ថៃសម្រេចដាក់ស្នើ “ល្ខោនខូន” ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
គណៈរដ្ឋមន្ត្រីថៃ បានយល់ព្រមសំណើតាមក្រសួងវប្បធម៌ដើម្បីដាក់បញ្ចូលល្ខោនខូន (Khon) ឬល្ខោនពាក់របាំងមុខ រួមទាំងការម៉ាស្សាបែបប្រពៃណី ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី ២៨មិនាសប្ដាហ៍មុន។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃលោក Vira Rojpojchanarat បានមានប្រសាសន៍ថា គណៈរដ្ឋមន្ត្រីបានយល់ព្រមតាមសំណើក្រសួងក្នុងការដាក់បញ្ចូលបេតិកភណ្ឌវប្បធម៌ទាំងពីរនេះកាលពីចុងខែមិនា។ បន្ទាប់ពីសម្រេចដាក់ស្នើ ក្រសួងត្រូវការរយៈពេលមួយឆ្នាំទៀត មុនពេលបញ្ជូនសំណើទៅកាន់រដ្ឋាភិបាលក្នុងសម័យប្រជុំលើកទី១២ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការពារសម្បត្តិបេតិកភណ្ឌអរូបីដើម្បីបញ្ជាក់ទទួលស្គាល់។ សម័យប្រជុំនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ៤ធ្នូ ដល់ទី ៨ធ្នូ ឆ្នាំ ២០១៧ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ល្ខោនខូន គឺជាបេតិកភណ្ឌវប្បធម៌ទីមួយក្នុងចំណោមបេតិកភណ្ឌវប្បធម៌ទាំង ៥ ដែលរដ្ឋាភិបាលថៃនឹងស្នើទៅកាន់អង្គការយូណេស្កូជាបន្តបន្ទាប់រហូតដល់ឆ្នាំ ២០២១។ យូណេស្កូ បានជំរុញឲ្យប្រទេសជាសមាជិកការពារសម្បត្តិបេតិកភណ្ឌអរូបីពិភពលោកដោយរួមមានការអនុវត្ត ចំណេះ ជំនាញ និងឧបករណ៍នានាដែលពាក់ព័ន្ធនឹងវប្បធម៌ ប្រពៃណី។
ប្រភពពីគេហទំព័រ និងជាទូរទស្សន៍ថៃ Thai PBS បានផ្សាយថា បន្ទាប់ពីដាក់ស្នើល្ខោនខូន និងប្រពៃណីម៉ាស្សាក្នុងឆ្នាំនេះ កីឡាប្រដាល់ Muay Thai, របាំល្ខោននរាហ៍ (Nora dance drama) និងម្ហូបប្រពៃណីថៃមួយ នឹងត្រូវស្នើដូចគ្នានៅឆ្នាំបន្តបន្ទាប់ខាងមុខ។
យោងតាមលោករដ្ឋមន្ត្រីខាងលើ ហេតុផលមួយដែលល្ខោនខូនត្រូវបានជ្រើសដាក់សំណើមុនគេ ព្រោះវាបានបង្ហាញពីឧត្ដមគតិដ៏ល្អឥតខ្ចោះនៃវប្បធម៌ថៃ។
ព្រះមហាក្សត្រិយានី ស៊ីរីគិត ជាមហេសីព្រះចៅភូមិបុល អាឌុលយ៉ាដេត ដែលទើបចូលទិវង្គត គឺអ្នកគាំទ្រដ៏សំខាន់មួយក្នុងការស្នើល្ខោនខូន និងទម្រង់សម្ដែង រួមទាំងការរចនាសំលៀកបំពាក់ផង។
ប្រភពដដែលសរសេរថា ល្ខោនខូន ត្រូវបានគេសម្ដែងដំបូងនៅសម័យអយុធ្យា ដែលជាទម្រង់ល្ខោនដកស្រង់ចេញពីរឿង រាមាយាណៈ រៀបរាប់ពីចម្បាំងរវាងព្រះរាមជាអវតាររបស់ព្រះវិស្ណុក្នុងសាសនាហិណ្ឌូ ជាមួយនឹងយក្សក្រុងរាពណ៍ ដែលបានចាប់ពង្រត់មហេសីព្រះរាម។
លើសពីនេះ ក្រសួងការបរទេសថៃក៏កំពុងរៀបចំធ្វើយ៉ាងណាឲ្យប្រទេសថៃក្លាយជាសមាជិកអនុសញ្ញាការពារបេតិកភណ្ឌវប្បធម៌អរូបីយូណេស្កូ ដែលបច្ចុប្បន្នមាន ១៥០ប្រទេសផងដែរ។
គួររម្លឹកដែរថា កាលដើមខែមិថុនាឆ្នាំ ២០១៦ សារព័ត៌មានថៃ Bangkok Post បានផ្សាយពីគម្រោងស្នើនេះ ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមខ្មែរមានការព្រួយបារម្ភពីអនាគតល្ខោនខោលកម្ពុជា ដោយសារល្ខោនខូនថៃមានទម្រង់លេង និងការស្លៀកពាក់ដូចល្ខោនខោលខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។