ក្រសួង ប្រាប់​ឲ្យ​បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​ពលរដ្ឋ ក្នុងឱកាស​រៀបចំ​ពិធី​អុំទូក នៅតាម​ភូមិ​-​ឃុំ និង​ទីវ​ត្ត​អា​រ៉ា​ម​

​ភ្នំពេញ​៖ អនុវត្តន៍​តាម​ការណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, ក្រសួងសុខាភិបាល នៅ​ល្ងាច​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២០​នេះ បា​ចេញ​សេចក្តីណែនាំ​ថ្មី​មួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ស្តីពី​ការបង្ការ​ជំងឺ​កូ​វីដ​១៩ ក្នុងករណី​មានការ​រៀបចំ​ពិធី​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅតាម​ភូមិ​-​ឃុំ និង​នៅ​ទី​វត្ត​អា​រ៉ា​ម​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា ថ្វីត្បិតតែ​ឆ្នាំ​២០២០​នេះ កម្ពុជា​មិនមាន​ប្រារព្ធ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​រាជធានី​ភ្នំពេញ​ក៏ដោយ ក៏ប៉ុន្តែ​តាម​ការសង្កេតឃើញថា អាចមាន​ក្រុម​ប្រជាពលរដ្ឋ​ខ្លះ មាន​រៀប​ចំការ​ប្រណាំងទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដោយ​ក្រុម​តូចៗ​របស់គាត់​នៅតាម​ភូមិ​-​ឃុំ និង​នៅតាម​ទី​វត្ត​អា​រ៉ា​ម ឬ​នៅតាម​ផ្ទះសម្បែង ដែល​តម្រូវឱ្យ​មានការ​យកចិត្តទុកដាក់​យ៉ាង​ហ្មត់ចត់ ពី​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​អ្នករៀបចំ​ពិធី​នេះ ក្នុង​ការធានា​មិនឱ្យ​មានការ​ចម្លង​វីរុស​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​យើង​។​

​ក្រសួងសុខាភិបាល សូម​រំលឹក​ជូន​ថា ស្ថានភាព​នៃ​ការចម្លង​នៃ​វីរុស​កូ​វីដ​-១៩ នៅ​បណ្ដា​ប្រទេស​លើ​សកលលោក និង​នៅក្នុង​តំបន់ មិនទាន់​មានការ​ធូរស្បើយ​នៅឡើយ​ទេ ឯ​កំណើន​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ និង​ការស្លាប់​ដោយសារ​ជំងឺ​នេះ ក៏​នៅតែ​បន្ត​មាន ខ្ពស់​នៅឡើយ​ដែរ បើទោះបីជា​ប្រទេស​កម្ពុជា មិនទាន់មាន​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​ក៏ដោយ ក៏​ហានិភ័យ​នៃ​ការចម្លង វីរុស​ដ៏​កាច​សាហាវ​នេះ​នៅតែមាន ហើយ​ការចម្លង​អាច​កើតមានឡើង​គ្រប់ពេលវេលា​គ្រប់​កាលទេសៈ និង​គ្រប់​ទីកន្លែង​។
​ដូច្នេះ​ក្រសួងសុខាភិបាល សូម​ធ្វើការ​ក្រើនរំលឹក និង​អំពាវនាវ​សាជាថ្មី ជូន​ដល់​សាធារណជន ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ ថ្នាក់ក្រោម​ជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​យើង​ដោយ​ទាំងអស់គ្នា ត្រូវតែ​បន្ត​អនុវត្តតាម​ការណែនាំរ​បស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​បានធ្វើ​ជារឿយៗ ។​

​ក្រសួងសុខាភិបាល​បន្ត​ថា ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ភូមិ​-​ឃុំ មាន​រៀបចំ​ពិធី​អបអរសាទរ​ព្រះ​រាជពិធី​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ ក្រសួង​សូម​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មិន​ត្រូវមាន​ការជួប​ជុំគ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​ឡើយ ហើយ​ត្រូវ​ចាត់ចែង​រៀប​ចំការ​ប្រណាំងទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ទៅតាម​ភូមិ​-​ឃុំ វត្ត​អា​រ៉ា​ម (​មិនត្រូវ​ធ្វើ​នៅ​ថ្នាក់​ខេត្ត​ឡើយ ដែល​បង្កឱ្យមាន​ការប្រមូល​ផ្តុំគ្នា​ច្រើនពេក​) ទៅតាម​ស្ថានភាព​ជាក់ស្តែង និង​ទីតាំង​ដែល​អាច​ធ្វើបាន​តែប៉ុណ្ណោះ ដោយ​ចាំបាច់​ត្រូវធ្វើ​ក្នុង​ទ្រង់ទ្រាយ​តូចៗ ដែល​ចំណុះ​ទូក​នីមួយៗ មិនឱ្យ​លើសពី​១០​នាក់ និង​មិនឱ្យ​លើសពី​៦​ទូក ក្នុង​មួយ​ពិធី​ហើយ​មិនឱ្យ​លើសពី​៦០​នាក់ សម្រាប់​អ្នក​ចូល​ទស្សនា ព្រមទាំង​ត្រូវ​ឱ្យមាន​គម្លាត​សុវត្ថិភាព​បុគ្គល​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close