ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 11:07:01 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ប្រជាជន​កម្ពុជា​វ័យ​ចំណាស់​រងគ្រោះ និង​ស្លាប់​ច្រើន​ដោយសារ​ជំងឺលើសឈាម ខណៈ​វ័យក្មេង​នឹង​ប្រឈមមុខ​ជំងឺ​សង្គម​ស៊ី​វិ​ល័យ​

ភ្នំពេញ | 20 Nov 2017 09:37 | ដោយ៖ បញ្ញាញ្ញាណ | ផ្សាយក្នុង៖ ព័ត៌មានសុខភាព| មើល៖ 74 | មតិ៖ 0
 

​ស្រប​ពេលដែល​សេដ្ឋកិច្ចសង្គម​កម្ពុជា​កំពុងមាន​ការរីកចម្រើន​ពី​ស្ថានភាព​មធ្យម​កម្រិត​ទាប​ទៅ​មធ្យម​កម្រិត​ខ្ពស់​នោះ ការផ្គត់ផ្គង់​ម្ហូបអាហារ Fastfood (​ទាន់​ចិត្ត​) បែប​ប្រទេស​ជឿនលឿន​ក៏​កំពុង​ហូរ​ចូលមកក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា យ៉ាងគំហុក​ដែរ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​មនុស្ស​ជំនាន់​ថ្មី​របស់​កម្ពុជា ដែល​និយម​ភាព​ស៊ី​វិ​ល័យ​ចូលចិត្ត​បរិភោគ​អាហារ​ឆ្ងាញ់ និង​មិនសូវ​ចូលចិត្ត​ធ្វើ​ពលកម្ម​ផង​នោះ​វា​ក៏​កាន់តែ​ជំរុញ​ល្បឿន​នៃ​ជំងឺ​សង្គម​ជឿនលឿន​និយម​ដូចជា​ធាត់​ជ្រុល (​លើស ទម្ងន់​) លើសឈាម (​ជំងឺ​សម្ពាធ​សរសៃឈាម​) ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ជំងឺមហារីក​ជាដើម​ដោយ​បន្ថែម​ឲ្យ​មាន​តួលេខ​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។​

​ថ្វីបើ​ពុំមាន​មាត្រដ្ឋាន​វាស់វែង ឬ​កំណត់ថា​ជំងឺ ឬ​មេរោគ​កើតឡើង​ចំពោះ​ជីវិត​មនុស្ស​ម្នាក់ៗ​ថា​កើត​ពី​ខាងក្រៅ​ខ្លួន​ប៉ុន្មាន​បែប និង​កើត​ពី​ក្នុង​ខ្លួន​ប៉ុន្មាន​ប្រភេទ​ហើយ​ថា​វា​កើត​ដោយសារ​កត្តា​ម្ហូបអាហារ​ប៉ុន្មាន​យ៉ាងណាក៏ដោយ​។​

​ប៉ុន្តែ​ក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព​នៅក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ស្រដៀងៗ​គ្នា​ថា «​ការចូល​ចិត្ត​បរិភោគ​ម្ហូបអាហារ Fastfood ញឹកញាប់​នោះ​វា​ប្រាកដជា​បង្ក​ឲ្យ​មាន​ហានិភ័យ​កាន់តែខ្លាំង​ដល់​សុខភាព​របស់​យើង​ហើយ​វា​កាន់តែ​គ្រោះថ្នាក់​ខណៈ​មនុស្ស​ពុំ​ធ្វើការ​ហាត់ប្រាណ ឬ​កាយពល​កម្ម​ផ្សេងៗ​»​។​

​លោក​វេជ្ជបណ្ឌិត ជួន គីម​ចេង អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង និង​ពិគ្រោះ​ទូទៅ​ប្រចាំ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម (SHCH) បាន​ពន្យល់ថា​អាហារ Fastfood ទាំងនោះ​ភាគច្រើន​ចម្អិន​ដោយ​ខ្លាញ់ ឬ​ប្រេង​ក្នុង​រយៈពេល​ខ្លី វា​សម្បូរ​ទៅដោយ​សារជាតិ​ខ្លាញ់ និង​សារជាតិ​សាច់​ច្រើន​ស្រាប់ វា​នឹង​នាំ​ឲ្យ​សារជាតិ​ទាំងនោះ «​កើនឡើង​ច្រើន​លើសពី​តម្រូវការ​របស់​សរីរាង្គ​កាយ​របស់​យើង ហើយ​នាំទៅ​កើតជា​ជំងឺ​ផ្សេងៗ​ទៅវិញ​ដូចជា​ជំងឺ​ខ្លាញ់​រុំ​បេះដូង​ថ្លើម ខ្លាញ់​រុំ​សរសៃឈាម ឬ​ស្ទះ​សរសៃឈាម ជំងឺលើសឈាម ជំងឺថ្លើម និង​រហូត​បង្ក​ទៅជា​ជំងឺមហារីក​ជាដើម​»​។​

​លោក​វេជ្ជបណ្ឌិត លី ចេង​ហ៊ុយ អ្នកជំនាញ​សុខភាព​សាធារណៈ និង​ជា​អ្នកគ្រប់គ្រង​គេហទំព័រ​សុខភាព​កម្ពុ​ជា (www.cambodiahealth.com) បានបង្ហាញ​ការកត់សម្គាល់​របស់ខ្លួន​ថាបើ​ពិនិត្យ​លើ​មនុស្ស​វ័យក្មេងៗ​រស់នៅក្នុង​ទីក្រុង ពួកគាត់​អាច​នឹង​ប្រឈម​ទៅនឹង «​ជំងឺ​បែប​ស៊ី​វិ​ល័យ​មួយចំនួន​ដែល​ភាគច្រើន​អាច​បណ្តាលមកពី​កត្តា​ម្ហូបអាហារ​សំបូរ​ជាតិ​ខ្លាញ់ សាច់ និង​ផ្អែម​ពេក​»​ផងដែរ​។​

​លោក​ពន្យល់ថា ជាការ​ពិត​កាលណា​មាន​កម្រិតជីវភាព​រស់​នៅ​ធូរធារ​ឡើង ប្រជាជន​ត្រូវការ​បរិភោគ​ឆ្ងាញ់​ងាយស្រួល​មិនសូវ​បញ្ចេញ​ពលកម្ម​នេះ​ជា​បែបបទ​រស់នៅ​របស់​ស​ង្គ​ម​មនុស្ស​ជា​សត្យានុម័ត​។ ប៉ុន្តែ​ពួក​ជំងឺ​ឱកាសនិយម ឬ​ជំងឺ​សង្គម​ស៊ី​វិ​ល័យ​ក៏​វា​កើតឡើង​តាម​នោះដែរ​។ កត្តា​សំខាន់​គឺ​ត្រូវ​ការបង្កើន «​ការអប់រំ​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​សុខភាព​ឲ្យ​ត្រឹមត្រូវ​ទូលំទូលាយ​» វា​គឺជា​អ្វីដែល​តម្រូវ​តាម​ការ​វិ​វ​ត្តិ​ដើរ​ស្របទៅនឹង​កត្តា​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​នោះឯង​។​

​លោក​បានបង្ហាញ​ការកត់សម្គាល់​របស់ខ្លួន​ថា​៖ «​បច្ចុប្បន្ននេះ​បើ​យើង​ពិនិត្យ​ទៅលើ​ក្រុមមនុស្ស​វ័យ​ចំណាស់​វិញ​គឺ​ឃើញ​មាន​ជំងឺលើសឈាម និង​ទឹកនោមផ្អែម​បានធ្វើ​ឲ្យ​ពួកគាត់​ទទួលរង​គ្រោះ​រហូតដល់​បាត់​បង់ជីវិត​ច្រើនជាងគេ​»​។​

​ដោយឡែក ចំពោះ​ជំងឺ «​កាច​សាហាវ​ខ្លាំងជាងគេ​គឺ​ជំងឺមហារីក​» តែ​វា​កើតឡើង​ហើយ​គឺ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ក្នុង​កម្រិត​ខ្ពស់​ជាងគេ «​ប៉ុន្តែ​ជំងឺ​នេះ​វា​ពុំមាន​ចំនួន​ច្រើន​នៅក្នុង​សង្គម​យើង​ទេ​»​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​កាលពីដើមឆ្នាំ ២០១៤ បាន​បង្ហាញថា​នៅក្នុង​ឆ្នាំ ២០១៣ មាន​ករណី​ជំងឺលើសឈាម​ចំនួន​សរុប ១៤៥០៧៧ ករណី​ក្នុងនោះ​មាន​ស្ត្រី​ចំនួន ៩០៨៩២ នាក់​បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១២ មាន​ចំនួន​សរុប​តែ ១២៧០៦១ ករណី​ប៉ុណ្ណោះ​។ ចំណែក​ជំងឺ​ទឹកនោមផ្អែម​មាន​ចំនួន ២៨១០ ករណី​ក្នុងនោះ​មាន​ស្ត្រី​ចំនួន ១៦០៧ នាក់ បើ​ធៀប​ទៅនឹង​តួលេខ​ឆ្នាំ ២០១២ គឺមាន​ចំនួន​សរុប​តែ ២០៨២ ករណី​ប៉ុណ្ណោះ​។​

​លោក​វេជ្ជបណ្ឌិត ជួន គីម​ចេង បាន​ព្រមាន​ថា​៖ «​អ្នកមាន​ជំងឺលើសឈាម ប្រៀបបាន​នឹងមាន​គ្រាប់បែក​មួយ​គ្រាប់​នៅជាប់​នឹង​ខ្លួន​ថ្ងៃ​ណាមួយ​វា​នឹង​ផ្ទុះ​ធ្វើ​ឲ្យ​យើង​ស្លាប់ ឬក៏​ពិការ (​ពិការ​មួយ​ជំ​ហៀ​ង​ខ្លួន​) ដូច្នេះ​អ្នកមាន​ជំងឺ​នេះ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជា​ទៀងទាត់​»​។​

​បើតាម​ការអង្កេត​រប​ស់​ខ្លួន​លោក​បាន​បញ្ជាក់ថា​ជំងឺ​ដែល​កំពុង​វាយលុក​ច្រើន​ក្នុងចំណោម​ប្រជាជន​កម្ពុជា​នាបច្ចុប្បន្ន​នេះ​មាន «​ជំងឺលើសឈាម​ស្ថិតនៅ​លំដាប់​ទី ១ ទី ២-​ជំងឺ​ទឹកនោមផ្អែម ទី ៣- ជំងឺ​ពុក​ឆ្អឹង វា​ពុំ​កាច​សាហាវ​ខ្លាំងពេក​ទេ ប៉ុន្តែ​វា​បង្ក​ការរំខាន​ដល់​គុណភាព​ជីវិត​របស់​នៅ​របស់​យើង និង​ទី ៤- គឺ​ជំងឺ​ក្រពះ​តែម្តង​»​។​

​ក្នុង​បទ​សម្ភាស​ផ្តាច់មុខ​កាលពីពេល​កន្លងមក​លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង ប្រធាន​អគ្គនាយក​នៃ​សហគ្រាស​ផលិត ឱសថ PPM (​ប៉េ​ប៉េអឹម​) បាន​ពន្យល់ថា​ការអប់រំ​ចំណេះដឹង​ជាពិសេស​គឺ «​ចំណេះដឹង​ផ្នែក​សុខភាព​ហ្នឹង​ត្រូវ​ចេះដឹង​មុនគេ​ដោយ​រាប់​តាំងពី​ការហូបចុក និង​រស់នៅ​ឡើងទៅ​គឺ​វា​សំខាន់​ខ្លាំងណាស់​សម្រាប់​មនុស្ស​រា​ល់​គ្នា​!»​។​

​មនុស្ស​ពុំ​គ្រាន់​ត្រឹមតែ​ដឹងខ្លួន​ឈឺ​ហើយ «​រត់ទៅរក​លោកគ្រូ​ពេទ្យ​ឲ្យ​ជួយ​ផ្សំ​ថ្មាំ​ឲ្យ​លេប ឬ​ទៅ​មន្ទីរពេទ្យ​ដើម្បី​សម្រាក​ព្យាបាល​នោះទេ​! កត្តា​សំខាន់​គឺ​ត្រូវ​ចេះដឹង​ពី​របៀប​បង្ការ​កុំ​ឲ្យ​មាន​ជំងឺ​បាន​វា​ប្រសើរ​»​។ លោក​បន្តថា​មូលហេតុ​ដែល​ឈឺ​នោះ​ទៀតសោធ​គឺ​កើតឡើង​ចេញពី​ក្នុង​ខ្លួន​មនុស្ស​រាល់គ្នា​គឺ «​ដើមចម​ចម្បង​របស់​មេរោគ​មួយចំនួនធំ​នោះ​គឺ​មកពី​ការហូបចុក​ចូលទៅក្នុង​ពោះ​ហ្នឹងឯង​!»​។​

​លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង បាន​ពន្យល់ថា​ជាទូទៅ​មនុស្ស​បាន «​បង្កើត​ជំងឺ​ដោយ​ខ្លួនឯង​មួយ​ភាគ​ធំ​» តាមរយៈ​ការបរិភោគ​ចូលទៅក្នុង​ខ្លួន​ប្រមាណ​ហើយ​មួយចំនួនទៀត​គឺ​កើត​ដោយសារ​មេរោគ​ឆ្លង​ពី​ខាងក្រៅ​ចូលទៅក្នុង​ខ្លួន គឺ​កើត​ដោយសារ​ការប៉ះពាល់​ពី​បរិស្ថាន​នៅ​ខាងក្រៅ​ខ្លួន​។​

​ដើម្បី​បង្ការ ឬ​គេច​ផុតពី​ជំងឺ​ផ្សេងៗ​ក្រុមគ្រូពេទ្យ​ល្បីៗ​តែងតែ​ពោល​ដាស់តឿន​ថា​៖ «​ការពារ​ប្រសើរ​ជាង​ព្យាបាល​!»​។ សុភាសិត​នេះ​គឺ​ពុំមែន​ត្រឹមតែ​សំដៅលើ​ការការពារ​មេរោគ​ពី​ខាងក្រៅ​កាយ​មិន​ឲ្យ​ចូល​យាយី​រាងកាយ​មនុស្ស​នោះទេ តែ​វា​មាន​ឥទ្ធិពល​បំផុត​សម្រាប់​ការពារ​មេរោគ​កើតចេញពី​ក្នុង​ខ្លួន​មនុស្ស​ម្នាក់ៗ​តាមរយៈ​ការប្រព្រឹត្ត​របៀប​រស់នៅ​ស្អាត​របស់ខ្លួន​។​

​រាល់​ជំងឺ​កាច​សាហាវ​ទាំងឡាយ​គឺ​រួមទាំង​ជំងឺមហារីក ជំងឺថ្លើម ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​គាំងបេះដូង​ជាដើម​គឺ​សុទ្ធតែ​អាច​បង្ការ ឬ​ការពារ​បញ្ចៀស​មិន​ឲ្យ​ពួកវា​កើតមាន​លើ​ខ្លួន​មនុស្ស​បានទេ​។ «​បើ​ដឹងថា​ជំងឺ​ទាំងនោះ​កើតមាន​នៅក្នុង​ដំណាក់កាល​ដំបូងៗ​ក៏​យើង (​គ្រូពេទ្យ​) អាច​ព្យាបាល​ទប់ស្កាត់​វា​ឲ្យ​ជាសះស្បើយ​បានដែរ​»​។ នេះ​បើតាម​ប្រសាសន៍​របស់លោក​វេជ្ជបណ្ឌិត ព្រាប ឡី ប្រធាន​ផ្នែក​វះកាត់ និង​ជំនាញ​ជំងឺមហារីក​ប្រចាំ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម​៕

​តួលេខ​ខ្លះៗ​ទាក់ទង​នឹង​សុខភាព​យោងតាម​របាយការណ៍រ​បស់​ក្រសួងសុខាភិបាល​មាន​ចំណងជើង​ថា «​សមិទ្ធផល​សុខាភិបាល​ឆ្នាំ ២០១៣ និង​ទិសដៅ​ឆ្នាំ ២០១៤» ដែល​បានចេញ​ផ្សាយ​កាលពី​ខែមករា​ឆ្នាំ ២០១៤ បានបង្ហាញ​តួលេខ​មួយចំនួន​ទាក់ទង​ទៅនឹង​សុខភាព​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​នៅ​ទូទាំងប្រទេស​ប្រចាំឆ្នាំ ២០១៣ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​សូម​ដកស្រង់​តួលេខ​ខ្លះៗ​មក​បង្ហាញជូន​មិត្ត​អ្នកអាន​ដូចខាងក្រោម​៖

២១៧៩- ករណី​នៃ​ជំងឺមហារីក​ដោះ សួត ថ្លើម ក​ស្បូន និង​មហារីក​ស្បូន ។​
២៧៩៥- ករណី​ជំងឺ​បេះដូង (​មាន​ស្ត្រី​ចំនួន ១៥៤២ ករណី​) បើ​ធៀប​ទៅនឹង​តួលេខ​ឆ្នាំ ២០១២ មាន​ចំនួន ៤៨៣៤ ករណី​។​
១៤៥០៧៧- ករណី​ថ្មី​នៃ​ជំងឺលើសឈាម (​មាន​ស្ត្រី​ចំនួន ៩០៨៩២) បើ​ធៀប​ទៅនឹង​តួលេខ​ឆ្នាំ ២០១២ មាន​ចំនួន ១២៧០៦១ ករណី​។​
២៨១០- ករណី​នៃ​ជំងឺ​ទឹកនោមផ្អែម (​មាន​ស្ត្រី​ចំនួន ១៦០៧) បើ​ធៀប​ទៅនឹង​តួលេខ​ឆ្នាំ ២០១២ មាន​ចំនួន ២០៨២ ករណី​។​
១០.១៨៧.៧៩០- ករណី​នៃ​ការពិគ្រោះ​ជំងឺ​របស់​ប្រជាពលរដ្ឋ​ទាំង​ពីរភេទ និង​គ្រប់​វ័យ បើ​ធៀប​ទៅនឹង​តួលេខ​ឆ្នាំ ២០១២ មាន​ចំនួន ១០.៤២៦.៤២០ ករណី និង​ឆ្នាំ ២០១១ មាន​ចំនួន ១០.៤២៤.៨៥៧ ករណី​។​
៦១៨២ - នាក់​អ្នកជំងឺ​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១២ មាន​ចំនួន ៦០៤៥ នាក់ និង​ឆ្នាំ ២០១១ មាន​ចំនួន ១០.៤២៤.៨៥៧ ករណី​។​
៩០១.៥០០ - លាន​រៀល (​ឬ​ស្មើនឹង​ជាង ២២០ ដុល្លារ​អាមេរិក​) នេះ​ជា​ចំនួន​ថវិកា​វិភាជន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ក្រសួងសុខាភិបាល​ប្រចាំឆ្នាំ ២០១៣ គឺ​កើន​លើស ១៣,៥១ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១២​។​

 
ប្រជាជន​កម្ពុជា​វ័យ​ចំណាស់​រងគ្រោះ និង​ស្លាប់​ច្រើន​ដោយសារ​ជំងឺលើសឈាម ខណៈ​វ័យក្មេង​នឹង​ប្រឈមមុខ​ជំងឺ​សង្គម​ស៊ី​វិ​ល័យ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!