ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បន្ដ​ឆ្លង​រាលដាល​ដល់​ស្រុក​ថ្មី​មួយទៀត​នៃ​ខេត្ត​រតនគីរី​

ខេត្ត​រតនគីរី​៖​ ​យោង​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យដឹង​ថា​ ​ពេលនេះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​បាន​ផ្ទុះឡើង​និង​ឆ្លង​រាលដាល​សម្លាប់​ជ្រូក​ប្រជាកសិករ​ក្នុង​ស្រុក​អូរយ៉ាដាវ​អស់​ជាច្រើន​រយ​ក្បាល​ ​និង​បន្ត​ឆ្លង​ចូល​មកដល់​ស្រុក​អូរជុំ​ ​ហើយ​បាន​ធ្វើឲ្យ​ជ្រូក​ប្រជាពលរដ្ឋ​ងាប់​ជាង១០០ក្បាល​បន្ថែម​ទៀត​នៅ​អំឡុង​ចុងខែ​មេសា​នេះ​។​ ​

​លោក​ ​សយ​ ​សូ​ណា​ ​ប្រធានមន្ទីរ​កសិកម្ម​រុ​ក្ខាប្រ​ម៉ាញ់​ ​និង​នេសាទ​ខេត្ត​រតនគីរី​ ​បាន​ឲ្យដឹង​ថា​ ​អាជ្ញាធរ​ខេត្ត​បាន​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​ ​ដោយ​ហាមឃាត់​មិន​ឲ្យ​មានការ​ដឹកជញ្ជូន​សត្វ​ជ្រូក​ចេញ​-​ចូលក្នុង​ដែនដី​រដ្ឋបាល​ខេត្ត​ ​គ្រាដែល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​បាន​សម្លាប់សត្វ​ជ្រូក​ជាង១០០ក្បាល​នៅក្នុង​ភូមិ​កាំ​ ​ឃុំ​ល្អ​ក​ ​ស្រុក​អូរជុំ​ ​ដែល​ជា​ស្រុក​ទីពីរ​ហើយ​បាន​ផ្ទុះ​ជំងឺ​នេះ​បន្ទាប់ពី​ស្រុក​អូរយ៉ាដាវ​បាន​រង​នូវ​ជំងឺ​នេះ​ក្នុង​ខែ​មិនា​។​

​លោក​ ​សូ​ណា​ ​បន្ត​ថា​ ​មន្រ្តី​ជំនាញ​កំពុងតែ​ធ្វើការ​សិក្សា​ ​តើ​វា​មានផល​ប៉ះពាល់​ដល់​សត្វ​ជ្រូក​ប៉ុន្មាន​ក្បាល​ ​និង​មាន​ចំនួន​ប៉ុន្មាន​ភូមិ​ ​នៅក្នុង​ឃុំ​ណាខ្លះ​ ​នៃ​ស្រុក​អូរជុំ​ ​ដែល​ទ​ទូល​រង​នូវ​ការ​ឆ្លង​មេរោគ​នេះ​។​ ​លោក​ថា​ ​បច្ចុប្បន្ន​ ​អាជ្ញាធរ​ខេត្ត​បាន​បិទ​ការនាំចេញ​-​ចូល​សត្វ​ជ្រូក​ទូទាំង​ខេត្ត​និង​បាន​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​រាលដាល​បន្ត​នៅ​តាម​បណ្តា​ស្រុក​ផ្សេង​ៗ​ទៀត​។​

ប្រធានមន្ទីរ​រូប​នេះ​ ​បញ្ជាក់​ថា​ ​ចំពោះ​វិធានការ​ទប់ស្កាត់​ ​ខាង​មន្ទីរ​បាន​ដាក់​តំបន់​ ​ដែល​កំពុង​ផ្ទុះ​ជំងឺ​ខាងលើ​ ​ជា​តំបន់ហាមឃាត់​ចរាចរ​សត្វ​ ​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​ភូមិ​ ​ព្រមទាំង​បាន​អញ្ជើញ​ប្រជាពលរដ្ឋ​ ​ដែល​ចិញ្ចឹម​ជ្រូក​មក​អប់រំ​ផ្សព្វផ្សាយ​អំពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​និង​ផ្សព្វផ្សាយ​សេចក្តី​ណែនាំ​របស់​រដ្ឋបាល​តាម​ ​វិទ្យុ​ ​ទូរទស្សន៍​ខេត្ត​ ​ជា​ភាសាខ្មែរ​ ​និង​ជា​ភាសា​ជនជាតិ​ដើម​ភា​តិច​ ​មាន​ដូចជា​ ​ចារ៉ាយ​ ​ទំពួន​ ​ព្រៅ​ ​និង​គ្រឹង​ផង​ដែរ​។​

​លោក​បញ្ជាក់​បន្ថែម​ថា​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ​ ​ដោយ​ជំងឺ​នេះ​កើត​លើ​តែ​សត្វ​ជ្រូកស្រុក​ ​និង​ជ្រូកព្រៃ​ ​ដោយសារ​មេរោគ​អាច​រស់​បាន​រយៈពេល​យូរ​ក្នុង​សាច់​ជ្រូក​កែច្នៃ​ ​សាច់​ជ្រូក​សម្ងួត​ ​និង​សាច់​ជ្រូក​ប្រឡាក់​។​ ​លោក​ថា​បច្ចុប្បន្ន​មិន​មាន​វិធី​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជាសះស្បើយ​ ​និង​មិនទាន់​មាន​ថ្នាំបង្ការ​ ​ឬ​ការ​ព្យាបាល​ណាមួយ​ ​ដែល​មាន​ប្រសិទ្ធិ​ភាព​នៅឡើយ​ទេ​ ​ដូច្នេះ​នៅពេល​ដែល​សត្វ​ជ្រូក​ឆ្លង​ជំងឺ​នេះ​ ​វិធានការ​តែមួយគត់​ ​គឺ​កម្ទេច​ហ្វូង​ជ្រូក​ដែល​ទទួលរង​ផល​ប៉ះពាល់​ចោល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close