កម្ពុជា​នឹង​ខ្វះខាត​អគ្គិសនី៤០០មេ​ហ្គា​វ៉ាត់​ ​នៅក្នុង​រដូវប្រាំង​នេះ​

​សម្តេច​ ​ហ៊ុន​ ​សែន​ ​បាន​លើកឡើង​នៅក្នុង​ឱកាស​ពិធី​បើក​បុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​កាលពី​ចុង​សប្តាហ៍​នេះ​ថា​ ​កត្តា​ប្រែប្រួល​អាកាសធាតុ​ ​បាន​ធ្វើឲ្យ​កម្ពុជា​ជួប​ប្រឈម​នឹង​បញ្ហា​គ្រោះ​រាំងស្ងួត​ ​ដែល​មាន​រយៈពេល​រហូតដល់​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ដែល​នេះ​ ​ធ្វើឲ្យ​កម្ពុជា​ជួប​បញ្ហា​ខ្វះខាត​ភ្លើង​ប្រើប្រាស់​រហូតដល់​ ​៤០០មេ​ហ្គា​វាត់​ ​ដែល​ទំហំ​នេះ​អាច​នឹង​កើនឡើង​ថែមទៀត​។​

​សូម​បញ្ជាក់​ថា​ ​វារី​អគ្គីស​នី​ដែល​កម្ពុជា​មាន​សព្វថ្ងៃ​នេះ​ ​គឺ​ដំណើរការ​បាន​ដោយមាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។​ ​ដូច្នេះ​ប្រសិនបើ​មិន​មាន​ទឹក​គ្រប់គ្រាន់​ទេ​ ​គឺ​វារីអគ្គិសនី​នឹង​ប្រឈម​បញ្ហា​ផលិត​ថាមពលអគ្គីសនី​មិនខាន​។​

​សម្តេច​ ​ហ៊ុន​ ​សែន​ ​បន្ត​ថា​ ​នៅពេល​នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​ដោយ​បន្ថែម​ម៉ាស៊ីនភ្លើង​ជាច្រើន​គ្រឿង​ដើម្បី​ចែកចាយ​ភ្លើង​។​ ​វិធានការ​ជាបន្ទាន់​នៅពេល​នេះ​ ​គឺ​ដើម្បី​ជំរុញ​ឱ្យ​សង្វាក់​ផលិតកម្ម​ទាំងអស់​ ​ពិសេស​ផលិតកម្ម​ម៉ាស៊ីន​កិនស្រូវ​ ​អាច​បន្តដំណើរ​ការកែច្នៃ​ផលិតផល​ស្រូវ​អង្ករ​ទៅ​បាន​ ​ជៀសវាង​ទទួលរង​នូវ​ផល​ប៉ះពាល់​នានា​។​

​ជាមួយគ្នា​នេះ​ ​សម្តេច​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ​និង​អាជីវករ​ទាំងអស់​ ​យោគយល់​ ​អធ្យាស្រ័យ​ក្នុងករណី​ដែល​នៅ​ទីកន្លែង​ខ្លះ​មាន​ដាច់​ភ្លើង​ ​និង​ការ​ខ្វះ​ភ្លើង​ប្រើ​ ​ព្រមទាំង​ស្នើ​ឲ្យ​ប្រើប្រាស់​ភ្លើង​ដោយ​សន្សំសំចៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close