ប្រេ​ស៊ី​ល បន្ត​ឲ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន សាកល្បង​វ៉ាក់សាំង​កូ​វីដ​១៩

​ប្រេ​ស៊ី​ល​៖ អាជ្ញាធរ​សុខាភិបាល​ប្រេ​ស៊ី​ល នៅ​ថ្ងៃ​ពុធ​នេះ បាន​បើកភ្លើង​ខៀវ​អោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន សាយ​ណូ​វ៉ា​ក់​-​បាយ​អូ​ធិ​ច បន្ត​ការសាកល្បង​វ៉ាក់សាំង​ប្រឆាំង Covid-19 នៅក្នុង​ប្រទេស​របស់ខ្លួន​ឡើងវិញ នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​អាជ្ញាធរ​សុខាភិបាល​ប្រេ​ស៊ី​ល Anvisa បញ្ជាក់ថា ឥឡូវនេះ​ពួកគេ​បានទទួល​ព័ត៌មាន​លម្អិត​បន្ថែមទៀត អំពី​លក្ខណៈ​នៃ​ឧប្បត្តិហេតុ​មិនល្អ ដែល​នាំ​ឲ្យ​បញ្ឈប់​ការធ្វើ​តេស្ត​វ៉ាក់សាំង CoronaVac របស់​ចិន កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះនោះ​ហើយ និង​ថា ព័ត៌មាន​ទាំងនោះ គឺ​គ្រប់គ្រាន់​ដើម្បី​អនុញ្ញាត​ឲ្យ​បន្ត​ការធ្វើ​តេស្ត​វ៉ាក់សាំង​ឡើងវិញ​បាន ។​

​សូមបញ្ជាក់ថា ការអនុញ្ញាតអោយ​បន្ត​ការធ្វើ​តេស្ត​វ៉ាក់សាំង​របស់​ចិន ក្នុងប្រទេស​ប្រេ​ស៊ី​ល​ខាងលើនេះ បាន​កើតមានឡើង​ស្រប​ពេលដែល​មន្ត្រី​សុខភាព​សាធារណៈ​ប្រេ​ស៊ី​ល​និយាយថា ឧប្បត្តិហេតុ​មិនល្អ ដែល​នាំ​ឲ្យ​ស្លាប់​អ្នកទទួល​ស្ម័គ្រចិត្ត​ចូលរួម​ធ្វើតេស្ត ដែល​ប៉ូលីស​កំពុង​ស៊ើបអង្កេត​នោះ​ថា ជាការ​ធ្វើអត្តឃាត​ខ្លួនឯង​ទេ មិនមាន​ការជាប់​ទំនាក់​ទំនង​ជាមួយ​វ៉ាក់សាំង​នោះទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close