សមត្ថកិច្ច​ព្រំដែន​ខ្សែ​ដែក​ ​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ជ្រូក​រស់​ចូល​ ​ខណៈ​ក្រសួង​កសិកម្ម​ចេញ​សេចក្តី​ណែនាំ​ហាមឃាត់​

ខ​ណះ​ដែល​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ចេញ​សេចក្តី​ណែនាំ​ដោយ​ហាមប្រាម​ការនាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ ​ព្រោះតែ​ប្រទេស​មួយ​នេះ​កំពុង​ផ្ទុះ​ជំងឺ​ដ៏​កាច​សាហាវ​លើ​សត្វ​ជ្រូក​នោះ​ ​បែរជា​សមត្ថកិច្ច​ ​នៃ​ច្រក​ទ្វារ​ព្រំដែន​ខ្សែ​ដែក​ ​ស្ថិត​ក្នុង​ស្រុក​រមាសហែក​ ​នៃ​ខេត្តស្វាយរៀង​ ​បើកឲ្យ​មានការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ទៅវិញ​។​

​ការ​រក​ឃើញ​នូវ​ការនាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​នេះ​ ​គឺ​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ដែល​រួមមាន​មន្រ្តី​ពេទ្យសត្វ​ ​កាលពី​ថ្ងៃទី១៣​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​បាន​ឃាត់​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ ​មាន​ដឹក​ជ្រូក​រស់​ចំនួន១៨ក្បាល​ ​នៅ​ចម្ងាយ​ប្រមាណ៣០០ម៉ែត្រ​ពី​ច្រកព្រំដែន​ខ្សែ​ដែក​ ​ក្នុង​ស្រុក​រមាសហែក​ ​ប្រុង​ដឹក​យក​ទៅកាន់​ខេត្តព្រៃវែង​។​

​បើ​តាម​អ្នក​បើករថយន្ត​ដឹក​ជ្រូក​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​បាន​ឲ្យដឹង​ថា​ ​គាត់​មិនមែន​ជា​ម្ចាស់​ជ្រូក​ទេ​ ​គ្រាន់តែ​រក​សុី​ដឹក​ជ្រូក​ឲ្យ​គេ​ប៉ុណ្ណោះ​ ​ដោយ​ក្នុង​មួយ​ក្បាល​ឈ្នួល​ដឹក៣ម៉ឺន​រៀល​ ​ហើយ​ម្ចាស់​នៅ​ស្រុក​មេសាង​ខេត្តព្រៃវែង​។​ ​លោក​ថា​ ​មាន​រថយន្ត​ជាច្រើន​គ្រឿងក្នុង​មួយ​ថ្ងៃ​ៗ​ចូល​ដឹក​ជ្រូក​រស់​តាម​ច្រក​ទ្វា​តំបន់​ព្រំដែន​ខ្សែ​ដែក​នេះ​ដោយ​បង់លុយ​ឲ្យ​ខាង​នគរបាល​ឈរជើង​ច្រក​ទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក​នេះ​ ​ក្នុង​មួយ​រថយន្ត៣ម៉ឺន​រៀល​ ​និង​ទា​ហ៊ាន២ម៉ឺន​រៀល​ក្រៅពី​នេះ​គ្មាន​បង់​ទៀត​ទេ​។​

​លោក​ ​ថាច់​ ​រតនា​ ​ប្រធានមន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ ​និង​នេសាទ​ខេត្តស្វាយរៀង​បាន​ថ្លែង​ថា​ ​សមត្ថកិច្ច​ជំនាញ​របស់​លោក​បាន​ធ្វើការ​ឃាត់​រថយន្ត​ដឹក​សត្វ​ជ្រូក​រស់​ចំនួន១៨ក្បាល​យក​មក​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង​ ​ដើម្បី​អនុវត្ត​បច្ចេកទេស​ ​បូមឈាម​ជ្រូក​ទាំងអស់​នោះ​យក​ទៅ​ពិសោធ​នៅ​រាជធានី​ភ្នំពេញ​។​

​លោក​ ​ថាច់​ ​រតនា​ ​បាន​បញ្ជាក់​ទៀត​ថា​ ​បើ​តាម​គោល​ការ​របស់ក្រ​សួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ ​គឺ​បិទ​ទាំងស្រុង​ ​មិន​អនុញ្ញាតិ​ឲ្យ​នាំ​សត្វ​ជ្រូក​ចូល​មក​ប្រទេស​កម្ពុជា​ទៀត​ទេ​ដោយសារ​ប្រទេស​វៀតណាម​កំពុងតែ​ផ្ទុះ​ជំងឺ​ដ៏​កាច​សាហាវ​នៅ​លើ​សត្វ​ជ្រូក​ ​និង​អាច​ឆ្លង​មក​មនុស្ស​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​លោក​មេ​ប៉ុស្តិ៍​ប្រចាំ​ច្រក​ទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក​បាន​ថ្លែង​ថា​ ​ប៉ុស្តិ៍​លោក​ពុំ​បាន​បើកឲ្យ​មានការ​ដឹក​ជ្រូក​ចូល​ដូច​ក្រុម​មន្ត្រី​ ​និង​អ្នក​បើករថយន្ត​នោះ​ថា​ទេ​ ​ហើយ​ថា​ ​លោក​គ្មាន​សិទ្ធ​បើកឲ្យ​នាំ​ជ្រូក​ចូល​ទេ​ ​ហើយ​ការ​ចាប់​ក៏​មិនបាន​នៅ​ច្រក​ដែរ​ ​គឺ​ចាប់​ឆ្ងាយ​ពី​ច្រក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close