ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:25:16 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ព្រោះតែជាតិសាស្ត្រតែមួយ​ ពលរដ្ឋប្រទេសកូរ៉េខាងជើង និងខាងត្បូង ចង់ឲ្យរួបរួមគ្នា

| 12 Feb 2018 14:59 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 408 | មតិ៖ 0
 

ក្រោយទំនាក់ទំនងល្អប្រសើរ ឡើងវិញ រវាងកូរ៉េខាងជើងនិងខាងត្បូង តាមរយៈកីឡាអូឡាំពិក​ បានបង្ហាញពីក្តីសង្ឃឹម ដល់ពលរដ្ឋប្រទេសទាំងពីរចង់រួបរួមគ្នា​ឡើងវិញ ដោយសារតែប្រទេសទាំងពីរ​មានជាតិសាស្ត្រតែមួយ ។

នៅក្នុងការស្ទងមតិនាពេលកន្លងមកបានបង្ហាញឲ្យឃើញថា ប្រជាជន​កូរ៉េខាងជើង​ភាគច្រើនគិតថា ការបង្រួបបង្រួមគ្នា​ជាមួយកូរ៉េខាងត្បូង​ គឺជារឿង​ចាំបាច់​ពីព្រោះ កូរ៉េទាំងពីរកើត​ចេញពីពូជសាសន៍​តែមួយ។ នេះបើតាម​ការស្ទង់មតិ​មួយ​ដកស្រង់​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

ការស្ទង់មតិក្រោម​គំរោង Beyond Parallel នៃវិទ្យាស្ថាន​យុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ របស់​សហរដ្ឋអាមេរិក បានសម្ភាសន៍ប្រជាជនកូរ៉េខាងជើង ៣៦នាក់ ដែលរស់​នៅក្នុង​រដ្ឋ​កុម្មុយនីស្ដ​មួយនេះ ក្នុងរយៈពេលមិន​កំណត់មួយ​ក្រោយ​ឆ្នាំ២០១៦។

លើសពីនេះ​ទៅទៀត ការស្ទង់មតិ​នេះ​បានរកឃើញថា ប្រជាជនកូរ៉េខាងជើង ៣៤នាក់ ឬស្មើនឹង ៩៤ភាគរយ ក្នុងចំណោម​អ្នកត្រូវបាន​សាកសួរ គិតថា ការ​បង្រួប​បង្រួមជាតិ​ជាមួយកូរ៉េខាងត្បូង​ គឺជារឿង​ចាំបាច់​ក្នុងនោះ ៤៤ភាគរយ យល់ថា ចាំបាច់ត្រូវរួមគ្នាដោយសារ​តែកូរ៉េទាំងពីរ កើតចេញពី​ពូជសាសន៍​តែមួយ និង ២៩.៤ភាគរយគិតថា ក្រោម​ហេតុ​ផល​សេដ្ឋកិច្ច ខណៈ ១៤.៧ភាគរយថា ដើម្បីដោះស្រាយបញ្ហា​ប្រជាជនកូរ៉េ​ ដែលបានព្រាត់ប្រាស​គ្នាក្នុង​សង្រ្គាមកូរ៉េ។

គួរបញ្ជាក់ថា ប្រជាជន​កូរ៉េខាងជើង​ត្រូវបាន​សម្ភាសន៍​មានបុរស ២០នាក់ និងស្ត្រី ១៦នាក់ មានអាយុ​ចន្លោះពី ២៨ ដល់ ៨០ឆ្នាំ។ ពួកគេរស់​នៅក្នុងខេត្ត​ចំនួន ០៨ ផ្សេងៗពីគ្នា​របស់​កូរ៉េខាងជើង ហើយអ្នកខ្លះ​គឺជាកម្មករ វេជ្ជបណ្ឌិត ប្រធាន​ក្រុមហ៊ុន និងកម្មកររោងចក្រ​ជាដើម។ ដោយឡែក​កាលពី​ឆ្នាំ២០១៧ ការស្ទង់មិតរបស់​ទីក្រុងសេអ៊ូល ក៏បានបង្ហាញ​ដែរថា ប្រជាជនកូរ៉េខាងត្បូង ៥៧.៨ភាគរយ ចង់ឱ្យកូរ៉េ​ទាំងបង្រួប​បង្រួម​គ្នា។

នៅពេលនេះដែរ ក្រោយទទួលបានលិខិត អញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន​មក ប្រធានាធិបតីកូរ៉េខាងត្បូង លោក​ មូនជេអីន កំពុងឈរនៅលើស្ថានភាព មួយដ៏លំបាក់នៅក្នុងការសម្រេចចិត្ត​។

ប្អូនស្រីរបស់លោកគីមជុងអ៊ុន បានផ្តល់លិខិតអញ្ជើញសរសេរ ដោយផ្ទាល់ដៃ ជូនប្រធានាធិបតីកូរ៉េខាងត្បូង មូន ជែអ៊ីន ឲ្យទៅបំពេញទស្សនកិច្ចនៅឯប្រទេស​​របស់លោក ដើម្បីបើកកិច្ចជំនួបកំពូលមួយ​រវាង​មេដឹកនាំនៃបងប្អូនកូរ៉េខាងទាំងពីរ ​ក្រុមអ្នកវិភាគបានមើលឃើញទង្វើនេះថា កំពុងធ្វើឲ្យ​​​ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ស្ថិត​ក្នុង​ស្ថានភាពដ៏លំបាកមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅយប់ថ្ងៃសៅរ៍ ទី​១០ ខែកុម្ភៈ ឆ្នាំ២០១៨។

​នៅក្នុងជំនួបពិភាក្សារវាង​លោក មូន ជែអ៉ិន និង​​​​​ប្រតិភូកូរ៉េខាងជើង រួមមានប្រធានសភាលោក គីម យ៉ុងណាំ, ប្អូនស្រី​បង្កើតលោក គីម ជុនអ៊ុន គឺអ្នកនាង គីម យ៉ូចុង ដែល​ត្រូវបានបញ្ជូនមកកូរ៉េខាងត្បូង ក្នុងនាមជាប្រេសិតពិសេសរបស់លោក គីម ជុងអ៊ុន ​ព្រម​ទាំង​​មន្រ្តីជាន់ខ្ពស់ពីររូបទៀត​ ​នាព្រឹកថ្ងៃសៅរ៍ លោក មូន បានទទួលលិខិតមួយច្បាប់ពី​​អ្នក​នាង គីម យ៉ូចុង ដោយ​​វា​គឺជា​​លិខិត​ផ្ទាល់​របស់​​លោក គីម ជុងអ៊ុន ដែលបានអញ្ជើញ​រូបលោកឲ្យទៅធ្វើទស្សនកិច្ច ​នៅ​ឯ​ប្រទេស​កូរ៉េ​ខាង​ជើង ហើយ​​ក្នុង​​លិ​ខិតនោះលោក គីម ជុងអ៊ុន ក៏បានបង្ហាញពីឆន្ទៈក្នុងការកសាងទំនាក់ទំនង ​​រវាង​ប្រទេសទាំងពីរឲ្យល្អប្រសើរផងដែរ។ «ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុងសេអ៊ូល នឹងកាន់តែជិតស្និតក្នុងបេះដូងនៃ ប្រជាពលរដ្ឋកូរ៉េទាំងពីរ ព្រមទាំងឈានទៅរកការបង្រួបបង្រួម និងរីកចម្រើន នាពេលអនាគតឆាប់ៗខាងមុខ»។

ជុំវិញរឿងនេះ ​ក្រុមអ្នកវិភាគបានលើកឡើងថា ទង្វើរបស់លោក គីម ជុងអ៊ុន បានបង្ខំឲ្យ​មេដឹកនាំកូរ៉េខាងត្បូង លោក មូន ជែ​អ៉ិន​ ឈរលើចំណុចដ៏ លំបាកមួយ ពោលគឺត្រូវគិតគូរ​ឲ្យបានហ្មត់ចត់ រវាងការ​លើកកម្ពស់ទំនាក់ទំនង​​​​អន្តរកូរ៉េ ដែលបានជាប់គាំងអស់​រយៈពេលជាយូរណាស់មកហើយ និងធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់សម្ព័ន្ធភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ក៏ដូចជា​សាមគ្គី​ភាពរបស់អន្តរជាតិ ក្នុងការដាក់សម្ពាធទៅលើ​ទីក្រុងព្យុងយ៉ាង ឲ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ។

ការបោះជំហាននេះកំពុងបង្កើន​លទ្ធភាព សម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េជាលើកដំបូង នៅក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ​ហើយវាក៏បាន បង្ហាញពីការប្រែប្រួលមួយ នៅក្នុងចំណងទាក់ទង​ទ្វេភាគី ដែលបានធ្លាក់ចុះដាបផងដែរ ក្រោយពីមាន​ភាពតាន​តឹង​ជាមួយគ្នាអស់ជាច្រើនឆ្នាំ ដោយសារតែការធ្វើតេស្តមីស៊ីល និងអាវុធនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង។

​​គិតចាប់តាំងតែពីសម័យស​ង្រ្គាមកូរ៉េមក ប្រទេសកូរ៉េទាំងពីរ ​ធ្លាប់បើកកិច្ចប្រជុំ​កំពូល​រវាងមេដឹកនាំ​ តែ០២​លើកគត់​គឺក្នុងឆ្នាំ២០០០ និងឆ្នាំ២០០៧ ដែលបានប្រព្រឹត្តទៅនៅឯរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើងទាំងពីរលើក នៅពេលដែល​កូរ៉េ​ខាង​ត្បូង បានស្ថិត​ក្រោមការដឹកនាំរបស់រដ្ឋបាល​របស់លោក គីម ដេជុង (១៩៩៨-២០០៣) និង​លោក រ៉ូ មូយុន (២០០៣-២០០៨) ដែល​ជាអ្នកសេរីនិយម។ ដោយឡែក កាលៈទេសៈកាលពីពេលនោះគឺខុសប្លែកខ្លាំងពីពេលបច្ចុប្បន្ន ដោយសព្វថ្ងៃនេះ កូរ៉េខាងជើង​​បានធ្វើការអភិវឌ្ឍកម្មវិធីមីស៊ីល-នុយក្លេអ៊ែររបស់ខ្លួន នៅក្នុងល្បឿនយ៉ាងលឿន ដែលនឹកស្មានពុំដល់និងគួរឲ្យព្រួយបារម្ភ។​

​ជាមួយ​គ្នានេះ អ្នកវិភាគមួយចំនួនបាននិយាយថា សំណើរបស់កូរ៉េខាងជើង ​ក្រៅពីចង់ស្វែងរកការបន្ធូរបន្ថយទណ្ឌកម្ម​ពីអន្តរជាតិតាមរយៈការ រឹតចំណងទាក់ទងជាមួយកូរ៉េខាងត្បូង ក៏មានគោលដៅព្យាយាម​បង្ក​ភាពទាស់ទែស ក្នុងសម្ព័ន្ធភាពដ៏រឹងមាំ​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និងទីក្រុងសេអ៊ូលផងដែរ។

ខណៈដែល​ក្រុមមន្រ្តីកូរ៉េខាងជើង បានជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងត្បូង និងបានស្នើឲ្យ​មាន​កិច្ចសន្ទនាថ្នាក់កំពូល ជាមួយ​​​ទីក្រុងសេអ៊ូល តាមរយៈការអញ្ជើញលោក មូន ឲ្យទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងបែបនេះនោះ ទីក្រុងព្យុងយ៉ាងបាន​អះអាងថា ខ្លួនគ្មានថ្ងៃអង្វរឲ្យ​មានការសន្ទនាក៏ដូចជា ចរចាគ្នាជាមួយសហរដ្ឋអាមេរិក​ឡើយ។ ម៉្យាងវិញទៀតនៅក្នុងឱកាស​ចូល​រួមពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងា លើកទី២៣ នៅកូរ៉េខាងត្បូង ​​​​មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង រូមមានលោក គីម យ៉ុងណាំ និង​អ្នក​នាង គីម យ៉ូចុង ​ហើយ​និង​​​អនុ​ប្រធានាធិបតីអាមេរិក លោក មៃក៍ ភែន មិនបាន​សម្តែងការស្វាគមន៍រាក់ទាក់ដាក់គ្នាអ្វីបន្តិចឡើយ ​ទោះ​បីជា​បាន​អង្គុយនៅ​តែ​ប៉ុន្មាន​​ម៉ែត្រ​​​ពី​​គ្នា​ប៉ុណ្ណោះ​ក៏ដោយ ​ហើយ​លោក ភែន ក៏ទំនងជាបាន​បង្ហាញ ប្ញក​ពារ​មិន​សូវ​ជា​សប្បាយ​ចិត្ត​ប៉ុន្មាន​នោះ​ឡើយ ចំពោះភាពស្និទ្ធស្នាលរវា​ងកូរ៉េ​ទាំងពីរ នៅក្នុងពិធីនោះ។​

បើតាមក្រុមអ្នកជំនាញខ្លះ លោក មូន ជែអ៊ីន នឹងត្រូវបញ្ជូនប្រេសិតពិសេសទៅកាន់កូរ៉េខាងជើង ក្រោយពីបានកំណត់​ពេលវេលា​ដ៏សមរម្យសម្រាប់ ដំណើរទស្សនកិច្ច តាមរយៈការធ្វើទំនាក់ទំនងក៏ដូចជាពិភាក្សាយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដែលពាក់ព័ន្ធ​។ ​ខ្លះទៀតថា កូរ៉េខាងត្បូង ត្រូវបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីជជែកឲ្យលម្អិត​អំពី​កិច្ចប្រជុំកំពូល​​រវាង​ប្រទេសទាំងពីរ ខណៈ​ទីក្រុងសេអ៊ូល គួរតែរៀបចំយុទ្ធសាស្រ្តឲ្យបាន​​ច្បាស់លាស់អំពី របៀប​សម្របសម្រួលគោល​នយោ​បាយ​​កូរ៉េ​ខាង​​ជើង​របស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។

យ៉ាងណាមិញ ទំនាក់ទំនងកូរ៉េទាំងពីរ នឹងឈានដល់ដំណាក់កាលដ៏សំខាន់មួយទៀត នៅដើមខែមេសាខាងមុខ នៅពេលដែល​ទីក្រុង​សេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បន្តធ្វើសមយុទ្ធយោធារួមរបស់ខ្លួនឡើយវិញ បន្ទាប់ពីបានព្រម​ព្រៀង​គ្នាផ្អាកជាបណ្តោះសិន រហូត​ទាល់តែព្រឹត្តិការណ៍ អូឡាំពិក​ (ពីថ្ងៃទី០៩ ដល់ទីថ្ងៃទី២៥ ខែកុម្ភៈ) និងប៉ារ៉ាឡាំពិក (ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៨ ខែមីនា) បញ្ចប់ជាស្ថាពរ​៕

 

 
ព្រោះតែជាតិសាស្ត្រតែមួយ​ ពលរដ្ឋប្រទេសកូរ៉េខាងជើង និងខាងត្បូង ចង់ឲ្យរួបរួមគ្នា
 
ព្រោះតែជាតិសាស្ត្រតែមួយ​ ពលរដ្ឋប្រទេសកូរ៉េខាងជើង និងខាងត្បូង ចង់ឲ្យរួបរួមគ្នា
 
ព្រោះតែជាតិសាស្ត្រតែមួយ​ ពលរដ្ឋប្រទេសកូរ៉េខាងជើង និងខាងត្បូង ចង់ឲ្យរួបរួមគ្នា
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!