ស្ថានីយ​បណ្ដុះ​កូនឈើ​៨​ហិកតា របស់​អាជ្ញាធរ​ជាតិ​អប្សរា បណ្ដុះ​ប្រភេទ​ពូជឈើ​កម្រ​៥​ប្រភេទ នៅ​កម្ពុជា​

​ខេត្តសៀមរាប​៖ ព្រៃឈើ គឺ​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​រមណីយដ្ឋាន​អង្គរ និង​បាន​បំពេញ​តួនាទី​ស្នូល​ក្នុងការ​បង្កើន​គម្រប​ព្រៃឈើ បរិស្ថាន និង​អភិរក្ស​ក្នុង​រមណីយដ្ឋាន​អង្គរ​។ ក្នុងន័យនេះ ស្ថានីយ​បណ្ដុះ​កូនឈើ​៨​ហិកតា ជា​ស្ថានីយ​មួយ​ក្នុងចំណោម​ស្ថានីយ​ទាំង​៤ របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការងារ​បណ្ដុះ​កូនឈើ​សម្រាប់​ដាំ​ដុះ​ទាំង​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ចែកចាយ​ជូនទៅ​ដាំ​នៅ​ខាងក្រៅ​រមណីយដ្ឋាន​អង្គរ​។​

​លោក ស៊ិន សុ​ផា​ណា​រ៉េត បុគ្គលិក​ទទួលបន្ទុក​នៅ​ស្ថានីយ​បណ្ដុះ​កូនឈើ​៨​ហិកតា ឱ្យដឹងថា​ក្នុងចំណោម​ប្រភេទ​កូនឈើ​ជាច្រើន ស្ថានីយ​នេះ​បាន​បណ្ដុះ​ប្រភេទ​ឈើប្រណិត​កម្រ​ចំនួន​៥​ប្រភេទ​នៅ​កម្ពុជា ដូចជា​ឈើ​បេង ឈើ​គ្រញូង ឈើ​ធ្នង់ ឈើ​ច្រេះ និង​ឈើ​នាងនួន​។ ស្ថានីយ​បណ្តុះ​ប្រភេទ​កូនឈើ​ទាំងនោះ​ដោយ​ធ្វើការ​ប្រមូល​គ្រាប់ពូជ​ពី​ព្រៃ​ក្នុង​រមណីយដ្ឋាន​អង្គរ ការផ្តល់​ដោយ​វិស័យ​ឯកជន និង​ទិញ​ពី​ផ្សារ ដូចជា​ឈើ​នាងនួន​ជាដើម​។​

​លោក​បន្តថា ក្នុង​មួយឆ្នាំៗ​ស្ថានីយ​បណ្ដុះ​កូនឈើ​៨​ហិកតា​អាចមាន​លទ្ធភាព​បណ្ដុះ​កូនឈើ​ជា​មធ្យម​ជាង​២​ម៉ឺន​ដើម តែ​សម្រាប់​ឆ្នាំមុន ស្ថានីយ​បាន​បណ្ដុះ​រហូតដល់​ជិត​៥​ម៉ឺន​ដើម​។ ប៉ុន្តែ​ការបណ្ដុះ​កូនឈើ​ទាំងនេះ​មានការ​លំបាក​បន្ដិច ដោយសារ​ពូជ​ខ្លះ​ដូចជា​បេង ត្រូវការ​ស្រុះទឹកក្ដៅ និង​កាប់​ច្រៀក​វា​សិន ទើប​កូនឈើ​ទាំងនោះ​ឆាប់​ដុះ និង​ដុះ​ក្នុង​បរិមាណ​ច្រើន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close