គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បំភ្លឺ​ការផ្លាស់ប្តូរ​ទីតាំង​ទីបញ្ជាការ​ជួរមុខ​ នៅ​មូលដ្ឋាន​សមុទ្រ​រាម

ខេត្ត​ព្រះសីហនុ​៖ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ (​គ​.​ជ​.​ស​.​ស​) កាលពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០ បានចេញ​សេចក្តីថ្លែងការណ៍​មួយ បំភ្លឺ​បន្ថែមទៀត​ចំពោះ​ការផ្លាស់ប្តូរ​ទីតាំង​ទីបញ្ជាការ​ជួរមុខ​របស់ខ្លួន នៅ​មូលដ្ឋាន​សមុទ្រ​រាម នៃ​កងទ័ពជើងទឹក ដែលជា​ទីតាំង​បណ្ដោះអាសន្ន​។

​ការចេញ​សេចក្តីថ្លែងការណ៍​នេះ​ដោយសារតែ​ក្នុងពេល​ថ្មីៗ​នេះ មានការ​បកស្រាយ​ដោយ​ភ័ន្តច្រឡំ​តាម​បណ្តាញ​ព័ត៌មាន​ខ្លះ​អំពី​ការផ្លាស់ប្តូរ​ទីតាំង​បញ្ជាការ​ជួរមុខ​របស់ គ ជ ស ស អគ្គលេខាធិការដ្ឋាន​។​ ​សេចក្តីថ្លែងការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បានឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ​២០១០ ទីបញ្ជាការ​ជួរមុខ​ដែលជា​អង្គភាព​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់​ចម្រុះ​ស្ថាប័ន បានរៀបចំ​ទីបញ្ជាការ​របស់ខ្លួន ដោយ​ស្នើសុំ​ផ្នែក​តូច​មួយ​របស់​មូលដ្ឋាន​សមុទ្រ​រាម នៃ​កងទ័ពជើងទឹក ជាទី​តាំង​បណ្ដោះអាសន្ន​។​

​ស្ថិតក្រោម​កម្មវិធី​នៃ​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ ប្រទេស​ជា​ដៃគូ​មួយចំនួន សហរដ្ឋអាមេរិក និង​ប្រទេស​អូស្ត្រាលី បានផ្តល់​ការគាំទ្រ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាតតូច និង​ការហ្វឹកហ្វឺន​ដល់ទី​បញ្ជាការ​ជួរមុខ​។ តែ​ទោះជា​ដូច្នេះ​ក្ដី​ដំណើរការ​នៃ​កិច្ចប្រតិបត្តិការ​របស់​ទីបញ្ជាការ​ជួរមុខ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​លទ្ធផល​ចម្រុះ គឺ​ជោគជ័យ និង​ការលំបាក ដែល​តម្រូវឱ្យ​មានការ​គិត​គួរ​អំពី​ការផ្លាស់ប្តូរ​ទីតាំង​។​

​ផ្អែកលើ​ទស្សនៈ​នេះ អគ្គលេខាធិការដ្ឋាន ត ជ ស ស បានធ្វើការ​សិក្សា​អំពី​គម្រោង​នៃ​ការ ផ្លាស់ប្តូរ​ទីតាំង​នេះ​យ៉ាង​ល្អិតល្អន់ ចាប់តាំងពី​ចុងឆ្នាំ​២០១៧ តរៀងមក​។ អនុលោម​តាម​ភាពចាំបាច់ និង​ស្មារតី​សហប្រតិបត្តិការ អគ្គលេខាធិការដ្ឋាន​ក៏បាន​ធ្វើការ​ជូនដំណឹង និង​ពន្យល់​អំពី​ហេតុផល​ដល់​ប្រទេស​ជា​ដៃគូ ជាពិសេស​សហរដ្ឋអាមេរិក អំពី​ផែនការ​ផ្លាស់ប្តូរ​ទីតាំង​នេះ ហើយក៏​ពុំបាន​ទទួល​នូវ​ការជំទាស់​ជា​ផ្លូវការ​ណាមួយ ចំពោះ​ការផ្លាស់ប្តូរ​នេះដែរ​។​

​ការផ្លាស់ប្តូរ​ទីតាំង​ទីបញ្ជាការ​ជួរមុខ​នេះ អនុលោម​ទៅតាម​ហេតុផល​សំខាន់ៗ​មួយចំនួន ដូចតទៅ​៖
-​ទីតាំង​ទីបញ្ជាការ​ជួរមុខ​បច្ចុប្បន្ន ស្នាក់អាស្រ័យ​ក្នុង​បរិវេណ​មូលដ្ឋាន​កងទ័ពជើងទឹក មាន​ទំហំ​តូច ធ្វើឱ្យ​ប្រសិទ្ធភាព​នៃ​កិច្ចប្រតិបត្តិការ​ចម្រុះ​ស្ថាប័ន មាន​កម្រិត និង​ជួប ការលំបាក​។ ឧទាហរណ៍​ជាក់ស្តែង​គឺ​ទីតាំង​នេះ ពុំ​មានតែ​សម្រាប់​ចត​នាវា​ពុំ​អាច​ពង្រីក​រចនាសម្ព័ន្ធ​តទៅទៀតបាន និង​មានការ​លំបាក​សម្រាប់​បុគ្គលិក​មកពី​ស្ថាប័ន ស៊ីវិល​នានា ក្នុងការ​ចេញចូល​ក្នុង​ទីតាំង​យោធា ដែល​តម្រូវឱ្យ​មានការ​រឹត​ដ្បិត​ផ្នែក​សន្តិសុខ​។​
-​ទីបញ្ជាការ​ជួរមុខ ត្រូវការ​ចាំបាច់​នូវ​ទីតាំង​សមស្រប​មួយ​ដែល​ប្រកបដោយ​ភាព​ឯករាជ្យ ក្នុងឋានៈ​ជា​ស្ថាប័ន​ជាតិ ងាយស្រួល​ក្នុង​ការចេញ​ប្រតិបត្តិការ ការធ្វើអន្តរាគមន៍ និង​ការជួយ​សង្គ្រោះ​។ លើសពីនេះ​ទីបញ្ជាការ​ជួរមុខ ត្រូវការ​ពង្រីក​និង​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន ទាំង​ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រសិទ្ធភាព​នៃ​កិច្ចប្រតិបត្តិការ ដែល​កិច្ចការ​នេះ ពុំ​អាច​ធ្វើបាន​សម្រាប់​ទីតាំង​ដែល​នៅក្នុង​មូលដ្ឋាន​សមុទ្រ​រាម​។​
-​ដូច្នេះ​នៅលើ​កោះ​ព្រាប​ដែលជា​ទីតាំង​ថ្មី មាន​អំណោយផល​សម្រាប់​ដោះស្រាយ​ការលំបាក​ដូច​បាន​ពោល​ខាងដើម​។

​អគ្គលេខាធិការដ្ឋាន គ ជ ស ស កំពុង ដំណើរការ​សាងសង់​ទីបញ្ជាការ​ជួរមុខ នៅលើ​កោះ​ព្រាប មាន​ទំហំ​ធំ និង​ចំនួន អាគារ​ច្រើនជាង​មុន តែ​ខិតខំ​ចៀសវាង​មិនឱ្យ​មានការ​បាត់បង់​នូវ​សមិទ្ធិផល ដែល​ប្រទេស​ជា​ដៃគូ បានផ្តល់​ឱ្យ​ផងដែរ​។ ទីតាំង​ថ្មី​របស់​ទីបញ្ជាការ​ជួរមុខ នឹង​ជួយ​សម្រួល និង​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ ដោយមាន​ការសាងសង់​ផែ​សម្រាប់​ចត នាវា​ផ្តល់​ភាពងាយស្រួល​នៅក្នុង​ទំនាក់ទំនង​រវាង​ស្ថាប័ន​ជាតិ​នានា ដែល​ពាក់ព័ន្ធ​ព្រមទាំង​ឯករាជ្យភាព​សម្រាប់​ការពង្រីក ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយ​ដៃគូ​អន្តរជាតិ តទៅ​ថ្ងៃ​អនាគត​។​

​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​បានប្រកាស​ដែរ​ថា ខ្លួន​នៅតែ​ប្រកាន់​ជំហ​យ៉ាង​ម៉ឺងម៉ាត់ នៅក្នុង​ស្មារតី​នៃ​ការរក្សា និង​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​ជិតស្និត ជាមួយ​បណ្ដា​ប្រទេស​ជា​ដៃគូ​ទាំងអស់ ប្រកបដោយ​តម្លាភាព និង​ការគោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ នៅតែ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត ចំពោះ​ការចូលរួម​ពី​សំណាក់​ដៃគូ​អន្តរជាតិ​នានា ដើម្បី​បង្កើន​សមត្ថភាព​ផ្នែក​ប្រតិបត្តិការ​របស់​ទីបញ្ជាការ​ជួរមុខ​តទៅ​ថ្ងៃ​អនាគត​។​

​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ សង្ឃឹមថា ជនរួមជាតិ​ក៏ដូចជា​មជ្ឈដ្ឋាន​ជាតិ និង អន្តរជាតិ​យល់​អំពី​ហេតុផល​ពិតប្រាកដ​នៃ​ដំណើរការ​នៃ​ការផ្លាស់ប្តូរ​ទីតាំង​នេះ​។ គោលដៅ​ចម្បង របស់​យើង​គឺ​បង្កើន​ប្រសិទ្ធភាព​របស់ គ ជ ស ស នៅក្នុង​ការបម្រើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល នៅក្នុង​វិស័យ​គ្រប់គ្រង​សន្តិសុខ​លម្ហ​សមុទ្រ​របស់​កម្ពុជា និង​ការបន្ត​លើកស្ទួយ​កិច្ច​សហ ប្រតិបត្តិការ​ជាមួយ​អន្តរជាតិ ប្រកបដោយ​តម្លាភាព និង​ការគោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​៕​

  

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close