សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​

​នៅ​ព្រឹក​ថ្ងៃអង្គារ​ ​៤រោច​ ​ខែចេត្រ​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស២៥៦២​ ​ត្រូវ​នឹង​ថ្ងៃទី២៣​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​(​NUM​)​ចំនួន​ ​២,២៨៧នាក់​ ​នារី​ ​១,១៩៤នាក់​ ​ដែល​ក្នុង​នោះ​មាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​ថ្នាក់បណ្ឌិត​ផង​ដែរ​។​ ​

​តាម​របាយការណ៍​របស់​ ​ឯកឧត្តម​ ​ហង់​ ​ជូន​ណា​រ៉ុន​ ​រដ្ឋា​មន្ត្រី​ក្រសួងអប់រំយុវជន​ ​និងកីឡា​ ​បាន​អោយ​ដឹង​ថា​ ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​ជាសាកល​វិទ្យាល័យ​របស់​រដ្ឋ​ ​ដែល​បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការអប់រំ​ ​បណ្តុះបណ្តាល​ធនធានមនុស្ស​សម្រាប់​កម្ពុជា​យ៉ាងសកម្ម​។​

​ចាប់តាំងពី​ថ្ងៃ​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៨៣​ ​មកដល់​ឆ្នាំ​សិក្សា​ ​២០១៧​-​២០១៨​ ​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ពី​ ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​មាន​ចំនួន​សរុប​ ​៤៩,៩១៥នាក់​ ​នារី​ ​២១,៧២០នាក់​។​ ​ក្នុង​នោះ​និស្សិត​អាហារូបករណ៍​ចំនួន​ ​៦,៤៤៧នាក់​ ​នារី​ ​២,៤០៣នាក់​ ​និង​និស្សិត​សិក្សា​បង់ថ្លៃ​ចំនួន​ ​៤៣,៤៦៨នាក់​ ​នារី​ ​១៩,៣១៧នាក់​។​ ​បច្ចុប្បន្ន​អតីត​និស្សិត​ទាំងនោះ​បាន​និង​កំពុង​បម្រើការ​ងារ​នៅក្នុង​ស្ថាប័នរដ្ឋ​ ​វិស័យ​ឯកជន​ ​និង​ស្ថាប័ន​អន្តរជាតិ​ ​ប្រកបដោយ​សមត្ថភាព​វិជ្ជាជីវៈ​ខ្ពស់​ ​ឧត្តមភាព​ ​សេចក្តី​ថ្លៃថ្នូរ​ ​និង​កិត្តិយស​។​

សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​មាន​សេចក្តី​រីករាយ​ក្រៃលែង​ ​ដែល​បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ ​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​នៅ​ព្រឹក​នេះ​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​កោតសរសើរ​ ​និង​អបអរ​សារ​ដល់​និស្សិត​ជ័យលាភី​ទាំងអស់​ ​និង​បាន​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា​ ​និង​អាណាព្យាបាល​ដែល​បាន​ផ្តល់​ឱកាស​អោយ​កូនចៅ​បាន​សិក្សា​រៀនសូត្រ​រហូត​ទទួល​បាន​ជោគជ័យ​នា​ពេលនេះ​។​ ​ជាមួយ​គ្នាន​នេះ​ផង​ដែរ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​ក៏បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​ដែល​បាន​ខិតខំ​យកចិត្ត​ទុកដាក់​បណ្តុះបណ្តាល​និស្សិត​តាំងពី​ចំនួន​តិចតួច​រហូតដល់​មាន​និស្សិត​សិក្សា​រាប់​ម៉ឺន​នាក់​។​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍​ដោយ​ក្តី​មោទនភាព​ ​ចំពោះ​ការ​រីកចម្រើន​នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា​ ​ដែល​បច្ចប្បន្ន​នេះ​មានការ​រីក​ដុះដាល​យ៉ាងច្រើន​ដោយមាន​ការ​វិនិយោគ​ទាំង​ផ្នែក​រដ្ឋ​ ​និង​ទាំង​ផ្នែកឯកជន​ ​ដែល​បាន​នឹង​កំពុង​ចូលរួម​ចំណែក​ដល់​ការ​រីក​លូតលាស់​នៃ​វិស័យ​អប់រំ​ ​និង​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​ថ្លែងអំណរគុណ​ ​និង​កោតសរសើរ​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​យកចិត្ត​ទុកដាក់​ ​ការពារ​សុ​វត្តិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​យើង​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​ដែល​បាន​ធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទទួល​បាន​នូវ​ភាព​សប្បាយរីករាយ​គ្រប់​ទីកន្លែង​។​ ​សម្តេច​តេជោ​បាន​កត់សំគាល់​ឃើញថា​ ​ឆ្នាំនេះ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​សប្បាយរីករាយ​ខ្លាំង​គ្រប់​ទីកន្លែង​ ​ដោយសារ​យើង​មាន​សង្ក្រាន្ត​តាម​ខេត្ត​នី​មួយ​ៗ​ ​ដែល​បាន​បង្ហាញ​អោយ​ឃើញ​អំពី​ប្រពៃណី​ទំនៀម​ទំ​លាប់​ដ៏​ល្អ​ផូ​ផង់​របស់​ខ្មែរយើង​។​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ត​ថា​ ​ភាព​សប្បាយរីករាយ​ទាំងអស់​នេះ​គឺ​កើតមានឡើង​ដោយសារ​ក​ក្តា​សំ​ខាន់​ៗ៤គឺ​ ​១​)​កត្តា​សុខ​សន្តិភាព​ក្នុង​ផ្ទៃ​ប្រទេស​ ​,​ ​២​)​ ​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​គ្រប់​ទីកន្លែង​ ​ដែល​ធ្វើអោយ​ពលរដ្ឋ​បាន​ដើរ​លេ​កម្សាន្ត​គ្រប់​ទីកន្លែង​,​ ​៣​)​ ​កត្តា​ប្រជាជន​មាន​មធ្យោបាយ​ធ្វើ​ដំ​ណើរ​គ្រប់​ៗ​គ្នា​ ​និង៤​)​កត្តា​ប្រាក់ចំណូល​សមរម្យ​ ​ដែល​ផ្តល់​ឱកាស​អោយ​ពលរដ្ឋ​មានឱកាស​ធ្វើដំណើរ​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​។​

​សម្តេច​តេជោ​ ​បាន​អរគុណ​ចំពោះ​សាលាក្រុង​ភ្នំពេញ​ផង​ដែរ​ដែល​បាន​ដាក់​រថយន្តក្រុង​ចំនួន១២០​ ​និង​បាន​ថែម៣០គ្រឿង​ទៀត​ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ ​និង​កូនក្មួយ​កម្មករ​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ ​បាន​ជិះ​ទៅលេង​ស្រុកកំណើត​ដោយ​យមិន​គិតថ្លៃ​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​សម្តេច​តេជោ​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ ​និង​កងកម្លាំង​ ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ​និង​ភ្ញៀវ​ទេសចរ​បាន​កំសាន្ត​សប្បាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

​នៅក្នុង​ពេល​ថ្លែង​សុន្ទរកថា​ទៅកាន់​និស្សិត​ជ័យលាភី​ព្រឹកមិញ​នេះ​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ថ្កោលទោស​ចំពោះ​អំពើ​ភេរវកម្ម​ដែល​បាន​សម្លាប់​ពលរដ្ឋ​សេរី​លង្កា​អស់​ចំនួន​ ​៣០០​ ​នាក់​ ​នឹង​បាន​ធ្វើអោយ​របួស​ជាង​ ​៥០០​ ​នាក់​កាលពី​ពេល​ថ្មី​ៗ​នេះ​។​ ​សម្តេច​តេជោ​ ​បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​ដែល​បាន​ចូលរួម​ថែរក្សា​សុខ​សន្តិភាព​ ​ដើម្បីអោយ​កម្ពុជា​មានឱកាស​ក្នុង​ការ​កសាង​ ​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​។​

​មុននឹង​បញ្ចប់​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ក​ច្រក​ម្ពុ​ជា​ ​បាន​ជូនពរ​ដល់​និស្សិត​ជ័យលាភី​ដែល​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃនេះ​ទាំងអស់​ ​ទទួល​បាន​ជោគជ័យ​ក្នុង​ការសិក្សា​ ​និង​ការងារ​របស់​ខ្លួន​ជាបន្តបន្ទាប់​ទៀត​។​ ​បន្ទាប់មក​ ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​ក្នុង​បរិយាកាស​សប្បាយរីករាយ​ ​និង​ស្និ​ទស្នា​លក្រៃ​លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close