ទំនិញ៣២មុខ​ ​នឹង​មិន​ត្រូវ​គិត​ពន្ធ​ទេពេល​នាំចូល​ទៅកាន់​ប្រទេស​វៀតណាម​

​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យដឹង​ថា​ ​ក្រោម​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ ​រវាង​រដ្ឋាភិបាល​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​រដ្ឋាភិបាល​ ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី២៦​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ចំនួន៣២មុខ​ ​នឹង​មិន​ត្រូវ​គិត​ពន្ធ​ឡើយ​ ​ពេល​នាំចូល​ទៅកាន់​ប្រទេស​វៀតណាម​ ​ដោយ​អនុវត្ត​ពីឆ្នាំ២០១៩នេះ​ ​រហូតដល់​ឆ្នាំ២០២០។​

​ទំនិញ​ទាំងនោះ​រួមមាន​ ​បសុបក្សី​រស់​ ​ដូចជា​ទា​ ​ក្ងាន​ ​មាន់​,​ ​សាច់​ ​និង​បំណែក​សាច់​ដែល​អាច​បរិភោគ​បាន​របស់​បសុបក្សី​,​ ​ផ្លែឈើ​ពពួក​ក្រូច​ស្រស់​ ​ឬ​ក្រៀម​,​ ​ក្រូច​ឆ្មា​,​ ​ស្រូវ​,​ ​អង្ករ​សំរូប​,​ ​នំប៉័ង​ ​និង​ថ្នាំជក់​ជាដើម​។​

​សម្រាប់​ផលិតករ​ ​ឬ​អ្នកនាំ​ចេញ​ ​ដែល​បាន​និង​កំពុង​ប្រកប​អាជីវកម្ម​ ​ទាក់ទង​នឹង​មុខទំនិញ​ទាំងនេះ​ ​មានបំណង​នាំចេញ​ទៅ​ប្រទេស​វៀតណាម​ ​ដែល​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ​ ​ត្រូវ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​តាមរយៈ​គេហទំព័រ​ ​co.moc.gov.kh​ ​។​

​ដោយឡែក​សម្រាប់​បរិមាណ​មុខទំនិញ​សន្លឹក​ថ្នាំជក់​ ​និង​អង្ករ​ ​សម្រាប់​អនុវត្ត​ឆ្នាំ២០១៩​ ​សូម​ផលិតករ​ ​ឬ​អ្នកនាំ​ចេញ​ ​ដាក់ពាក្យ​ស្នើសុំ​មក​នាយកដ្ឋាន​នាំចេញ​-​នាំចូល​ ​នៃ​អគ្គនាយក​ដ្ឋាន​សេវា​ពាណិជ្ជកម្ម​ ​នៃ​ ​ក្រសួង​ពាណិជ្ជកម្ម​ ​រៀងរាល់​ម៉ោង​ធ្វើការ​ ​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​ ​រហូតដល់​ថ្ងៃទី៨​ ​ខែមេសា​ ​ឆ្នាំ២០១៩​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close