ផ្លូវ​ល្បឿន​លឿន​ ​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​ ​នឹង​ប្រើ​ពេល​សាងសង់៤ឆ្នាំ​ ​ជាមួយ​កញ្ចប់​ថ​វិការ​ ​ប្រមាណ២ពាន់​លាន​ដុល្លារ​

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​ដែល​ជា​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​ ​ចាប់ផ្តើម​ដំណើរការ​សាងសង់​ហើយ​ ​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃសុក្រ​ ​ទី២២​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ ​ដោយ​ចំណាយ​ថវិកា​ប្រមាណ​ ​២ពាន់​លាន​ដុល្លារ​អាមេរិក​ ​និង​ប្រើ​ពេល​ប្រមាណ៤ឆ្នាំ​។​

​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ឲ្យដឹង​ថា​ ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​ ​មាន​ប្រវែង​សរុប​ជាង​ ​១៩០គីឡូម៉ែត្រ​ ​តភ្ជាប់​ពី​ភូមិ១​ ​ក្នុង​សង្កាត់​សំរោងក្រោម​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​ដល់​ភូមិ១​ ​សង្កាត់​លេខ៣​ ​ក្រុង​ព្រះសីហនុ​។​ ​ផ្លូវ​នេះ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង​ ​៨.៣០គីឡូម៉ែត្រ​ខេត្តកណ្តាល​ ​ប្រវែង​ ​៩.១០គីឡូម៉ែត្រ​ ​ខេត្ត​កំពង់ស្ពឺ​ប្រវែង​ ​៨០.៨០គីឡូម៉ែត្រ​.​ ​ខេត្តកោះកុង​ ​ប្រវែង​ ​១.៩២គីឡូម៉ែត្រ​.​ ​និង​ខេត្ត​ព្រះសីហនុ​ប្រវែង​ ​៨៩.៨៩គីឡូម៉ែត្រ​ ​ដែល​ចំណាយ​ថវិកា​សាងសង់​សរុប​ប្រមាណ​ ​២ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដែល​ជា​ទុន​វិនិយោគ​ ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ ​និង​ថ្នល់​ចិន​ ​(​CRBC​)​ ​តាមរយៈ​ក្រុមហ៊ុន​ ​Cambodian​ ​PPSHV​ ​Expressway​ ​Co​.​,​ ​Ltd​។​ ​

​ផ្លូវ​ល្បឿន​លឿន​នេះ​ ​មាន​ទទឹង​តួ​ផ្លូវ​សរុប​ ​នៃ​គម្រោង​ខាងលើ​ ​នឹង​ត្រូវ​សាងសង់​ ​រហូតដល់​ ​ជាង២៤ម៉ែត្រ​ ​ដោយ​ក្រាល​បេតុង​កៅស៊ូ​ ​(​AC​)​ ​កម្រាស់១០សង់ទីម៉ែត្រ​ ​ទទឹង​ ​២៣ម៉ែត្រ​ ​ដែល​ក្នុង​នោះ​រួមមាន​៖​ ​គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​រថយន្ដ​ ​ទទឹង​ ​១៥ម៉ែត្រ​ ​ចែក​ជា​ ​៤គន្លង​ ​(​២គន្លង​ ​ទៅ​ ​២គន្លង​មក​)​ ​ដែល​គន្លង​នី​មួយ​ៗ​មាន​ទទឹង​ ​៣.៧៥ម៉ែត្រ​ ​ដែល​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​អាច​បើកបរ​ក្នុង​ល្បឿន​រហូតដល់​ ​១០០គ.ម​ ​ក្នុង​មួយ​ម៉ោង​ ​និង​កន្លែង​ខ្លះ​ ​អាច​ដល់​ ​១២០គ.ម​ ​ក្នុង​មួយ​ម៉ោង​។​

​បើ​តាម​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​គម្រោង​ខាងលើ​ត្រូវ​បាន​ផ្តល់​ការ​ប្រឹក្សា​បច្ចេកទេស​សាងសង់​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ ​Minconsult​ ​SDN​ ​BHD​ ​ដោយ​ប្រើ​រយៈពេល​សាងសង់​ចំនួន​ ​៤៨ខែ​ ​ដោយ​គិត​ចាប់ពី​ខែមីនា​ ​ឆ្នាំ២០១៩​ ​ដល់​ខែមីនា​ ​ឆ្នាំ២០២៣​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close