ព័ត៌មានជាតិ

លោក​ ​ម៉ៅ​ ​ភិរុណ​ ​ត្រូវ​ស្តី​បន្ទោស​ ​រឿង​បណ្តាល​ឲ្យ​ខកខាន​បង្កើត​ខេត្ត​ថ្មី​

លោក​ ​ម៉ៅ​ ​ភិរុណ​ ​អភិបាលខេត្ត​កណ្តាល​ ​ត្រូវ​សម្តេច​ ​ស​ ​ខេង​ ​ធ្វើការ​ស្តី​បន្ទោស​ ​ដោយ​ថា​ ​លោក​ជាដើម​ចម​នាំឲ្យ​មិន​មានការ​បង្កើត​ខេត្ត​ថ្មី​ ​ដែល​ត្រូវ​បំបែកចេញ​ពី​ខេត្តកណ្តាល​។​

​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំត្រីមាស​ទី១​ ​ឆ្នាំ២០១៩​ ​កាលពី​ថ្ងៃទី៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​បាន​មានប្រសាសន៍​ថា​ ​ដោយសារ​ខេត្តកណ្តាល​មាន​ភូមិសាស្ត្រ​ធំ​ ​ពិសេស​នោះ​ ​មាន​ប្រជាជន​មក​ពី​ខេត្ត​ណា​ក៏​ធ្វើដំណើរ​ឆ្លងកាត់​ដែរ​ ​បាន​ជា​មានការ​ស្នើសុំ​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​បំបែក​រដ្ឋបាល​ខេត្តកណ្តាល​ ​ដើម្បី​ងាយស្រួល​គ្រប់គ្រង​សន្តិសុខ​សណ្តាប់​ធ្នាប់​។​

​តែ​ ​លោក​ ​ម៉ៅ​ ​ភិរុណ​ ​បាន​ស្នើសុំ​អន្តរាគមន៍​ឲ្យ​មាន​អ្នកធ្វើ​ជា​ចៅហ្វាយខេត្ត​ថ្មី​ ​ប្រសិនបើ​មានការ​បែងចែក​ខេត្តកណ្តាល​ហើយ​ ​ការបែងចែក​ខេត្ត​នេះ​ ​រហូតដល់​មាន​អ្នករត់ការ​ធ្វើជា​ប្រធាន​តុលាការ​ថែមទៀត​ផង​ដែរ​។​ ​«​សម្តេច​តេជោ​ ​បាន​ប្រាប់​ខ្ញុំ​ថា​ ​មិន​ចាំបាច់​បែងចែក​ទេ​។​ ​សម្រេច​អ៊ីចឹង​ស្រួល​។​ ​ដល់​ឥឡូវ​គាត់​ ​(​ម៉ៅ​ ​ភិរុណ​)​ ​បាន​ពិបាក​គ្រប់គ្រង​សម្រាប់​ភូមិសាស្ត្រ​របស់​គាត់​»​។​

​សូម​រំលឹក​ថា​ ​សម្តេច​ ​ស​ ​ខេង​ ​កាលពី​ថ្ងៃទី២៧​ ​ខែសីហា​ ​ឆ្នាំ២០១៨​ ​បាន​ធ្វើ​សំណើ​ទៅកាន់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​សិក្សា​លទ្ធភាព​ក្នុង​ការរៀបចំ​បង្កើត​ខេត្ត​ថ្មី​ចំនួន២​ ​ដោយ​ខេត្ត១​ ​បំបែកចេញ​ពី​ខេត្ត​កណ្ដាល​ ​និង​ខេត្ត​ថ្មី១ទៀត​ ​បំបែកចេញ​ពី​ខេត្តមណ្ឌលគិរី​ ​និង​ខេត្តរតនគិរី​ ​ដើម្បី​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​ ​នៃ​ការគ្រប់គ្រង​រដ្ឋបាល​ ​ការ​ថែ​រក្សា​សន្ដិ​សុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ ​ការជំរុញ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ ​និង​ការ​ផ្ដល់​សេវា​សាធារណៈ​ ​ដល់​ប្រជាពលរដ្ឋ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ឯកភាព​យល់ព្រម​ឱ្យ​សិក្សា​បង្កើត​ខេត្ត​ថ្មី​ហើយ​ ​ប៉ុន្តែ​ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតីភាព​អបអរសាទរ​ទិវា​គ្រូបង្រៀន​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​នា​ព្រឹក​ថ្ងៃទី៥​ ​ខែតុលា​ ​ឆ្នាំ២០១៨​ ​សម្ដេច​តេជោ​ ​បាន​បញ្ជា​ឲ្យ​បិទ​បញ្ចប់​ការសិក្សា​ស្រាវជ្រាវ​ ​លើ​គម្រោង​បង្កើត​ខេត្ត​ថ្មី​ចំនួន២នេះ​វិញ​ ​ក្រោយ​មានការ​រត់ការ​សុំ​តំណែង​អភិបាលខេត្ត​ថ្មី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close