រដ្ឋមន្ត្រី​ ​វេង​ ​សា​ខុន​ ​ចូលរួម​បិទ​កិច្ចប្រជុំ​បូកសរុប​ការងារ​របស់​មន្ទីរ​កសិម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ចាម​

នា​រសៀល​ថ្ងៃសៅរ៍​ ​ងៃ​ទី២៣​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅ​មន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ខេត្ត​កំពង់ចាម​បាន​រៀបចំ​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​ការងារ​ឆ្នាំ២០១៨​-​២០១៩​ ​និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ២០១៩​-​២០២០​ ​ក្រោម​អធិបតិ​ភាព​ឯកឧត្តម​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​អម​ដោយ​ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ ​ឯកឧត្តម​អភិបាលរងខេត្ត​ ​លោក​ ​លោកស្រី​តំណាង​មន្ទីរ​ជុំវិញ​ខេត្ត​ ​និង​មន្រ្តី​រាជការ​ប្រមាណ​ជាង​ ​៤៥០នាក់​។​

​លោ​ក​ស៊ឹម​ ​ថា​វីរ​:​ ​ប្រធានមន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​ធ្វើ​សេចក្តី​រាយការណ៍​បូកសរុប​ដោយសង្ខេប​ជូន​អង្គពិធី​ជ្រាប​អំពី​វឌ្ឍនភាព​ការងារ​ទៅតាម​អនុ​វិស័យ​នី​មួយ​ៗ​ ​និង​បញ្ហា​ផ្សេង​ៗ​ដែល​បាន​ជួបប្រទះ​ក្នុងអំឡុងពេល​កំពុង​អនុវត្ត​ការងារ​កន្លងមក​។​ ​

​ជា​កិច្ច​ចាប់ផ្តើម​ ​ឯកឧត្តម​រដ្ឋមន្រ្តី​បាន​មាន​មតិ​ស្វាគមន៍​ ​និង​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ដែល​តែងតែ​គាំទ្រ​ ​និង​ផ្តល់​កិច្ចសហការ​បាន​ល្អជា​មួយ​មន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​នា​ពេល​កន្លងមក​រហូត​ទទួល​បាន​សមិទ្ធផល​ដ៏​ធំធេង​នា​ថ្ងៃនេះ​។​ ​លោក​បន្ត​ថា​ ​សមិទ្ធផល​នេះ​ពិតជា​បាន​ជួយ​លើកកម្ពស់​ជីវភាព​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ​និង​បាន​ចូលរួម​លើកកម្ពស់​ផលិតកម្ម​ស្បៀង​សម្រាប់​បម្រើ​ឲ្យ​សេចក្តី​ត្រូវការ​ទីផ្សារ​នៅ​ទូទាំង​ខេត្ត​កំពង់ចាម​ ​និង​រាជធានី​ភ្នំពេញ​ផង​ដែរ​ ​និង​ជាពិសេស​បាន​រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ចតុ​ ​កោណ​ដំណាក់កាល​ទី៤​ ​និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ២០១៩​ ​-​២០២៣បាន​យ៉ាង​ល្អ​ប្រសើរ​។​ ​

​ជាមួយនឹង​សមិទ្ធផល​ដែល​មន្ទីរ​សម្រេច​បាន​ជា​វិជ្ជមាន​នេះ​ ​ឯកឧត្តម​រដ្ឋមន្រ្តី​បាន​បញ្ជាក់​បន្ថែម​ថា​ ​យើង​ព្រម​ទទួលយក​ថា​ការអនុវត្ត​ការងារ​កន្លងមក​ ​ពិតជា​នៅ​មាន​ភាព​ខ្វះខាត​ ​ឆក​ល្វែង​ ​និង​មាន​បញ្ហា​មួយចំនួន​ដែល​ទាមទារ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​រួបរួម​គ្នា​ជាឯក​ច្ឆ​ធ្វើការ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ឲ្យបាន​ទាន់ពេល​វេលា​ ​ទូលំទូលាយ​ ​និង​មានប្រសិទ្ធភាព​ស្របតាម​ឆន្ទ:របស់​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​ក្រសួង​ ​និង​ជាពិសេស​របស់​រាជរដ្ឋាភិបាល​។​ ​ដើម្បីឲ្យ​ផែនការ​អនុវត្ត​ការងារ​ឆ្នាំ២០១៩​-​២០២០​ ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ​និង​ឆ្លើយតប​តម្រូវការ​ស្បៀង​ដែល​ចេះតែ​មានការ​កើនឡើង​ជាលំដាប់​ទាំង​បរិមាណ​ ​គុណភាព​ ​អនាម័យ​ ​និង​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុង​ខេត្ត​ ​ក៏ដូចជា​រាជធានី​ភ្នំពេញ​ ​និង​ឈាន​ទៅ​ធ្វើការ​កាត់បន្ថយ​ការនាំចូល​ ​ឯកឧត្តម​រដ្ឋមន្រ្តី​បាន​ផ្តល់​អនុសាសន៍​ជា​គន្លឹះ​ ​ឬ​ជា​ត្រីវិស័យ​សម្រាប់​ថ្នាក់ដឹកនាំ​មន្ទីរ​ ​និង​មន្រ្តី​ក្រោម​ឱវាទ​យក​ទៅ​អនុវត្ត​ឲ្យ​ទទួល​បាន​ជោគជ័យ​ ​ក្នុង​នោះ​មាន​ដូចតទៅ​៖​

​ទី១​.​ ​ត្រូវ​បន្ត​លើ​កម្ពស់​ផលិតភាព​ផលិតកម្ម​កសិកម្ម​ ​ពិពិធ​ភាវូបនីយកម្ម​ ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​កសិកម្ម​ ​តាមរយៈ​ការ​បង្វែរ​ទិសដៅ​ពី​ការអភិវឌ្ឍន៍​តាម​បែប​ ​វិបុល​វប្បកម្ម​ទៅកាន់​ការអភិវឌ្ឍន៍​តាម​បែប​ប្រពល​វប្បកម្ម​ ​ដើម្បី​បង្កើន​ទិន្នផល​ ​ធានា​គុណភាព​ ​សន្តិសុខ​ស្បៀង​ ​បង្កើន​ប្រាក់ចំណូល​ ​និង​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​។​

​ទី២​.​ ​បន្ត​ផ្ទេរ​បច្ចេកទេស​ទំនើប​សមស្រប​តាម​ដំណាំស្រូវ​ ​បន្លែ​ ​សត្វ​ ​វារីវប្បកម្ម​ ​ធាតុ​ចូល​កសិកម្ម​ផ្សេង​ៗ​ឲ្យ​សមស្រប​តាម​គុណភាព​ដី​ ​ប្រភេទ​ដំណាំ​ ​ប្រភព​ទឹក​ ​និង​ការប្រែប្រួល​អាកាសធាតុ​។​ ​

​ទី៣​.​ ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ ​និង​លើកទឹកចិត្ត​ឲ្យ​អនុវត្ត​ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​លើកកម្ពស់​គុណភាព​កសិផល​ប្រកបដោយ​ការប្រកួត​ប្រជែង​ ​ធានា​សុខុមាលភាព​សាធារណៈ​ ​អនុវត្ត​កសិកម្ម​ល្អ​ដោយ​ភាព​វៃឆ្លាត​ ​និង​បង្កើន​ការ​ផ្តល់​សេវា​ពត៌មាន​ទីផ្សារ​កសិកម្ម​ឲ្យ​កាន់តែ​ទូលាយ​ ​និង​ទាន់ពេល​វេលា​។​ ​

​ទី៤​.​ ​ត្រូវ​សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​ ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ ​និង​បង្រ្កាប​ឲ្យ​ទាន់ពេល​វេលា​នូវ​ការនាំចូល​សត្វ​ ​និង​សាច់សត្វ​ ​បទល្មើស​ព្រៃឈើ​ ​ជលផល​ ​និង​សម្ភារ​កសិកម្ម​ខុសច្បាប់​។​ ​ត្រង់​ចំណុច​នេះ​ ​លោក​បាន​សង្កត់ធ្ងន់​ថា​យោង​លើ​ស្ថានភាព​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ដែល​កំពុង​រាលដាល​នៅ​ប្រទេសជិតខាង​នា​ពេល​បច្ចុប្បន្ន​ ​មន្ត្រី​ពេទ្យសត្វ​ទាំងអស់​ជាពិសេស​បណ្តាល​ខេត្ត​ដែល​ជាប់​ព្រំប្រទល់​និង​ប្រទេសជិតខាង​ត្រូវ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ទប់ស្កាត់​ការនាំចូល​ជ្រូក​ខុសច្បាប់​ពី​ប្រទេសជិតខាង​ ​ក្នុងករណី​ថ្លោះ​ថ្លោយ​ដោយ​ប្រការ​ណាមួយ​ ​ប្រធានមន្ទីរ​ ​ជា​ប្រធាន​ការិយាល័យ​ពេទ្យសត្វ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​ ​

​ទី៥​.​ ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ ​យកចិត្ត​ទុកដាក់​អនុវត្ត​ភារកិច្ច​ក្នុងស្មារតី​ទទួលខុសត្រូវ​ ​ធានា​បាន​ប្រសិទ្ធភាព​ខ្ពស់​ ​ដោយ​អនុលោម​តាម​ក្រមសីលធម៌​ ​និង​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​។​ ​ត្រូវ​គ្រប់គ្រង​ ​មើលថែ​រក្សាទ្រព្យ​សម្បត្តិ​រដ្ឋ​ឲ្យបាន​គង់វង្ស​ល្អ​ ​និង​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ការ​ផ្តល់​សេវា​សាធារណ:ជូន​ប្រជាពលរដ្ឋ​។​

​ទី៦​.​ ​តាមដាន​សភាពការណ៍​ប្រចាំថ្ងៃ​ ​ជាពិសេស​យោបល់​របស់​ប្រជាជន​ ​និង​បញ្ហា​ប្រឈម​ផ្សេង​ៗ​ទៀត​ ​ដើម្បី​តាមដាន​ស្ថានការណ៍​ ​ឬ​សភាពការណ៍​ទាំង​នយោបាយ​ ​សង្គម​ ​សេដ្ឋកិច្ច​ ​និង​បច្ចេកទេស​ ​ហើយ​គួរ​មាន​បណ្តាញ​ទទួល​នូវ​ព័ត៌មាន​ ​និង​សំណូមពរ​របស់​សហគមន៍​ ​សង្គម​ស៊ីវិល​និង​ដៃគូ​ទាំងអស់​ដើម្បី​យក​មក​ពិនិត្យ​ ​និង​ដោះស្រាយ​ឱ្យ​បាន​ទាន់ពេល​វេលា​ ​និង​មានប្រសិទ្ធភាព​។​ ​

​ទី៧​.​ ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ក្នុងស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការអនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​ថា​មន្រ្តី​ត្រូវ​បន្ត​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់​ ​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​ ​ឲ្យបាន​ទូលំទូលាយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close