ព័ត៌មានជាតិ

មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹងត្រែង​ ​បដិសេធ​រឿង​មាន​ឈើ​ត្រូវ​គេ​ដឹក​ចេញពី​តំបន់​ស្តារ​អាង​

​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​សំអាត​បាត​អាង​ ​នៃ​ស្រុក​សេសាន​ ​ខេត្ត​ស្ទឹងត្រែង​រួចមក​ ​កាលពី​ចុង​សប្តាហ៍​នេះ​ ​មន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ខេត្ត​ស្ទឹងត្រែង​ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ​ដោយ​ច្រានចោល​ព័ត៌មាន​នេះ​។​

​មន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ខេត្ត​ស្ទឹងត្រែង​ ​បាន​លើកឡើង​ថា​ ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​ចេញប្រកាស​លុប​រោងម៉ាស៊ីន​អារ​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​ ​អាំង​អេន​ ​អា​សូ​ស៊ី​អេ​ត​ ​ឡ​យឺរ​ ​អិល​ធី​ឌី​ ​ដែល​ស្ថិតនៅ​ក្នុង​ឃុំ​ក្បាលរមាស​ ​និង​ឃុំ​ភ្លុក​ ​ស្រុក​សេសាន​ ​ខេត្ត​ស្ទឹងត្រែង​ ​តាម​ប្រកាស​លេខ១៦៥​ ​ប្រក.កសក​ ​ចុះ​ថ្ងៃទី២៧​ ​ខែមីនា​ ​ឆ្នាំ២០១៩​។​

​មន្ទីរ​បាន​បញ្ជាក់​ថា​ ​ខ្លួន​ក៏ដូចជា​ផ្នែក​មានសមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ ​បាន​សហការ​រួមគ្នា​ ​អនុវត្តន៍​វិធានការ​ ​និង​ធ្វើការ​ការពារ​ត្រួតពិនិត្យ​ក្នុង​តំបន់​ទាំងអស់​នេះ​ ​ដោយ​មិន​ឲ្យ​មាន​ករណី​ដឹកជញ្ជូន​ផល​ ​អនុផល​ព្រៃឈើ​ចេញពី​រោង​អារឈើ​ចាប់ពី​ថ្ងៃទី២៧​ ​ខែមីនា​ ​ឆ្នាំ២០១៩​។​ ​ហើយ​ចាប់ពី​ថ្ងៃទី២៧​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​រហូត​មកទល់​ពេលនេះ​ ​គឺ​មិន​មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​ ​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២​ ​នោះ​ទេ​៕​ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close