កម្ពុជា កំពុង​បង្កើត​ផែនទី​ចង្អុល​ផ្លូវ ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍ ២០២០-២០២៥

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បាន​ផ្ដួចផ្ដើម​បង្កើត​សេចក្ដីព្រាង ផែនទី​ចង្អុល​ផ្លូវ ស្តីពី ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍ ក្នុងដំណាក់កាល វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ដំណាក់​ក្រោយ​វិបត្តិ ដែលមាន​រយៈពេល​៥​ឆ្នាំ (២០២០-២០២៥)​។​
​ដើម្បី​សម្រេចបាន ផែនដី​ចង្អុល​ផ្លូវ ខាងលើ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ ក្រសួងទេសចរណ៍ បាន​ជួបប្រជុំ​ពិគ្រោះ​ពិភាក្សា ជាមួយ​ផ្នែក​ឯកជន ក្នុង​វិស័យ​ទេសចរណ៍ ក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ មុននឹង​ដាក់​ឆ្លង គណៈកម្មការ​ជាតិ អភិវឌ្ឍន៍​ទេសចរណ៍ នាពេលខាងមុខ ក្រោម​អធិបតីភាព​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ហើយនឹង​បន្ត​ដាក់​ឆ្លង​រាជរដ្ឋាភិបាល​នាពេល​ខាងមុខនេះ​ផងដែរ​។​

​ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ឱ្យដឹងថា សៀវភៅ​ផែនទី ចង្អុល​ផ្លូវ​នេះ​មាន ៣ ដំណាក់កាល​៖
* ដំណាក់កាល់​ទី​១ ជាការ​គ្រប់គ្រង វិបត្តិ​ក្នុងដំណាក់កាល ប្រក្រតី​កម្ម​ថ្មី (New Normal) និង​រៀបចំ ផែនការ សម្រាប់​ការ​ស្តារឡើងវិញ​
* ដំណាក់កាល​ទី​២ ជាការ​ស្តារឡើងវិញ នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩
* ដំណាក់កាល​ទី​៣ ជាការ​រៀបចំ ឆ្ពោះទៅកាន់​អនាគត​ថ្មី នៃ​វិស័យ​ទេសចរណ៍​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​ស្នើ​ទៅកាន់ អង្គប្រជុំ ដែលមាន​ការចូលរួម​ពី ផ្នែក​សាធារណៈ និង​ផ្នែក​ឯកជន ឱ្យចូល​រួម អនុវត្ត​ការងារ មួយចំនួន រួមមាន​៖
​ទី​១៖ បន្ត​ជំរុញ​វិធានការ គាំទ្រ​ផ្នែក​សេដ្ឋកិច្ច និង​ការងារ ពិសេស​ជំរុញ​ការ ផ្តល់​ជា​កញ្ចប់ ថវិកា ឬ​មូលនិធិ របស់​រាជរដ្ឋាភិបាល ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ក្នុង វិស័យ​ទេសចរណ៍ និង​សហគ្រិន​វ័យក្មេង ក្នុង​វិស័យ​ទេសចរណ៍ ដែលមាន​គំនិត​ច្នៃប្រឌិត ព្រម​ជាមួយនឹង ការពង្រីក​ការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍ បន្ថែម និង​រក្សា​ការងារ​ឱ្យ បាន​អតិបរមា​។​
​ទី​២៖ បន្ត​អនុវត្ត​វិធាន សុវត្ថិភាព​ទេសចរណ៍ ក្នុង​ជំហាន​ទី​១ និង​ដាក់ចេញ​ជំហាន បន្តបន្ទាប់​ទៀត​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់​។​
​ទី​៣៖ ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ឱ្យបាន​ច្រើន ដើម្បី​បង្កើន​ភាព ជឿទុកចិត្ត និង​ភាពជឿជាក់ តាមរយៈ​ការផ្សព្វផ្សាយ តាម​ថ្នាល​ឌីជីថល​ផ្សេងៗ​គ្នា ទៅតាម​ទីផ្សារ អាទិភាព​នីមួយៗ (​ក្រៅពី​ការផ្សព្វផ្សាយ​បច្ចុប្បន្ន​) ពិសេស​ផ្សព្វផ្សាយ​ប្រកបដោយ​គុណភាព និង​ជំនាញ​ទៅតាម​គោលដៅ​អាទិភាព និង​ពង្រឹង​តួនាទី​របស់​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍​តាម​រាជធានី​-​ខេត្ត ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​កាន់តែច្រើន​។​
​ទី​៤៖ ជំរុញ​ចលនា ទេសចរណ៍​ក្នុងស្រុក និង​ទេសចរណ៍​ផ្ទៃក្នុង តាមរយៈ​ការបង្កើត កញ្ចប់​ទស្សនកិច្ច​ថ្មីៗ ដែលមាន​ភាព ទាក់ទាញ និង​កំណត់​តម្លៃ​សមរម្យ​។​

​ទី​៥៖ ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ថ្មីៗ តាម​តំបន់​អាទិភាព​នានា រួមមាន​រាជធានី​ភ្នំពេញ និង​តំបន់​ជុំវិញ ខេត្តសៀមរាប និង​តំបន់​ជុំវិញ តំបន់ឆ្នេរ​សមុទ្រ និង​តំបន់​ជុំវិញ តំបន់​ឦសាន និង​តំបន់​ជុំវិញ ស្របតាម​ទស្សនទាន «​ស្អាត និង​បៃតង​»​។​
​ទី​៦៖ រៀបចំ​បង្កើត និង​អនុវត្ត​យន្តការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ពិសេស​ភ្ញៀវទេសចរ​មកពី​បណ្តា​ប្រទេស​អាស៊ាន និង​អាស៊ាន​បូក​បី តាមរយៈ​ការរៀបចំ Green Travel Bubble ការរៀបចំ​ការធ្វើដំណើ​រ​ទេសចរណ៍​ដោយ​ខ្លួនឯង និង​ការបង្កើតឱ្យមាន​ទិដ្ឋាការ​ពិសេស សម្រាប់​ការធ្វើដំណើរ​រយៈពេល​យូរ​ជាដើម​។​
​ទី​៧៖ រៀបចំ​យន្តការ​ដឹកនាំ និង​អនុវត្ត​ដែលមាន​សមត្ថកិច្ច​ពេញលេញ និង​សិទ្ធិ​សម្រេច​ក្នុងការ​អនុវត្ត​សកម្មភាព​យុទ្ធសាស្ត្រ​នៃ​ផែនទី​ចង្អុល​ផ្លូវ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​អង្គប្រជុំ ឯកភាព​ថា​ការរៀបចំ ផែនទី​ចង្អុល​ផ្លូវ​នេះ នឹង​ក្លាយជា​យន្តការ ដ៏​មាន​សារៈសំខាន់ ចាំបាច់ សម្រាប់​ការឆ្លើយតប​ទៅនឹង ស្ថានភាព នាពេល​បច្ចុប្បន្ន ក៏ដូចជា​អនាគត ដែលជា​ផ្នែក​មួយ​សំខាន់ នៃ​ចក្ខុវិស័យ​កម្ពុជា នឹងត្រូវ​សម្រេច​ឱ្យបាន ខណៈ​វិស័យ​ឯកជន ក៏បាន​បង្ហាញ​ការគាំទ្រ ភាគច្រើន​ជាមួយ ផែនការ​សកម្មភាព ដែល​ក្រសួងទេសចរណ៍ បានលើកឡើង​ក្នុង​សេចក្តីព្រាង ផែនទី​ចង្អុល​ផ្លូវ​រួចហើយ​។​

​ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏​កំពុងតែ​គិត​លើ​ការត្រៀម ទទួល​ទេសចរ​បរទេស តាមរយៈ​ការរៀបចំ កញ្ចប់​ទស្សនកិច្ច Green Travel Bubble ខណៈ​បច្ចុប្បន្ន​កម្ពុជា កំពុង​ពិភាក្សា ជាមួយ​ចិន ជប៉ុន កូរ៉េខាងត្បូង សិង្ហ​បុរី ថៃ និង​ប្រទេស​វៀតណាម​។ ក្រៅពីនេះ ក៏មាន​ការបណ្ដុះបណ្ដាល ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ បន្ថែម​ផងដែរ ដូចជា ការបង្រៀន​តាម​ប្រព័ន្ធ អន​ឡាញ​ជា​ជំហានៗ​ជាដើម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close