សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ប្រកាស​ជំហរ​ដាច់ខាត​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ​និង​បង្ក្រាប​អំពើខុស​ច្បាប់​ទាំងអស់​

សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ​បាន​ប្រកាស​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ ​និង​ដាច់ខាត​ក្នុង​ការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ​ដោយ​ពង្រឹង​ការទប់ស្កាត់​ ​ស្វែងរក​បទល្មើស​ ​និង​បង្ក្រាប​កាន់តែ​ខ្លាំងក្លា​ ​ហើយ​មិន​អនុញ្ញាត​ឲ្យ​ជនល្មើស​ទាំងឡាយ​មាន​សកម្មភាព​ ​បង្ក​ភាព​រងគ្រោះ​ដល់​ប្រជាពលរដ្ឋ​ ​បើ​ ​ទោះបីជា​ជនល្មើស​មានកល​ល្បិច​ខ្ពស់​យ៉ាង​ក៏ដោយ​។​ ​

​សម្ដេច​ក្រឡាហោម​ ​បាន​ប្រកាស​បែបនេះ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្តី​ពី​សកម្មភាព​ ​និង​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួយ​ដូរ​មនុស្ស​ ​និង​អំពើ​ធ្វើអាជីវកម្ម​ផ្លូវភេទ​ឆ្នាំ២០១៨​ ​និង​លើក​ទិសដៅ​ឆ្នាំ២០១៩​ ​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួយ​ដូរ​មនុស្ស​ ​នៅ​ព្រឹក​ថ្ងៃអង្គារ​ ​ទី២៣​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នាទី​ស្តី​ការក្រ​សួង​មហាផ្ទៃ​។​

​សម្ដេច​ក្រឡា​ ​ស​ ​ខេង​ ​បាន​បន្ត​ថា​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួយ​ដូរ​មនុស្ស​នេះ​ ​បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ ​តាម​ប្រព័ន្ធ​អេ​ឡិក​ត្រូ​និក​ ​វិទ្យុ​ ​ទូរទស្សន៍​ ​និង​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ ​ក៏ដូចជា​ការ​បិត​ផ្សាយ​សារ​ ​ការ​សម្តែង​សិល្បៈ​ ​ភាពយន្ត​ខ្នាត​ខ្លី​ ​និង​ការចែក​ខិត​ប័ណ្ណ​ ​ក៏​ត្រូវ​បាន​ធ្វើជា​ញឹកញាប់​។​

​ជាង​នេះ​ទៅទៀត​ក៏បាន​រៀបចំ​ ​កិច្ចប្រជុំ​ ​វេទិកាសាធារណៈ​ ​យុទ្ធនា​ការ​ធំៗ​ ​ជាច្រើន​ ​ដោយ​ផ្តោត​លើ​ខ្លឹមសារ​ស្តី​ពី​កិច្ចការពារ​ប្រជាពលរដ្ឋ​ ​ជាពិសេស​កុមារ​ ​យុវវ័យ​ ​និង​ស្រ្តី​ ​ពី​អំពើ​ជួញដូរ​មនុស្ស​ ​និង​អំពើ​ធ្វើអាជីវកម្ម​ផ្លូវភេទ​ ​នៅ​តាម​សហគមន៍​ ​ក៏ដូចជា​នៅ​តាម​សាលារៀន​គ្រប់​កម្រឹត​។​

​សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​បាន​បន្ថែម​ថា​ ​ព្រះរាជាណាចក្រ​កម្ពុជា​ ​តាមរយៈ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ​ពង្រឹង​ការ​ផ្សព្វផ្សាយ​ ​និង​អនុវត្ត​អនុស្សរណៈ​កិច្ច​ព្រមព្រៀង​ ​ទ្វេភាគី​ ​ពហុភាគី​ ​ក៏ដូចជា​អនុសញ្ញា​អាស៊ាន​ ​និង​កតិកាសញ្ញា​ពិភពលោក​ ​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ ​និង​ចូលរួម​អនុម័ត​ ​ដើម្បី​រួមចំណែក​ការពារ​សុវត្ថិភាព​ ​ភាព​រៀបរយ​ ​និង​ស្របច្បាប់​នៃ​ជន​ទេសន្តរប្រវេសន៍​ ​និង​ការពារ​ពួកគេ​ពី​អំពើ​ជួញដូរ​មនុស្ស​ ​និង​ការ​កេងប្រវ័ញ្ច​គ្រប់រូប​ភាព​។​

​លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ​នឹង​មិន​អត់ឱន​ដាច់ខាត​ចំពោះ​មន្រ្តី​ទាំងអស់​ដែល​ជាប់ពាក់ព័ន្ធ​ ​ចូលរួម​ ​ឬ​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ជនល្មើស​ ​និង​រាល់​សកម្មភាព​ដែល​នាំឲ្យមាន​ភាព​រាំងស្ទះ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​ ​នឹង​ត្រូវ​ផ្តន្ទា​ទោស​ ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ជាធរមាន​។​

​សូម​បញ្ជាក់​ដែរ​ថា​ក្នុង​ឆ្នាំ២០១៨​ ​រាជរដ្ឋាភិបាល​ ​ដែល​មាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​សេនាធិការ​បាន​បង្ក្រាប​ ​ចាប់​ឃាត់ខ្លួន​ ​និង​បញ្ជូន​ជន​ប្រព្រឹត្ត​បទល្មើស២២៤នាក់​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​ក្នុង​បេសកកម្ម​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​ ​និង​អំពើ​ធ្វើអាជីវកម្ម​ផ្លូវភេទ​សរុប​ ​១៣៤ករណី​ ​និង​សង្គ្រោះ​ជនរងគ្រោះ​ ​សរុប​ចំនួន​ ​២៣០នាក់​ ​ក្នុង​នោះ​មាន​ទាំង​ក្មេង​អាយុ​ក្រោម១៥ឆ្នាំ​ ​៩២នាក់​ ​អាយុ​ពី១៥ឆ្នាំ​ ​ដល់​ក្រោម១៨ឆ្នាំ​ ​២៣នាក់​ ​និង​អាយុ១៨ឆ្នាំ​ឡើង​ ​១១៥នាក់​។

​ដោយឡែក​ស្ថាប័ន​តុលាការ​បាន​អនុវត្ត​តួនាទី​របស់​ខ្លួន​រហូត​ដល់​តំណា​ក់​កាល​ជំនុំជម្រះ​ ​ករណី​ជួញដូរ​មនុស្ស​ ​និង​អំពើ​ធ្វើអាជីវកម្ម​ផ្លូវភេទ​ ​នៅ​ទូទាំង​រាជធានី​-​ខេត្ត​ ​សរុប​បាន​ចំនួន​ ​២១៤ករណី​ ​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​ ​បាន​ ​២៧៣នាក់​ ​(​ស្រី២៥២នាក់​)​ ​អ​និ​តិ​ជន១១៤នាក់​ ​(​ស្រី១០៧នាក់​)​ ​និង​បាន​រក​ឃើញ​ជនជាប់ចោទ​សរុប​ ​២៥៣នាក់​ ​(​ស្រី៤៣នាក់​)​ ​ក្នុង​នោះ​(​ចាត់ការ​រួច៧២ករណី​ ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ ​១២៥នាក់​ ​និង​កំពុង​បន្ត​ចាត់ការ​ ​១៤២ករណី​ ​)​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close