ក្រសួងបរិស្ថាន​អំពាវនាវ​ដល់​ពលរដ្ឋ​ស្លូតត្រង់​កុំ​ចាញ់បោក​មេខ្យល់​ខិលខូច​ ​និង​ស្នើ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព​ខុសច្បាប់​លើ​ករ​ណី​ឈូល​ឆាយ​ ​កាប់ឆ្ការ​ ​រុករាន​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​

​រាជធានី​ភ្នំពេញ​៖​ ​រដ្ឋលេខាធិការ​និង​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ ​លោក​ ​នេត្រ​ ​ភក្រ្តា​ ​ថ្លែងប្រាប់​ឲ្យដឹង​ថា​ ​ខណៈ​ទីផ្សារ​ដីធ្លី​នៅ​កម្ពុជា​មានតម្លៃ​ខ្ពស់​ ​ក្រុម​មេខ្យល់​ជា​ជនខិលខូច​មួយចំនួន​បាន​ប្រើប្រាស់​ប្រជាពលរដ្ឋ​ជា​ខែល​ដើម្បី​រំលោភបំពាន​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​រដ្ឋ​ ​ដែល​ស្ថិតនៅ​ក្នុង​ឧទ្យានជាតិ​ ​និង​តំបន់ការពារធម្មជាតិ​នានា​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ដើម្បី​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ ​និង​ពេលខ្លះ​ក្រុម​ជនខិលខូច​បាន​ប្រើប្រាស់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ឱ្យ​បំពាន​ចូលកាន់​កាប់ដី​ធ្លី​ដែល​មានកម្ម​សិទ្ធិ​ត្រឹមត្រូវ​ដើម្បី​យក​មក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​

​មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូប​នេះ​បាន​លើកឡើង​ថា​ ​ក្រុម​ជនខិលខូច​បាន​និង​កំពុង​អនុ​វត្ត​ទ្រឹ​ស្តី​ ​«​ឈ្នះ​បាន​ដី​ ​ចាញ់​បាន​លុយ​»​។​ ​ពួកគេ​បាន​ភូត​កុហក​បោកប្រាស់​ពលរដ្ឋ​ស្លូតត្រង់​ដោយ​យក​ដី​រដ្ឋ​ ​ឬ​ដី​ដែល​មានកម្ម​សិទ្ធិ​មក​ធ្វើជា​របស់​ខ្លួន​និង​លក់​ក្នុង​តម្លៃ​ថោ​កៗ​ឱ្យ​ពលរដ្ឋ​។​ ​ពេលខ្លះ​ពួកគេ​បាន​ញុះញង់​ពលរដ្ឋ​ឱ្យ​សាងសង់​ខ្ទ​មតូចៗ​ ​និង​ដាំ​ដំ​ណាំ​ផ្សេង​ៗ​លើ​ដី​របស់​គេ​ដែល​មានកម្ម​សិទ្ធិ​ដើម្បី​តវ៉ា​ថា​ខ្លួន​បាន​តាំងទីលំនៅ​ជាយូរមកហើយ​ ​និង​ប្រសិនបើ​ចង់ឱ្យ​រុះរើ​ចេញ​ត្រូវ​មាន​សំណង​ ​ឬ​ផ្តល់​ចំណែក​ដី​ណាមួយ​ដល់​ខ្លួន​ជាដើម​។​

​ទន្ទឹម​នឹង​នេះ​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​លោក​ ​នេត្រ​ ​ភក្ត្រា​ ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ស្លូតត្រង់​ ​សូមកុំ​ចាញ់បោក​មេខ្យល់​ខិលខូច​ ​និង​សូមកុំ​ចូលរួម​ក្នុង​សកម្មភាព​រំលោភបំពាន​ច្បាប់​ដែល​នាំ​ឱ្យ​មានការ​ ​ប្រឈម​ចំពោះមុខ​ច្បាប់​ ​ព្រោះ​គ្មាន​ជន​ណា​ម្នាក់​អាចយ​ក​ដី​រដ្ឋ​ទៅ​លក់ដូរ​បាន​ឡើយ​។​ ​លោក​រដ្ឋលេខាធិការ​បាន​រំឮក​បងប្អូន​ប្រជាពលរដ្ឋ​ថា​ ​មុននឹង​ទិញ​លក់​ដី​ ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ក្រែង​ប៉ះចំ​ដី​រដ្ឋ​ ​ឬ​ដី​ដែល​មាន​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​ ​ដែល​នាំ​ឱ្យ​បងប្អូន​បាត់បង់​ផលប្រយោជន៍​។​ ​

​លោក​បាន​គូសបញ្ជាក់​ថា​អាជ្ញាធរ​មានសមត្ថកិច្ច​បាន​និង​កំពុងតែ​ធ្វើការ​ស៊ើបអង្កេត​វែកមុខ​រក​មេខ្យល់​ទាំងអស់​ ​និង​ចង់​ចង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ​ក៏ដូចជា​ការពិនិត្យ​និង​ដកហូត​មកវិញ​នូវ​ដី​រដ្ឋ​ដែល​ទន្ទ្រាន​កាន់កាប់​ ​ដោយ​ខុសច្បាប់​ពី​ក្រុម​ជនខិលខូច​។​ ​លោក​បាន​លើកឡើង​ថា​ ​កន្លងទៅ​នេះ​ ​អាជ្ញាធរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ចាត់វិធានការ​ច្បាប់​ប្រឆាំង​នឹង​បទល្មើស​នេះ​ ​នៃ​ការរុករាន​ទន្ទ្រាន​កាន់កាប់​ដី​នៅក្នុង​តំបន់​ការពារ​ ​ហើយ​មេ​ក្លោង​មួយចំនួន​ដែល​នៅ​ពីក្រោយ​បទល្មើស​នេះ​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ជំនុំជម្រះ​ក្តី​តាម​ច្បាប់​បណ្តើរ​ៗ​ហើយ​។​

​ជាថ្មី​ម្តង​ទៀត​ ​ក្រសួងបរិស្ថាន​បាន​ប្រកាស​ឱ្យ​ជនខិលខូច​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ជាអាទិ៍​ការ​ឈូល​ឆាយ​ ​ការ​កាប់ឆ្ការ​ ​ដុត​ ​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ ​ការសាងសង់​ខ្ទម​ ​ឬ​រោង​ ​ការ​ដាំដំណាំ​ ​ឬ​ការ​អាស្រ័យផល​លើ​ដី​របស់​រដ្ឋ​។​ ​ជាមួយគ្នា​នេះ​អាជ្ញាធរ​ក៏បាន​ប្រកាស​ឱ្យ​ឈប់​ជាបន្ទាន់​នូវ​រាល់​ការទិញ​លក់​ដី​រដ្ឋ​ ​និង​ការ​បញ្ជាក់​ការទិញ​លក់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​។​ ​

​ជន​ដែល​នៅតែ​រំលោភបំពាន​ ​នឹង​ត្រូវ​ប្រឈមមុខ​ច្បាប់​ជាកំហិត​យោង​តាមច្បាប់​ស្តី​ពី​ការ​ការពារ​តំបន់​ធម្មជាតិ​ ​ច្បាប់ព្រៃ​ឈើ​ ​និង​ច្បាប់​ភូមិបាល​។​ ​ខាងក្រោម​នេះ​គឺជា​សេចក្តី​ជូនដំណឹង​ ​របស់ក្រ​សួង​បរិស្ថាន​ស្តី​ពី​ការ​ហាមឃាត់​ការ​ឈូល​ឆាយ​ ​ការ​កាប់ឆ្ការ​ ​ដុត​ ​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ ​ការសាងសង់​ខ្ទម​ ​ឬ​រោង​ ​ការ​ដាំដំណាំ​ ​ឬ​ការ​អាស្រ័យផល​លើ​ដី​របស់​រដ្ឋ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close