ឯកឧត្តម វេ​ង សាខុន ចុះ​ពិនិត្យ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ស្រុក​ព្រៃកប្បាស

​ខេត្តតាកែវ​៖ នា​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក​ខាន់ សុខា អភិបាលរង​ខេត្ត អមដំណើរ​ជាមួយ​ដោយ​ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម និង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល និង​ខេត្តតាកែវ និង​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ដំណាំ​ស្រូវ និង​សហការី​បាន​អញ្ជើញ​ចុះមក​ពិនិត្យ និង​វាយតម្លៃ​លើ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ដើមរដូវ​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

​ធ្វើដំណើរ​មកដល់​ទីដៅ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​កសិករ​ប្រើប្រាស់​ទឹក​ប្រឡាយ​មេ​តា​ស៊ូ​ង ក្នុងភូមិ​ព្រៃ​តា​ពង ឃុំ​ពោ​រំចេក ដោយបាន​នាំយក​នូវ​ការ​ផ្តាំ​សួរសុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​លោក​តែង​តែង​នឹកគិត ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាកសិករ នៅ​ទូទាំងប្រទេស ជាពិសេស​ក្នុង​កាល​:​ទេស​:​ដ៏​លំបាក​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩​។
​ទោះជា​យ៉ាងណា សម្តេច​តែងតែ​នៅ​ជាមួយ​កសិករ​គ្រប់​កាល​:​ទេស​: គ្រប់​ស្ថានភាព មិន​ថា​ស្រាល ឬ​ធ្ងន់ ដោយបាន​ផ្តល់​ជា​កំលាំងចិត្ត និង​គាំទ្រ​ឲ្យ​បងប្អូន​យើង​ខិតខំ​ជំនះ​រាល់​ឧបសគ្គ ហើយ​ច្បាម​យក​ឱកាស​មាស​ដើម្បី​អភិវឌ្ឍ បង្កើន​សមត្ថភាព​ខ្លួន​ឲ្យ​បាន​រឹងមាំ​ក្នុង​ការផលិត​ស្បៀង ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​ក្នុងការ​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​ទាំង​បរិមាណ និង​គុណភាព​។ មិនតែប៉ុណ្ណោះ ត្រូវ​ចាប់យក​កាលានុវត្តភាព​នេះ​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម រួមគ្នា​បង្កើត​ការងារ និង​បង្កើន​ចំណូល​។

​នាឱកាស​នេះ លោក ភឿ​ក រ៉ុ​ន ប្រធាន​សហគមន៍​កសិក​រ​ប្រើប្រាស់​ទឹក​ប្រឡាយ​មេ​តា​ស៊ូ​ង បាន​ថ្លៃ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​បុព្វហេតុ​ប្រជាជន រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន និង​បាន​ជូនពរ​សម្តេច លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បុត្រា បុត្រី ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង ៤​ប្រការ​កុំបី​ឃ្លាងឃ្លាត​ឡើយ​។

លោក​ប្រធាន​សហគមន៍​បាន​បន្តថា ក្រោម​ការដឹកនាំ​របស់​សម្តេច កសិករ​ធ្វើស្រែ ដាំ​ដុះ​ដំណាំ មាន​លក្ខណ​ល្អប្រសើរ និង​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ជាក់ស្តែង​សហគមន៍​មាន​សមាជិក ១៧​គ្រួសារ មាន​ផ្ទៃដី​សរុប ១ ៥០២​ហ​ត ធ្វើស្រែ​បាន ២-៣​ដង​ក្នុង​មួយឆ្នាំ ទិន្នផល​ទទួលបាន ពី ៥-៨​ត​/​ហ​ត ដោយ​ប្រើប្រាស់​ទឹក​ពី​ប្រឡាយ​មេ​តា​ស៊ូ​ង ប្រវែង ៦ ៧៥៩​ម៉ សង់​នៅ​ឆ្នាំ​២០១៧ ក្រោយ​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​អូ​ស្ត្រ​លី តាមរយ​:​គម្រោង​ស្តីពី “​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា CAVAC” ។ ឈប់​ប្រើ​ពលកម្ម​សត្វពាហន​: សាប ឬ​ព្រោះ ច្រូតកាត់ បោក​បែន ប្រើ​គ្រឿងយន្ត​ទាំងអស់ ដល់ពេល​លក់​ស្រូវ​មាន​ឈ្មួញ​មក​ទិញ​ដល់​ស្រែ​តែម្តង​។

បច្ចុប្បន្ន​តម្លៃ​ស្រូវ ៨០០​រ​/kg ក្នុង ១​ហ​ត បន្ទាប់ពី​ទូទាត់​ថ្លៃដើម​រួច​អាច​បាន​ចំណូល ១​លាន​រៀល​។ ឆ្លៀតឱកាស​នេះ តាមរយ​:​ឯកឧត្តម​រដ្ឋមន្ត្រី លោក​ប្រធាន​សហគមន៍ តំណាង​ឲ្យ​សមាជិក បាន​ស្នើសុំ​រាជរដ្ឋាភិបាល​ជួយ​បញ្ចុះតម្លៃ​ភ្លើង​បូមទឹក​ដាក់​ស្រែ ដោយសារ​បច្ចុប្បន្ន​តម្លៃ​ភ្លើង​បូមទឹក​ចំណាយ​អស់ ៣០​ម៉ឺន​រៀល​/​ហ​ត​។

​ឯកឧត្តម​រដ្ឋមន្ត្រី បន្ទាប់ពី​បានឃើញ​ស្រូវ​ដើមរដូវ​លូតលាស់​ល្អ ប្រឡាយ​មេ​ចាក់​បេតុង ហូរ​ទឹក​ចូល​ស្រែ និង​ទឹកមុខ​កសិករ​រីករាយ សប្បាយចិត្ត​ដោយសារ​ផល​ស្រូវ លោក​បាន​សម្តែង​ទឹកចិត្ត​ចូលរួម​អបអរសាទរ និង​គាំទ្រ លើកទឹកចិត្ត​ដល់​សមាជិក​សហគមន៍​គ្រប់ៗ​ក្រុមគ្រួសារ​ឲ្យ​បន្ត​ខិត ខំ​បន្ថែមទៀត ដើម្បី​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការផលិត​ស្រូវ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ស្បៀង បង្កើន ប្រាក់ចំណូល ឈានទៅ​កាត់បន្ថយ​ភាពក្រីក្រ​។

​លោក​សុំ​ឲ្យ​កសិករ យកចិត្តទុកដាក់​ផងដែរ​អំពី​ពូជ ជី និង​ថ្នាំ​កសិកម្ម ធ្វើយ៉ាងណា​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ស្ថានភាព​ដី និង​ពេលវេលា​ដែល​ត្រូវ​ប្រើ ចៀសវាង​ប៉ះពាល់​ដល់​សុខភាព​ខ្លួនឯង អ្នក​បរិភោគ និង​បរិស្ថាន​។ បញ្ហា​នេះ លោក​បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បន្ត​ចុះជួយ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​បច្ចេកទេស​ដ​ល់​ពួកគាត់​។ លោក​សុំ​ឲ្យ​សមាជិក​សហគមន៍​ត្រូវ​ចូលរួម​ថែរក្សា​ស្ថានីយ និង​ប្រឡាយទឹក​ឲ្យ​បាន​គង់វង្ស ដើម្បី​ទុក​ប្រយោជន៍​យូ​អង្វែង​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី​ដែល​បាន និង​បន្ត​ជួយឧបត្ថម្ភ គាំទ្រ​លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រទេស​កម្ពុជា​។ ជាក់ស្តែង​គម្រោង​ស្តីពី កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា (CAVAC) ដែល​គម្រោង​នេះ​បាននិងកំពុង​ចូលរួម​អនុវត្ត​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​ក្រសួង​យ៉ាង​មាន​ប្រសិទ្ធភាព​។

​គម្រោង​នេះ​ពិតជា​បាន​ចូលរួម​ប្រើប្រាស់​សក្ដានុពល​ដែលមាន​ស្រាប់​សំដៅ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​ដំណាំ​ស្រូវ ដើម្បី​បង្កើត​ការងារ ធានា​សន្តិសុខ​ស្បៀង លើកកម្ពស់​កម្រិតជីវភាព កាត់បន្ថយ​ភាពក្រីក្រ និង​ជាពិសេស​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក្នុង​កាល​:​ទេស​:​ដែល​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ដោយសារ​ជំងឺឆ្លង​កូ​វី​ដ្​-១៩​។ ជាក់ស្តែង ដោយសារ​ប្រឡាយទឹក​នេះ ធ្វើ​ឲ្យ​កសិករ​ធ្វើស្រែ​បាន​ពី ២-៣​ដង និង​ទិន្នផល​ទទួលបាន ពី ៥-៨​ត​/​ហ​ត​។ ទិន្នផល​កើន ចំណូល​កើន សេដ្ឋកិច្ច​គ្រួសារ​រុងរឿង ទាំងអស់នេះ​គឺ​ដោយសារ​សន្តិភាព (​អរគុណ​សន្តិភាព​)៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close