អតីត​ប្រធានាធិបតី​វៀតណាម​ ​ឡេ​ ​ដឹក​ ​អាញ់​ទទួលមរណភាព​

​អតីត​ប្រធានាធិបតី​វៀតណាម​ ​លោក​ ​ឡេ​ ​ដឹក​ ​អាញ់​ ​(​ ​Le​ ​Duc​ ​Anh​)​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ចន្ទ​ ​ទី២២មេសា​ ​ក្នុង​អាយុ៩៩ឆ្នាំ​។​

​កូនប្រុស​របស់​ ​គឺ​លោក​ ​ឡេ​ ​ម៉ាញ់​ ​ហា​ ​បាន​ប្រាប់​សារព័ត៌មាន​វៀតណាម​ថា​ ​«​ ​អតីត​ប្រធានាធិបតី​ ​ឧត្តមសេនីយ៍​ ​ឡេ​ ​ដឹក​ ​អាញ់​ ​បាន​លាចាក​លោក​នៅ​ម៉ោង៨​ ​និង១០នាទី​យប់​ថ្ងៃ​ចន្ទ​ ​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ក្រុង​ហាណូយ​»​។​

​អតីត​ប្រធានាធិបតី​រូប​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​មួយរយៈពេល​មក​ហើយនិង​បាន​ស្ថិត​ក្រោម​ការ​ព្យាបាល​អស់​ពេល​ជាច្រើន​ខែ​នៅ​មន្ទីរពេទ្យ​យោធា​ក្នុង​ក្រុង​ហាណូយ​។​

​កើត​នៅ​ឆ្នាំ១៩២០​ ​ក្នុង​ខេត្ត​ធួន​ ​ធៀន​-​វ៉េ​ ​ភាគ​កណ្តាល​ ​លោក​បាន​ចូលរួម​បដិវត្តន៍​នៅ​ឆ្នាំ១៩៣៧​ ​និង​បាន​ក្លាយជា​សមាជិក​បក្ស​កុំ​ម្មុយ​នី​ស្ត​វៀតណាម​នៅ​មួយឆ្នាំ​បន្ទាប់​។​លោក​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​បារាំង​អស់១០ឆ្នាំ​រវាង​ឆ្នាំ១៩៤៥និង១៩៥៤​ ​និង​ក្រោយមក​ប្រយុទ្ធ​ក្នុង​សង្គ្រាម​វៀតណាម​ទល់នឹង​អាម៉េរិក​អស់​ពេល១២ឆ្នាំ​ ​ចាប់ផ្តើម​ពីឆ្នាំ១៩៦៤​។​

​ក្រោយ​បដិវត្តន៍​ខែសីហា​ ​ផ្តើម​ឡើង​ដោយ​ចលនា​វៀតមិញ​(​សម្ពន្ធ​សម្រាប់ឯក​រាជ្យ​ភាព​វៀតណាម​)​ប្រឆាំង​ការគ្រប់គ្រង​អាណានិគម​បារាំង​នៅ​វៀតណាម​ ​លោក​បាន​ធ្វើជា​មេដឹកនាំ​អនុ​សេនា​តូច​ ​និង​បន្ត​ក្លាយជា​ប្រធាន​នយោបាយ​នៅក្នុង​កងអនុសេនាធំ​មួយ​និង​បន្ទាប់មក​កងវរសេនាធំ​។​ចាប់ពី​ខែតុលា​ឆ្នាំ១៩៤៨ដល់១៩៥០​ ​លោក​ជា​នាយសេនាធិការ​យោធា​តំបន់៧និង៨ដែល​ប្រយុទ្ធ​នៅ​វៀតណាម​ខាងត្បូង​។​

​ចាប់ពី​ឆ្នាំ១៩៥១ដល់១៩៥៤​ ​លោក​បម្រើការ​ជា​រង​សេនាធិការ​និង​នាយសេនាធិការ​ស្តីទី​សម្រាប់​តំបន់​កូ​ស៉ាំង​ស៊ីន​។​និង​ចាប់ពី​ឆ្នាំ១៩៦៣​ ​លោក​បម្រើការ​ជា​នាយរង​សេនាធិការ​ចម្រុះ​របស់​កងទ័ព​ប្រជាជន​វៀតណាម​។​

​ឡេ​ ​ឌឹក​ ​អាញ់​ ​បាន​ឡើងជា​មេបញ្ជាការ​រង​និង​នាយសេនាធិការ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​រំដោះប្រជាជន​នៅ​វៀតណាម​ខាងត្បូង​ចាប់ពី​ឆ្នាំ១៩៦៤ដល់១៩៧៤​។​លោក​បាន​ឡើង​ឋានៈ​ពី​វរ​សេនីយ​ឯក​ទៅជា​ឧត្តមសេនីយ៍ឯក​នៅ​ឆ្នាំ១៩៧៤​ ​មុន​ក្លាយជា​មេបញ្ជាការ​រង​នៃ​យុទ្ធនាការ​ហូជីមិញ​ ​ដែល​ជា​ការវាយប្រហារ​ដ៏​ធំ​មួយ​ដែល​បាន​ចូលរួម​ដល់​ការ​ដួល​រលំ​វៀតណាម​ខាងត្បូង​និង​បញ្ចប់​សង្គ្រាម​វៀតណាម​នៅ​ឆ្នាំ១៩៧៥​។​

​លោក​បាន​ធ្វើជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចាប់ពី​ឆ្នាំ១៩៨៧ដល់១៩៩១​ ​និង​នៅ​ខែកញ្ញា​ឆ្នាំ១៩៩២​ ​លោក​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានាធិបតី​វៀតណាម​ ​ជា​តំណែង​ដែល​លោក​កាន់​រហូតដល់​ឆ្នាំ១៩៩៧​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close