សន្តិសុខសង្គម

បុរស​ដែល​បាន​ប្រើ​ហិង្សា​ទះកំផ្លៀង​ស្ត្រី​ម្នាក់​នៅ​ផ្សារ​កណ្តាល​ ​ត្រូវ​អាវុធហត្ថ​ភ្នំពេញ​ឃាត់ខ្លួន​បាន​ហើយ​

​បុរស​ម្នាក់​ដែល​បាន​បង្ក​ហិង្សា​ទះកំផ្លៀង​ស្ត្រី​ម្នាក់​ឱ្យ​ដួល​អុកគូទ​នៅនឹង​ថ្នល់​ ​កាលពី​ថ្ងៃទី០៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នៅ​ចំណុច​ផ្លូវ​លេខ១៣៦​ ​កែង​នឹង​ផ្លូវ​លេខ១៥​ ​សង្កាត់​ផ្សារ​កណ្តាល​ទី១​ ​ខណ្ឌដូនពេញ​នោះ​ ​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​ប្រើ​វិធានការ​ត្រជាក់​នាំ​យក​មក​ផ្តន្ទា​ទោស​តាមច្បាប់​។​

​លោក​ឧត្តមសេនីយ៍ឯក​ ​រ័ត្ន​ ​ស្រ៊ា​ង​ ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​បាន​អះអាង​ថា​ ​បន្ទាប់ពី​កម្លាំង​ជំនាញ​របស់​លោក​ ​បាន​ធ្វើការ​កំណត់​អត្តសញ្ញាណ​រថយន្ត​របស់​ជន​បង្ក​ ​ដឹង​ថា​ជារ​ថ​យន្ត​របស់​ក្រុមហ៊ុន​មួយ​ ​លោក​ក៏បាន​ស្នើ​ទៅ​ក្រុមហ៊ុន​ឲ្យ​ចេញមុខ​ទទួលខុសត្រូវ​។​

​ជាក់ស្តែង​នៅមុន​នេះ​បន្តិច​ ​ក្រុមហ៊ុន​បាន​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​អាវុធហត្ថ​ ​ដោយ​នាំ​យក​ជនសង្ស័យ​ ​ទៅ​ប្រគល់​ដល់​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ហើយ​។​

​ជនសង្ស័យ​មានឈ្មោះ​ ​ឡោ​ ​ប៊ុ​នភ័​ក្ត្រ​ ​អាយុ៤៣ឆ្នាំ​ ​មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​ ​កំពុង​ត្រូវ​បាន​កម្លាំង​ជំនាញ​ ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ​ដើម្បី​ផ្តន្ទា​ទោស​តាមច្បាប់​។​

​សូម​រំលឹក​ថា​ ​កាលពី​ថ្ងៃទី០៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​បុរស​ម្នាក់​បាន​ទះកំផ្លៀង​នារី​ម្នាក់​ឱ្យ​ដួល​អុកគូទ​ទៅ​នឹង​ថ្នល់​ ​បន្ទាប់ពី​មាន​ជម្លោះ​ពាក្យ​សម្តី​នឹងគ្នា​។​ ​ហេតុការណ៍​ហិង្សា​នេះ​ ​កើតឡើង​នៅ​ចំណុច​ផ្លូវ​លេខ១៣៦​ ​កែង​នឹង​ផ្លូវ​លេខ១៥​ ​សង្កាត់​ផ្សារ​កណ្តាល​ទី១​ ​ខណ្ឌដូនពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close