សមយុទ្ធ​នាគ​មាស​ឆ្នាំ២០១៩​ ​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃស្អែក​

​លំហាត់​សមយុទ្ធ​នាគ​មាស​ឆ្នាំ២០១៩​ ​រវាង​កងទ័ព​កម្ពុជា​ ​និង​ចិន​ ​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី១៣​ ​ខែមីនា​ ​ស្អែកនេះ​ហើយ​ ​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​ ​សាលា​ហ្វឹកហ្វឺន​តេជោ​សែន​ជុំគីរី​ ​របស់​កងពលតូច​លេខ៧០​ ​មាន​ទីតាំងនៅ​ក្នុង​ឃុំ​ត្រពាំងរាំង​ ​ស្រុក​ជុំគីរី​ ​ខេត្តកំពត​។​

​លំហាត់​សមយុទ្ធ​នេះ​ ​មាន​ភាគី​កងទ័ព​រំដោះប្រជាជន​ចិន​ ​ចូលរួម​ចំនួន២៥២នាក់​ ​និង​ភាគី​កម្ពុជា​ ​ចំនួន២ពាន់៥៤២នាក់​ ​ក្នុង​នោះ​មាន​កម្លាំង​ធ្វើលំ​ហាត់​ចំនួន៣៨២នាក់​ ​កម្លាំង​បម្រើការ​ក្នុង​លំហាត់​ ​ចំនួន​ ​៤៤៨នាក់​ ​កម្លាំង​ចូលរួម​ក្នុង​ពិធី​បើក​-​បិទ​ ​ចំនួន១ពាន់៦៨៥នាក់​។​

​លោកនាយ​ឧត្តមសេនីយ៍​ ​ឈុំ​ ​សុ​ជាតិ​ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​ ​បាន​ឲ្យដឹង​ថា​ ​លំហាត់​ហ្វឹកហ្វឺន​នាគ​មាស​ ​ឆ្នាំ២០១៩​ ​ធ្វើឡើង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ ​រវាង​កងយោធពល​ខេមរភូមិន្ទ​ ​ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន​ ​ដើម្បី​ផ្លាស់​ប្តូរ​បទពិសោធន៍​ធ្វើលំ​ហាត់​រួមគ្នា​ ​លើ​កិច្ចការ​មនុស្សធម៌​ការ​ ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ ​ការ​ប្រឆាំង​ភេវរ​កម្ម​ ​ការ​រក្សា​សន្តិភាព​ ​ក្នុង​ក្របខណ្ឌ​របស់​អង្គការសហប្រជាជាតិ​ ​ក្នុង​មួយ​ឆ្នាំ​ម្តង​ៗ​ ​និង​គ្រប់​ប្រភេទ​ទ័ព​ ​ស្របតាម​កិច្ច​សហប្រតិបត្តិ​ការ​ ​របស់ក្រ​សួង​ការពារ​ជាតិ​ ​នៃ​ប្រទេស​ទាំងពីរ​។​

​លំហាត់​សមយុទ្ធ​នេះ​ ​ក៏​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​គោលជំហរ​របស់​រាជរដ្ឋាភិបាល​ ​ជាពិសេស​ ​កងយោធពល​ខេមរភូមិន្ទ​ ​ក្នុង​ការអនុវត្ត​នយោបាយ​ការពារ​ជាតិ​ ​រវាង​ប្រទេស​ទាំងពីរ​ ​(​កម្ពុជា​-​ចិន​)​ ​លើ​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ​ក្នុង​ការ​ជួយគ្នា​លើ​គ្រប់​វិស័យ​ ​និង​គ្រប់ជ្រុងជ្រោយ​ទាំងអស់​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close