ឆ្នាំនេះ​ ​អត់មាន​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ទេ​ ​ប៉ុន្តែ​មាន​សៀមរាប​សង្ក្រាន្ត​

អភិបាលខេត្ត​សៀមរាប​ ​បាន​ថ្លែង​ថា​ ​ឆ្នាំនេះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​មិនបាន​រៀបចំ​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នោះ​ទេ​ ​ប៉ុន្តែ​សហភាព​សហព័ន្ធ​យុវជន​ខេត្តសៀមរាប​សហការ​ជួយ​អាជ្ញាធរ​ខេត្ត​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ ​នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​សៀមរាប​សង្ក្រាន្ត​ ​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិខ្មែរ​ ​ដោយមាន​កម្មវិធី​សាសនា​ ​និង​ល្បែង​ប្រជា​ប្រិយ៍​ជាច្រើន​ ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ ​និង​ភ្ញៀវ​ទេសចរ​ចូលលេង​កម្សាន្ត​នៅ​តំបន់​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​។​

​លោក​ ​ទៀ​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​ ​បាន​បញ្ជាក់​ថា​ ​បើ​ទោះ​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ​ ​មិនបាន​ធ្វើ​ប៉ុន្តែ​សូម​បងប្អូន​មក​កម្សាន្ត​សប្បាយ​នៅ​ខេត្តសៀមរាប​ដូច​ឆ្នាំ​មុន​ៗ​ទៀត​ ​ព្រោះ​នៅ​ខេត្តសៀមរាប​ ​មាន​រៀបចំ​សៀមរាប​សង្ក្រាន្ត​ ​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ​ដោយមាន​កម្មវិធី​សាសនា​ ​និង​ល្បែង​ប្រជា​ប្រិយ៍​ជាច្រើន​។​

​លោក​អភិបាល​ខេ​ត្ដ​បន្ដ​ថា​ ​ក្រៅពី​នេះ​បងប្អូន​អាច​ទៅ​កម្សាន្ត​នៅ​តាម​ប្រាសាទបុរាណ​ ​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​ ​សម្បូរ​បែប​ទៀត​ ​ដែល​មាននៅ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​។​ ​

​សូម​បញ្ជាក់​ថា​ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សហការ​ជាមួយ​ស្ថាប័នជាតិ​ច្រើន​ ​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​រយៈពេល៦ឆ្នាំ​មក​ហើយ​ ​គឺ​ចាប់ពី​តាំងពី​ឆ្នាំ២០១៣មក​ម្លេះ​ ​ហើយ​ព្រឹត្តិ​ការណ៍​កន្លងមក​នេះ​ ​បាន​បង្ហាញ​អំពី​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​ដែល​មាននៅ​ ​គ្រប់​ទីកន្លែង​ ​ហើយដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ស្រាវជ្រាវ​ ​រុករក​យក​មក​ថែរក្សា​ ​និង​អភិវឌ្ឍន៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close