី​ចំណុច​សំខាន់​នៃ​ផលិតកម្ម​គោ​ ​ដោយ​ផ្តោត​លើ​ការ​បង្កាត់​សប្ប​និម្មិត​ពូជ​គោ​ដែល​កំពុង​មាន​សក្តា​នុ​ពល​លើ​ទីផ្សារ​ ​ហើយដែល​ជា​ប្រភព​ចំណូល​សម្រាប់​កសិករ​នៅ​ជនបទ​យ៉ាង​រឹងមាំ​។​ ​ដោយឡែក​ ​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដែល​សំដៅ​ជាពិសេស​លើ​ការប្រើ​ប្រាស់​ទឹក​បៃតង​ ​ផ្ទះ​កញ្ចក់​ ​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​ ​ការ​ធ្វើ​ផលិតកម្ម​តាម​កិច្ចសន្យា​ ​និង​ការ​គាំទ្រ​សហការ​ជាមួយ​វិស័យ​ឯកជន​ក្នុង​ការផលិត​ពូ​ជ​គ្រិះ​សុទ្ធ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ទាញអារម្មណ៍​ឲ្យ​ ​ADB​ ​ក្រឡេក​មើល​ពីសា​រៈសំ​ខាន់​របស់​វា​ ​ដែល​ជា​គន្លឹះ​ដ៏​សំខាន់​ជួយ​បំពេញបន្ថែម​ខ្សែ​ច្រវាក់​ផលិតកម្ម​ ​តម្លៃបន្ថែម​ ​និង​ផលិតភាព​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ទាំង​ក្នុង​ស្រុក​និង​នាំចេញ​។​

​ជា​ការ​ឆ្លើយតប​ ​លោក​ ​Jaing​ ​Feng​ ​Zhang​ ​សូម​ឯកភាព​លើ​ការ​លើកឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ហើយ​ពិតជា​ល្អ​និង​សំខាន់​សម្រាប់​រូបលោក​និង​សហការី​យក​ទៅ​ពិនិត្យ​ ​ពិចារណា​ផ្តល់​ការ​គាំទ្រ​ ​និង​ជាពិសេស​បញ្ចូល​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ថ្មី​ដែល​ ​ADB​ ​កំពុង​ចងក្រង​សម្រាប់​កម្ពុជា​។​ ​ហើយ​លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ADB​ ​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​មក​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ដើម្បី​អភិវឌ្ឍ​វិស័យ​នេះ​កាន់តែ​មាន​ភាព​រីកចម្រើន​ថែម​មួយ​កម្រិត​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close